jump to navigation

តើ​កម្ពុជា​អាច​យក​បញ្ហា​ព្រះវិហារ​ទៅ​តុលាការ​អន្តរជាតិ​បាន​ដែរ​ឬ​ទេ? February 17, 2010

Posted by chandrapong007 in Cambodia, History, Politics.
1 comment so far

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 14/02/2010 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  14/02/2010 14:20 ម៉ោងសកល

នៅ ​ក្នុង​ពេល​ដែល​ស្ថានភាព​ព្រំដែន​​កម្ពុជា-ថៃ កំពុង​តែ​មាន​ភាព​តានតឹង​ខ្លាំងឡើង ទាំង​ផ្នែក​យោធា និង​​នយោបាយ រដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ប្រកាស​ព្រមាន​ផងដែរ​ថា នឹង​នាំ​យក​បញ្ហា​ព្រះវិហារ​នេះ​ទៅកាន់​តុលាការ​អន្តរជាតិ ឬ​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ក៏ប៉ុន្តែ លោក​អាភិស៊ីត វេចាជីវ៉ា នាយក​រដ្ឋមន្រ្តី​ថៃ បាន​បដិសេធ​រួចជា​ស្រេច​ទៅ​ហើយ​ថា នឹង​មិនព្រម​ឲ្យ​​តុលាការ​អន្តរជាតិ​​លូកដៃ​ចូល​ក្នុង​រឿងព្រះវិហារ​នេះ​ ម្តងទៀតនោះទេ។

កម្ពុជា​ព្រមាន​ថា​នឹង​យក​រឿង​ព្រះវិហារ​ទៅ​តុលាការ​ក្រុងឡាអេ

ប្រសិនបើ​គ្មាន​ការ​ឯកភាព​ពី​ខាង​ភាគីថៃ តើ​កម្ពុជា​អាច​យក​បញ្ហា​ព្រំដែន​ព្រះវិហារ​ទៅ​តុលាការ​ក្រុងឡាអេ​បាន​ដែរឬទេ?

ជាការ ​ពិត​​ថា តុលាការ​យុត្តិធម៌​​អន្តរជាតិ​ (តុលាការ​ក្រុង​ឡាអេ) មាន​លក្ខណៈពិសេស មិនដូច​​ជា​តុលាការ​ជាតិ​នោះ​ទេ។ តុលាការ​ក្រុង​ឡាអេ អាច​យក​សំណុំរឿង​មួយ​មក​ជំនុំជម្រះបាន ​ទាល់តែ​​រដ្ឋ​ជា​ភាគី​​ជម្លោះ​ យល់​ព្រម​ទាំង​អស់គ្នា សុខចិត្ត​ឲ្យ​​តុលាការ​នេះ​​កាត់ក្តី ទើប​តុលាការ​អាច​មាន​សមត្ថកិច្ច​ជំនុំជម្រះ​លើ​សំណុំរឿងនេះ​បាន។ ក៏ប៉ុន្តែ នេះ អនុវត្ត​ សម្រាប់​​​តែ​សំណុំរឿង​ថ្មី​ប៉ុណ្ណោះ។

ក្នុង​សំណុំរឿង​ ព្រះវិហារ​ តុលាការ​ក្រុងឡាអេ​ធ្លាប់​បាន​ជំនុំជម្រះ​ ហើយ​ចេញ​ជា​សាលក្រម​រួច​ទៅហើយ កាល​ពី​ឆ្នាំ​១៩៦២។ រយៈពេល​​ក្នុង​ការ​ប្តឹង​ទាស់ (១០ឆ្នាំ ក្រោយ​ថ្ងៃ​ចេញ​សាលក្រម) ក៏​ហួស​ជាយូរ​មក​ហើយ​ដែរ។

លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ព្រំដែន​ខ្មែរ ដែល​មាន​ប្រសាសន៍ ក្នុង​បទយកការណ៍​របស់​លាង ដឺលុច (វិទ្យុ RFI) កាល​ពី​​ថ្ងៃ​សៅរ៍ ទី១៣ កុម្ភៈ ២០១០​ បាន​ឲ្យ​ដឹង​ថា កម្ពុជា​មិន​មាន​គម្រោង​យក​រឿងព្រះវិហារ​ទៅ​ឲ្យ​តុលាការ​ក្រុង​ឡាអេ​ កាត់ក្តី​ឡើងវិញទេ។ ​​កម្ពុជា​​គ្រាន់តែ​ចង់​​ស្នើសុំ​ឲ្យ​តុលាការ​ក្រុងឡាអេ បកស្រាយ​ពន្យល់​ឡើងវិញ នូវ​អត្ថន័យ​នៃ​សាលក្រម ឆ្នាំ​១៩៦២​នេះ​ប៉ុណ្ណោះ។

នៅ ​ក្នុង​ករណី ដែល​កម្ពុជា​ចង់​ប្តឹង​ឲ្យ​តុលាការ​ក្រុងឡាអេ ពន្យល់​ បកស្រាយ​ សាលក្រម​​​ ឆ្នាំ​១៩៦២​នេះ ​តុលាការ​ក្រុងឡាអេ មិន​តម្រូវ​ឲ្យ​មាន​ការ​ឯកភាព​ពី​ខាង​ភាគី​ថៃ​នោះទេ។ ភាគី​កម្ពុជា​អាច​ស្នើ​សុំ​ទៅ​តុលាការ​ក្រុងឡាអេ​តែម្នាក់ឯងបាន។

មាត្រា ៦០ នៃ​លក្ខន្តិកៈ​របស់​តុលាការ​ក្រុងឡាអេ ចែង​យ៉ាងច្បាស់ថា នៅ​ក្នុងករណី​ដែល​មាន​ការខ្វែងគំនិត​គ្នា លើ​អត្ថន័យ ឬ​ក៏​ទៅលើ​​វិសាលភាព​នៃ​សាលក្រម​របស់​តុលាការ តុលាការ​មាន​សមត្ថកិច្ច​ធ្វើ​ការ​បកស្រាយ​ពន្យល់ តាម​សំណើ​របស់ ​ភាគី​ណាមួយ​ក៏បាន ក្នុង​ចំណោម​គូភាគី​ជម្លោះ។

តើ ​សាលក្រម​ឆ្នាំ​១៩៦២ មាន​ចំណុច​​ត្រង់ណា​ដែល​មិនច្បាស់​ បាន​ជា​កម្ពុជា​​ចាំបាច់​ត្រូវ​សុំ​តុលាការ​ក្រុងឡាអេ​ឲ្យ​ធ្វើ​ការ​បកស្រាយ ​ឡើង​វិញ​​ដូច្នេះ?

ការស្នើសុំ​ឲ្យ​តុលាការ​ក្រុងឡាអេ​ ធ្វើ​ការ​ពន្យល់​បកស្រាយ​ឡើងវិញ​នេះ មិនមែន​​មកពី សាលក្រម​​ឆ្នាំ​១៩៦២​មាន​ភាព​ស្រពិចស្រពិល ដែល​ធ្វើ​ឲ្យ​​​រដ្ឋាភិបាល​កម្ពុជា​មិន​យល់​ ឬ​យល់​មិនច្បាស់​នោះទេ។ បញ្ហា​ គឺ​មកពី​ខាង​ភាគី​ថៃ ដែល​ធ្វើ​ការ​បកស្រាយ​​សាលក្រម​នេះ​ ​ខុស​ពីខ្លឹមសារ​ដើម។

ថៃ​បាន​បកស្រាយថា ក្នុង​សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​ក្រុងឡាអេ​​កាត់ក្តី​តែ​ទៅ​លើ​តួ​ប្រាសាទ​ព្រះវិហារ​ប៉ុណ្ណោះ ហើយ​មិន​បាន​និយាយ​ទៅ​ដល់​ដី​ជុំវិញ​ព្រះវិហារ​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ថៃ​តែងតែ​ទាមទារ​ថា ដីជុំវិញ​ប្រាសាទព្រះវិហារ​ជា​ដីថៃ បង្កើត​បាន​ទៅ​ជា​​​តំបន់​ជម្លោះ ៤,៦​គីឡូម៉ែត្រ​ការ៉េ សព្វថ្ងៃនេះ។

មានទាំង​អ្នកនយោបាយ​ថៃ​ខ្លះ​បាន​​ ​​​អះអាងទៅទៀតថា តុលាការ​ក្រុងឡាអេ​កាត់តែតួ​ប្រាសាទ​ព្រះវិហារ​ទេ​ឲ្យ​មក​ខ្មែរ ចំណែក​ដី មិនត្រឹមតែ​ដីជុំវិញ​ទេ សូម្បី​តែ​ដី​នៅ​ពីក្រោម​ប្រាសាទ ក៏​ជាដី​​របស់​ថៃ​ដែរ។

ដោយ​មកពី​​ភាគី​ថៃ ធ្វើ​ការ​បកស្រាយ​សាលក្រម​តាមតែ​អំពើ​ចិត្ត ខុសពី​ខ្លឹមសារ​ដើម​​ដូច្នេះ​ហើយ ទើប​កម្ពុជា​ត្រូវ​ស្នើសុំ​ឲ្យ​តុលាការ​ក្រុងឡាអេ​ធ្វើ​ការបកស្រាយ ពីព្រោះ​ថា មានតែ​តុលាការ​នេះ​ទេ ដែល​មាន​សមត្ថកិច្ច​​ពន្យល់ បកស្រាយ អំពី​អត្ថន័យ ឬ​វិសាលភាព​នៃ​សេចក្តី​សម្រេច​របស់​ខ្លួន។ ការបកស្រាយ​របស់​តុលាការ​ក្រុងឡាអេ គឺ​ជា​ការ​បកស្រាយ​ដែល​មាន​អំណាច​ផ្លូវច្បាប់​ដល់​គូភាគី​។

តើ​ក្នុង​សាលក្រម ឆ្នាំ​១៩៦២ ចៅក្រម​កាត់សេចក្តី​តែ​ពី​តួប្រាសាទ​ព្រះវិហារ ឬ​ក៏​បាន​កាត់ក្តី​ពី​ដីជុំវិញ​ប្រាសាទ​ដែរ?

សាលក្រម ចុះថ្ងៃ​ទី១៥ មិថុនា ឆ្នាំ​១៩៦២ របស់​តុលាការ​ក្រុងឡាអេ គេ​មិន​ឃើញ​​ត្រង់​កន្លែង​ណា​ ដែល​សរសេរ​​ថា “​ប្រាសាទ​ព្រះវិហារ​ ជា​របស់ កម្ពុជា​” នោះទេ។

ឃ្លា ​ពិតប្រាកដ​ នៃ​​​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ​ ក្នុង​សាលក្រមនេះ (ទាំង​សាលក្រម​ជា​ភាសា​បារាំង ទាំង​​សាលក្រម​ជាភាសា​អង់គ្លេស) ​ចែង​ថា៖ “ប្រាសាទព្រះវិហារ​ មានទីតាំង​ស្ថិត​នៅ​លើ​ដី ដែល​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​កម្ពុជា

បើ ​យោង​ទៅ​លើ​ឃ្លានេះ ចៅក្រម​តុលាការ​ក្រុង​ឡាអេ កាត់សេចក្តី​​ឲ្យ​ប្រាសាទព្រះវិហារ​មក​ឲ្យ​ខ្មែរ មិនមែន​ដោយ​សារ​តែ​នៅលើ​តួប្រាសាទនេះ​មាន​ឆ្លាក់​អក្សរ “ជា​របស់​ខ្មែរ” ឬ​ក៏​​មាន​ចុះលេខ​សម្គាល់​កម្មសិទ្ធិ​ថា​ជារបស់​ខ្មែរ​នោះ​​ទេ! ​តួប្រាសាទ​មិន​មែន​ជា​ទឡ្ហីករណ៍​នៃ​សេចក្តី​សម្រេច​របស់​ចៅក្រម​នោះទេ។

ទឡ្ហីករណ៍ ​ចម្បង​របស់​តុលាការ គឺ​ដី ដែល​ប្រាសាទ​ព្រះវិហារ​​តាំងនៅ៖ ​ប្រាសាទ​ព្រះវិហារ​​​ត្រូវ​ប្រគល់​មក​ឲ្យ​ខ្មែរ ព្រោះ​ប្រាសាទនេះ​ ស្ថិត​នៅ​លើ​ដី​ខ្មែរ

ដូច្នេះ ​ មុននឹង​​ឈាន​ដល់​ការ​សន្និដ្ឋាន​បែបនេះ ចៅក្រុម​តុលាការ​ក្រុងឡាអេ បាន​ កាត់សេចក្តី​ជា​លំដាប់​លំដោយ ដោយ​ចាប់​ផ្តើម​​ពី​ការ​កំណត់​ព្រំដែន​ខ្មែរ-ថៃ​ជាមុន ​ដើម្បី​រក​ឲ្យ​ឃើញ​ថា ដី​​ម្តុំ​ប្រាសាទ​ព្រះវិហារ​នេះ​​ជា​ដី​របស់​ខ្មែរ ឬ​ដី​របស់​ថៃ។

ដើម្បី​កំណត់​ព្រំដែននេះ ​តុលាការ​ក្រុងឡាអេ បាន​យក​​ផែនទី​ឧបសម្ព័ន្ធ​ទី១ (ដែល​ហៅថា​ផែនទី​ដងរែក) ភ្ជាប់​នឹង​សន្ធិសញ្ញា​បារាំង​-សៀម ចុះ​ឆ្នាំ​១៩០៤-១៩០៧ មក​ធ្វើ​ជា​សំអាង ដោយ​​ចៅក្រម​​បាន​កំណត់​ថា ខ្សែព្រំដែន ដែល​មាន​នៅលើ​ផែនទីនេះ ទើប​ជា​ព្រំដែន​ស្របច្បាប់​អន្តរជាតិ រវាង​កម្ពុជា និង​ថៃ។

ផែនទី​ឧបសម្ព័ន្ធ​ទី១ ដែល​តុលាការ​ក្រុងឡាអេ​យក​មកធ្វើ​ជាសំអាង ក្នុង​សាលក្រម​ថ្ងៃ​ទី១៥ មិថុនា ១៩៦២ (ចំណុចក្រហម​៖ តួប្រាសាទព្រះវិហារ)

យោង​តាម​ផែនទី​នេះ ព្រំដែន​ខ្មែរ-ថៃ​ ស្ថិត​នៅ​ហួស​ពី​ប្រាសាទព្រះវិហារ​​​ទៅខាង​ថៃ រាប់រយម៉ែត្រ​ទៅទៀត មិនមែន​កាត់​ត្រឹម​ជើង​ជណ្ដើរ​ឡើង​ប្រាសាទ ដូច​ផែនទី​ថៃ​គូស​ជា​ឯកតោ​ភាគី​សព្វថ្ងៃ​នេះ​ទេ។

ដោយ​មើល​ឃើញ​ថា យោងតាម​ខ្សែព្រំដែន​អន្តរជាតិ ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​របស់​ខ្មែរ​ដូច្នេះ​ហើយ ទើប​តុលាការ​បាន​សម្រេច​ជាចុងក្រោយ (ចៅក្រម ៩រូប​ស្រប ៣​រូប​ជំទាស់) ថា ប្រាសាទព្រះវិហារ​ត្រូវ​ប្រគល់​មក​ឲ្យ​ខ្មែរ។

លើស​ពីនេះ​ទៅទៀត​ ចៅក្រម​តុលាការ​ក្រុងឡាអេ​​ថែមទាំងបាន​ដាក់​កំហិត​ឲ្យ​ថៃ​ដក​កម្លាំង​ ប្រដាប់​អាវុធ​ទាំងអស់​ចេញ​ពី​​ប្រាសាទព្រះវិហារ និង​ចេញ​ពី​ទីតាំង​ជុំវិញ​ប្រាសាទព្រះវិហារដែល​​ជា​ទឹកដី​របស់​ខ្មែរ

នេះ ​​បញ្ជាក់​កាន់តែ​ច្បាស់​ទៀត​ថា សាលក្រម​ឆ្នាំ​១៩៦២ កំណត់​ច្បាស់​​ថា ទាំង​តួប្រាសាទ​ព្រះវិហារ​ ទាំង​ដីជុំវិញ​ប្រាសាទ​រហូត​ដល់​ខ្សែព្រំដែន ដែល​មាន​ក្នុង​ផែនទី “ដងរែក” (ឧបសម្ព័ន្ធទី១) គឺ​ជា​របស់​កម្ពុជា។ ថៃ​ត្រូវ​តែ​ដក​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ចេញ​ពី​ ក្នុង​ប្រាសាទ និង​ពី​លើទឹកដី​ជុំវិញ​ប្រាសាទ

ចុះ ​ប្រសិន​បើ​ប្តឹង​ទៅ​តុលាការ​ក្រុងឡាអេ ហើយ​តុលាការ​ធ្វើ​ការបកស្រាយ​ច្បាស់ៗ​ថា ទាំងតួប្រាសាទព្រះវិហារ ទាំងដី​ជុំវិញ​ប្រាសាទ​ជា​របស់​ខ្មែរ ប៉ុន្តែ ថៃ​នៅតែ​ចចេស​មិន​ព្រម​ទទួល​យក តើ​កម្ពុជា​អាច​ធ្វើ​យ៉ាងម៉េច​ទៀតបាន?!

កម្ពុជា ​អាច​ប្តឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន ព្រោះ ក្រុមប្រឹក្សា​សន្តិសុខ គឺ​ជា​ស្ថាប័ន ដែល​មាន​សមត្ថកិច្ច​ធានា​ការ​អនុវត្ត​សេចក្តី​សម្រេច​​របស់​តុលាការ​ក្រុង​ ឡាអេ។

ចំណុច​​នេះ​មាន​ចែង​ច្បាស់ ក្នុង​​​មាត្រា ៩៤ នៃ​ធម្មនុញ្ញ​សហប្រជាជាតិ ដែល ​​ថា នៅ​ក្នុង​ករណី​ ដែល​មាន​ភាគី​មួយ​មិន​សុខចិត្ត ដោយ​មកពី​ភាគី​មួយ​ទៀត​មិនព្រម​គោរព​តាម​កាតព្វកិច្ច​កំណត់​ដោយ​សាលក្រម​ តុលាការ​អន្តរជាតិ​ក្រុងឡាអេ ភាគី​នោះ​អាច​ស្នើសុំ​​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ ​​ឲ្យ​ចាត់វិធានការ ដើម្បី​បង្ខំ​ឲ្យ​​ភាគី​ម្ខាង​ទៀត​អនុវត្ត​តាម​សាលក្រម។

ការប្តឹង​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​នេះ ក៏​មិនចាំបាច់​មាន​ការ​ឯកភាព​យល់ព្រម​ ពី​សំណាក់​ភាគីថៃ​​នោះដែរ។

ក៏ប៉ុន្តែ ដូចយើង​ដឹង​ស្រាប់​ហើយ​ថា ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ គឺ​ជា​ស្ថាប័ន​នយោបាយ ដែល​​មាន​សមាជិក​ជា​រដ្ឋ ដែល​អាច​មាន​ជាប់​ផលប្រយោជន៍​ជាមួយ​ប្រទេស​ថៃ។ ដូច្នេះ បើ​ចង់​ឲ្យ​​​ក្រុមប្រឹក្សា​សន្តិសុខ​​​ទទួល​យក​សំណុំរឿង​ព្រះវិហារ​ ​ ដាក់​បញ្ចូល​ទៅ​ក្នុង​របៀបវារៈ​ប្រជុំ រដ្ឋាភិបាល​កម្ពុជា​​ត្រូវ​តែ​មាន​ភាព​វៃឆ្លាត ក្នុង​ការ​បញ្ចុះបញ្ចូល​ (Lobby) ប្រទេស​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​​ ជាពិសេស សមាជិក​អចិន្រ្តៃយ៍​ទាំង​៥ ​(សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង ចិន និង​​រុស្ស៊ី)៕

Source: http://www.rfi.fr/actukm/articles/122/article_4526.asp

Prasath Preah Vihear Khmer Heritage January 2, 2010

Posted by chandrapong007 in Cambodia, Entertainment, History.
add a comment