កាសែតថៃផ្តោតលើជម្លោះពាក្យសម្តីរវាងនាយករដ្ឋមន្រ្តីខ្មែរ និងថៃ October 26, 2009
Posted by chandrapong007 in Cambodia, Politics.add a comment
ដោយ សេង ឌីណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 24/10/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 24/10/2009 14:06 ម៉ោងសកល
សមាគម នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានចាប់បើកជំនួបកំពូលប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃសុក្រ ម្សិលមិញ នៅហួរហ៊ីន ប្រទេសថៃ។ ក៏ប៉ុន្តែ ជំនួបកំពូលអាស៊ាននេះបានក្លាយទៅជាសមរភូមិពាក្យសម្តីរវាង នាយករដ្ឋមន្រ្តីខ្មែរ និងថៃ ទៅវិញ។ ការបោះពាក្យសម្តីដាក់គ្នារវាងប្រមុខរដ្ឋាភិបាលទាំងពីរ ត្រូវបានកាសែតថៃយកមកចុះផ្សាយព្រោងព្រាត តាំងពីម្សិលមិញ រហូតមកទល់ថ្ងៃសៅរ៍នេះ។
“សង្រ្គាមនៅជំនួបកំពូល” នេះគឺជាចំណងជើង នៅលើទំព័រមុខនៃវែបសៃត៍របស់កាសែតជាភាសាអង់គ្លេស Bangkok Post។ សង្រ្គាមពាក្យសម្តីរវាងនាយករដ្ឋមន្រ្តីខ្មែរ និងនាយករដ្ឋមន្រ្តីថៃ បានផ្ទុះឡើង នៅពេលដែលជំនួបកំពូលប្រចាំឆ្នាំរបស់អាស៊ានទើបតែចាប់បើក កាលពីថ្ងៃសុក្រ ម្សិលមិញ។ សង្រ្គាមពាក្យសម្តីរវាងប្រមុខរដ្ឋាភិបាលទាំងពីរ គឺផ្តោតទៅលើអតីតនាយករដ្ឋមន្រ្តីថៃ គឺលោក ថាក់ស៊ីន ដែលត្រូវកងទ័ពថៃធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង កាលពីឆ្នា២០០៦។
កាសែត Bangkok Post បានសរសេររំឭកឡើងវិញ អំពីចំណុចចាប់ផ្តើមនៃសង្រ្គាមពាក្យសម្តីនេះ គឺចាប់តាំងពីទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្រ្តីថៃ Chawalit Yongchhaiyuth ទៅកម្ពុជា ដែលនាយករដ្ឋមន្រ្តីខ្មែរប្រកាសស្វាគមន៍ថាក់ស៊ីនឲ្យមកស្នាក់នៅ កម្ពុជាគ្រប់ពេល។ រដ្ឋាភិបាលថៃបានព្រមានថា ប្រសិនបើថាក់ស៊ីនមកកម្ពុជា ថៃនឹងទាមទារឲ្យកម្ពុជាបញ្ជូនថាក់ស៊ីនមកថៃវិញ តាមកិច្ចព្រមព្រៀងស្តីពីបត្យាប័នរវាងប្រទេសទាំងពីរ។ រដ្ឋាភិបាលកម្ពុជាបានតបមកវិញថា កម្ពុជានឹងមិនបញ្ជូនថាក់ស៊ីនទៅថៃទេ ព្រោះរឿងថាក់ស៊ីន គឺជារឿងនយោបាយ។
កាសែតជាភាសាអង់គ្លេសមួយទៀត ឈ្មោះ The Nation បានផ្តោតទៅលើសេចក្តីថ្លែងការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ របស់នាយករដ្ឋមន្រ្តីខ្មែរ កាលពីម្សិលមិញ នៅពេលដែលលោកឈានជើងជាន់ដីថៃភ្លាម គឺលោកបានប្រកាសថានឹងតែងតាំងថាក់ស៊ីនឲ្យធ្វើជាទីប្រឹក្សា សេដ្ឋកិច្ច ហើយបានចាត់ទុកថាក់ស៊ីនថា ជាជនរងគ្រោះផ្នែកនយោបាយ ដោយបានប្រដូចថាក់ស៊ីន ទៅនឹងលោកស្រីអ៊ុង សាន ស៊ូជី នៅភូមា។
កាសែត The Nation ក៏បានចុះផ្សាយអំពីប្រតិកម្មរបស់នាយករដ្ឋមន្រ្តីថៃវិញដែរ នៅក្នុងអត្ថបទមួយផ្សេងទៀត ដោយដាក់ចំណងជើងថា “នាយករដ្ឋមន្រ្តីថៃប្រាប់ទៅលោកហ៊ុន សែនថា កុំឲ្យគេយកធ្វើជាកូនអុក”។ កាសែត The Nation បានដកស្រង់ប្រសាសន៍របស់លោកអាភិស៊ីត ដែលបានថ្លែងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មកប្រជុំអាស៊ាន គួរតែផ្តោតលើការប្រជុំនេះ ជួយឲ្យកិច្ចប្រជុំអាស៊ានបានសម្រេចតាមគោលដៅរបស់ខ្លួន ហើយលោកគួរតែចេះថ្លឹងថ្លែងរវាងផលប្រយោជន៍ជាតិ និងផលប្រយោជន៍បុគ្គលតែមួយរូប។
យោងតាមកាសែត The Nation លោកអាភិស៊ីត ក៏បានរិះគន់នឹងការដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រៀបប្រដូចលោកថាក់ស៊ីន ទៅនឹងលោកស្រី អ៊ុង សាន ស៊ូជី ផងដែរ។
“នៅ លើពិភពលោកនេះ មានមនុស្សតិចតួចបំផុត ដែលយល់ថា ករណីថាក់ស៊ីន ដូចករណីអ៊ុង សាន ស៊ូជី។ ខ្ញុំមិនដឹងថា តើលោកហ៊ុន សែន បានព័ត៌មានមកពីណាទេ ទើបយកករណីទាំងពីរនេះមកប្រៀបប្រដូចគ្នា” នេះគឺជាប្រសាសន៍របស់លោកអាភិស៊ីត ដកស្រង់ដោយកាសែត Bangkok Post ។
កាសែត នេះ ក៏បានចុះផ្សាយផងដែរនូវប្រតិកម្មតបនឹងប្រសាសន៍របស់លោកអាភិស៊ីត នេះ។ ក៏ប៉ុន្តែ ប្រតិកម្មនេះមិនមែនមកពីនាយករដ្ឋមន្រ្តីខ្មែរទេ គឺមកពីលោកថាក់ស៊ីន។ នៅក្នុងអត្ថបទមួយ កាសែត Bangkok Post ដាក់ចំណងជើងថា “ថាក់ស៊ីនប្រាប់ឲ្យនាយករដ្ឋមន្រ្តីចេះគួរសម”។ នៅលើវែបសៃត៍របស់លោក លោកថាក់ស៊ីន បានបញ្ចេញប្រតិកម្មតបនឹងលោកអាភិស៊ីត ដែលបានព្រមាននាយករដ្ឋមន្រ្តីខ្មែរថា ប្រសិនបើលោកហ៊ានតែងតាំងថាក់ស៊ីនជាទីប្រឹក្សាសេដ្ឋកិច្ច លោកត្រូវតែបកស្រាយឲ្យបានច្បាស់លាស់ បើមិនដូច្នោះទេទំនាក់ទំនងរវាងកម្ពុជា និងថៃ អាចនឹងមានបញ្ហា។
លោក ថាក់ស៊ីន បានផ្តល់មេរៀនមួយដល់លោកអាភិស៊ីតថា កិច្ចសហប្រតិបត្តិការរវាងប្រទេសមួយ និងប្រទេសមួយទៀត គឺអាចទទួលបានតាមមធ្យោបាយការទូត មិនមែនតាមរយៈការគំរាមកំហែងគេនោះទេ៕
Source: http://www.rfi.fr/actukm/articles/118/article_3416.asp
Understanding Financial Crisis 2008 October 23, 2009
Posted by chandrapong007 in Economics.add a comment
ដោយ សេង ឌីណា
អត្ថបទចុះផ្សាយកាលពីថ្ងៃទី 30/10/2008 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី 30/12/2008 11:52 ម៉ោងសកល
អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលពិភពលោកទាំងមូលជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុ យ៉ាងធ្ងន់ធ្ងរ។ មកទល់ពេលនេះ វិបត្តិហិរញ្ញវត្ថុនេះនៅតែមិនទាន់បញ្ចប់នៅឡើយ ផ្ទុយទៅវិញ បានកើនកាន់តែខ្លាំងឡើងថែមទៀតផង។
តើវិបត្តិនៅពេលនេះកើតឡើងដោយរបៀបណា? តើរដ្ឋាភិបាលអាចមានវិធានការអ្វីខ្លះ ដើម្បីដោះស្រាយវិបត្តិនេះ?

នៅក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ ពិភពលោកបានជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចជាច្រើនលើកច្រើនសា។ នៅឆ្នាំ១៩៩៧ សេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំង ដោយមកពីឥទ្ធិពលវិបត្តិរូបិយវត្ថុនៅអាស៊ី។ នៅឆ្នាំ១៩៩៨ វិបត្តិហិរញ្ញវត្ថុនៅរុស្ស៊ី បានមកបន្ថែមបន្ទុកពីលើវិបត្តិសេដ្ឋកិច្ចពិភពលោកថែមទៀត ក្នុងពេលដែលវិបត្តិនៅអាស៊ីនៅមិនទាន់ដោះស្រាយរួចនៅឡើយ។ នៅឆ្នាំ២០០០ ពិភពលោកបានធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុសាជាថ្មីម្តងទៀត ដោយបណ្តាលមកពីការដួលរលំនៃទីផ្សារភាគហ៊ុន
Internet (dot-com bubble)។ បូករួមជាមួយនឹងការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ កញ្ញា ២០០១ ទៀត សេដ្ឋកិច្ចអាមេរិកក៏បានធ្លាក់ចូលដំណាក់កាល “ដើរថយក្រោយ” (Recession)។នៅ ឆ្នាំ២០០៨ សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះម្តងទៀត ហើយបានរាលដាលទៅដល់ប្រទេសផ្សេងៗទៀតនៅលើពិភព-លោក។ វិបត្តិនៅឆ្នាំ២០០៨នេះ ត្រូវបានគេចាត់ទុកថា ជាវិបត្តិដ៏ធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩២៩មក ហើយវាអាចជះឥទ្ធិពលអាក្រក់ដល់គ្រប់ប្រទេសនៅលើពិភពលោក ទាំងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និងប្រទេសកំពុងអភិវឌ្ឍ។
តើវិបត្តិនៅពេលនេះកើតឡើងដោយរបៀបណា? តើរដ្ឋាភិបាលអាចមានវិធានការអ្វីខ្លះ ដើម្បីដោះស្រាយវិបត្តិនេះ?
សូមចុចខាងក្រោមនេះ ដើម្បីថតឯកសារនេះទុក៖ http://www.rfi.fr/cambodgien/actu/images/108/Understanding_Financial_Crisis_2008_1.6.pdf