jump to navigation

ប្រាសាទ​ព្រះវិហារនៅក្នុងចក្ខុវិស័យរបស់ ជនជាតិថៃៈ ការយកវប្បធម៌ខ្មែរធ្វើជារបស់ ជាតិសាសន៍ខ្លួន September 27, 2008

Posted by chandrapong007 in Culture.
Tags: ,
trackback

ដោយ អារណូ ឌុយ​ប៊ុស​(​​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន​ប្រចាំ​តំបន់​នៃ​សារព័ត៌មាន​ Liberation​)​  

ប្រាសាទព្រះវិហារនៅលើខ្នងភ្នំដងរែក

«យើង​ស្រឡាញ់​សិល្បៈខ្មែរ ប៉ុន្តែ យើង​ស្អប់ជនជាតិខ្មែរ»។ ​សំដីបង្ក​ជម្លោះ​​​របស់​​អ្នកស្រី Puangthong R. Rawakapan អ្នក​ឯកទេស​ជនជាតិថៃ​​​​​នេះ​ ​បានសរ​បញ្ជាក់​​អោយ​ឃើញ​យ៉ាង​​ច្បាស់​អំពី​សារជាតិ​របស់​​​ជនជាតិ​​ថៃ ចំពោះ​​ «បង​ប្អូន​រស់​នៅ​ជិត​ខាង​» នៃភាគខាង​ត្បូង​​​ប្រទេស​របស់​ខ្លួន​ តួយ៉ាង​ ដូចជា​ជម្លោះ​​​រវាង​រដ្ឋាភិបាល​ក្រុង​បាងកក​និង​រដ្ឋាភិបាល​ក្នុង​ភ្នំពេញ​ ជុំវិញបញ្ហា​​ប្រាសាទ​ព្រះ​វិហារ​។ អតីត​មន្ត្រី​ជាន់​​ខ្ពស់​នៃ​ក្រសួង​ការបរទេស​ថៃ​មួយរូប​បាន​បញ្ជាក់ថា​​ ប្រសិន​ជា​ប្រទេស​​ថៃ​បាន​ចាញ់​ក្តី​ នៅក្នុង​ការ​ជំនុំ​ជម្រះ​​របស់​តុលាការ​​អន្តរជាតិក្រុង​ឡាអេ ឆ្នាំ​១៩៦២ នោះបណ្តាលមក​ពី​ «មេធាវី​របស់​យើង​បាន​ប្រព្រឹត្ត​​កំហុស​ឆ្គង​មួយ​»។​ ប្រសិនជាគេ​សាក​សួរ​សាស្រ្តាចារ្យ​​មក​ពី​មហា​វិទ្យាល័យ​​អក្សរ​សាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ Thammasat គេ​នឹង​បាន​យល់​ឃើញ​ភ្លាម​​ថា​ពួកគេ​មានគំនិត​​​​តែ​​មួយ​។ លោក​ Thanet Aphornsuwan សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​អាស៊ីអាគ្នេយ៍​បាន​​ពន្យល់​​ថា​ «ពួកគេ​មិនយល់​ស្រប​ទៅនឹង​សាល​ដីកា​របស់តុលាការ​ឆ្នាំ​១៩៦២​​នោះ​ទេ។ ពួក​គេ​​វាយ​​តម្លៃថា​​ព្រះវិហារ​គឺជា​របស់​ប្រទេស​ថៃ»។ 

«ការ​បក​ស្រាយផ្ទុយ​ពី​ការ​ពិត​»មួយ    
​​លោក​ Raoul M.Jennar អ្នកសរសេរ​​និក្ខេបបទ​ស្តីពីព្រំដែន​​នៃ​ប្រទេស​កម្ពុជា​ បាន​លើក​ឡើង​ថា​ នៅក្នុង​មូលដ្ឋាន​នៃជម្លោះ​ជុំវិញ​សាលដីកា​ឆ្នាំ​១៩៦២ មាន«ការ​បក​ស្រាយផ្ទុយ​ពីការ​ពិត​មួយ»​។​​ តួ​យ៉ាង​ ជនជាតិ​ថៃ​បាន​វាយ​តម្លៃថា​សាល​ដីកា​នេះ​មិនមាន​សុពលភាព​គតិយុត្តិនៃ​​ផែ​នទី​ ដែល​​គូស​ដោយ​ប្រទេស​បារាំង​ ចន្លោះ​ឆ្នាំ​១៩០៤ និង​១៩០៧​​នោះទេ។ ដោយ​មិន​គិត​អំពី​ការ​​អះអាង​បែប​អត្មា​និយម​​​ ស្តី«ពី​ខ្សែ​បន្ទាត់​ខ័ណ្ឌចែក​តំបន់ទឹក» និងការ​លើក​ឡើង​ពី​​​ផែន​គំនូស​បង្ហាញ​​ឋានលេខា​នៅសម័យ​អាណានិគម​បារាំង​ ទំនាក់ទំនង​ល្អផង-​អាក្រក់​ផង​​រវាង​​ប្រទេស​​​កម្ពុជា និង​ប្រទេសថៃ ​បាន​ចាក់ស្រែះ​នៅលើ​​​​មូល​ដ្ឋាន​គ្រឹះ​វប្បធម៌​យ៉ាង​រឹង​មាំ ដែល​បានធ្វើអោយ​​​​​គំនិត​​ជាតិ​និយម​​​មានឥទ្ធិពល​ខ្លាំង​ក្លា​ជាងភាព​​ត្រឹម​ត្រូវ​សម​ហេតុ​ផល​។ គួរ​
បញ្ជាក់​ថា​ ប្រទេស​​ជិត​ខាង​ទាំង​​ពីរនេះ​​កំពុង​​ប្រឈម​​​មុខ​ដាក់គ្នា​យ៉ាង​តានតឹង​ជុំវិញ​ប្រាសាទ​​​ព្រះវិហារ ដែល​បាន​កសាង​​ឡើង​នៅ​សតវត្ស​​ទី​៩។ អ្នកស្រី Puangthong បាន​មាន​ប្រសាសន៍​​ថា «ផ្នត់គំនិត​ដែលថៃ​​គិតថា​ជន​ជាតិ​​ខ្មែរ​​គឺជា​ជនជាតិ​មិនគួរ​អោយ​ទុក​ចិត្ត មិន​ស្មោះ​ត្រង់ ត្រូវ​បានបញ្ជូន​ពីមួយ​ជំនាន់​ទៅ​កាន់​​មួយ​ជំនាន់»។ សម្រាប់​ប្រជាជនថៃ ពួកគេ​មាន​ការលំបាក​ក្នុងការ​ទទួល​ស្គាល់​ថា «ប្រទេស​​ជាតិ​មួយដែល​ក្រីក្រជាង​ប្រទេស​របស់​ខ្លួន អាច​កសាង​អរិយធម៌​ដ៏រុង​រឿង​មួយបាន ដូចជា​នៅសម័យ​អង្គរ​ជាដើម»។
ការយក​វប្បធម៌ខ្មែរធ្វើជា​វប្បធម៌របស់ថៃ
ជានិច្ចកាល នៅប្រទេស​ថៃ គេ​សង្កេត​ឃើញមានកត្តាផ្ទុយគ្នា​ជាច្រើន​ ដូចជា​អារម្មណ៍​គិត​​ថា​​ខ្លួន​​មាន​ឋានៈខ្ពស់ជាង «ប្រទេស​ជិត​ខាង​ក្រីក្រមួយនេះ» ប៉ុន្តែ ពួកគេ​បែរជា​មាន​ឆន្ទះ​ចាប់​យក​​វប្បធម៌​ខ្មែរ​មកធ្វើជា​របស់ខ្លួ​ន​ ពោល​គឺ​ធ្វើអោយ​វប្បធម៌​ខ្មែរ​ក្លាយជា​កេរ្តិ៍មរតក​មួយ​ផ្នែក​របស់​ជាតិ​សាសន៍​​ថៃ​​។ ជាក់ស្តែង នៅ​ពាក់​​កណ្តាល​សតវត្ស​ទី​១៩ ព្រះមហាក្សត្រ​ម៉ុងគុត (១៨៥១-១៨៦៨) មាន​មហិច្ឆតា​​ចង់​​បំផ្លាញ​​​​ប្រាសាទ​តាព្រហ្ម ដើម្បី​កសាង​ប្រាសាទ​នេះ​ឡើង​​វិញ​នៅ​ទីក្រុង​​​បាង​កក។ ប៉ុន្តែ នៅចំពោះមុខ​ការ​ប្រឆាំង​តប​ត​យ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​​អ្នក​ភូមិ​​ខ្មែរ​ និង​ភាព​ស្មុគ​ស្មា​ញ​​នៃ​ប្រតិបត្តិការ ស្តេច​អង្គនោះ​ក៏បាន​បោះ​បង់​ចោល​​គំនិត​នេះ​​ ហើយ​​បាន​កសាង​រូប​តំណាង​ប្រាសាទ​អង្គរ​វត្ត​មួយ​ នៅក្នុង​បរិវេណ​​ព្រះ​បរមរាជ​វាំង​ថៃ នា​ទីក្រុង​​បាងកក។ ម្យ៉ាង​វិញទៀត សិស្ស​សាលា​​ថៃ ត្រូវ​បាន​គេ​បង្ហាត់បង្រៀន​ថា​ព្រះ​មហាក្សត្រ Ramkhmahaeng (១២៩ឲ៧៩-១២៩៨) ​បាន​បង្កើត​តួ​អក្សរ​ថៃ ដូច​មាន​​បញ្ជាក់​​នៅលើ​សិលាចារឹករបស់​ព្រះ​មហាក្សត្រ Ramkhmahaeng  «ខណៈពេល​ដែល​តួ​អក្សរ​​ថៃ​ត្រូវ​បាន​កែសម្រួល​ចេញពីតួ​អក្សរ​នៃ​​ភាសា​ខ្មែរ»។
ស្នាម​របួស​កាល​ពី​អតីតកាល
ស្នាមរបួស​របស់សៀម នៅសម័យ​​​អាណានិគម​បាន​បន្សល់​ទុក​នូវ​ជម្ងឺ​បាក់​ស្បាត​ដ៏​​ចម្លែក​​មួយ ​(ការ​ទទួល​រង​នូវភាពឈឺចាប់​របស់បណ្តាប្រទេស​ដែល​ធ្លាប់​ស្ថិត​នៅក្រោម​នឹម​អាណានិគម​​បរទេស)។ អ្នកស្រី Sumet Jumsai ស្ថាបត្យករ និង​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ ស្តី​ពី​សិល្បៈខ្មែរ បាន​និយាយថា «សម្រាប់​ប្រជាជាតិ​ទាំង​មូល ការ​បាត់បង់​ខេត្ត​ទាំង​បី (ស្វាយ​ស៊ីសុផុន សៀមរាប និង​បាត់​ដំបង​) នៅសម័យ​ក្រោយ​សង្គ្រាម​លោក​លើក​ទីពីរ គឺជា​សញ្ញា​នៃការ​ដាក់​កំហិត និង​ភាពអៀន​ខ្មាសមួយ»។ មុន​ និងក្រោយ​ការ​ចេញ​សាល​ដីកា​របស់​​តុលាការ​ឆ្នាំ​១៩៦២នេះ រដ្ឋាភិបាល​យោធា​នៅសម័យ​នោះ​បាន​រៀប​ចំយុទ្ធនាការ​ជាតិ​និយម​​ទ្រង់ទ្រាយធំមួយ ដោយ​​បានអំពាវ​អោយ​មានការ​ចូល​រួម​ពីសំណាក់​ប្រជា​ពលរដ្ឋ​គ្រប់​រូប មិន​ថា​​ចាស់​រឺក្មេង​។​
ការ​សិក្សា​ថ្មីៗនេះ​របស់​ Ladda Khetboonchu សាស្រ្តាចារ្យនៃ​សាកល​វិទ្យាល័យ​ Chulalongkorn បានបង្ហាញថា​រដ្ឋាភិបាល​អាមេរិក​បាន​ដាក់សំពាធ​ទៅ​លើ​ជនផ្តាច់​ការ​ Thanom Kittikachorn និង Praphat Charusatien ដើម្បី​បញ្ឈប់​ចលនា​ជាតិនិយម​នេះ។ Thanet Aphornsuwan បាន​ពន្យល់ថា «ប្រជា​ជន​​អាមេរិក​បានសំដែង​ការ​ព្រួយ​បារម្ភ​ថា​យុទ្ធនាការ​ប្រឆាំង​ខ្មែរផ្តល់ឱកាស​អោយសហរដ្ឋ​អាមេរិក​​​ត្រៀម​បញ្ជូន​កម្លាំងទាហាន​មក​កាន់​​ប្រទេស​វៀត​ណាម​»​។​ ពីមួយថ្ងៃ​ទៅមួយថ្ងៃ រដ្ឋាភិបាល​បានបញ្ជា​អោយ​គេ​ឈប់​ច្រៀង​បទ​ចម្រៀង​​ទាក់​ទង​នឹង​ព្រះវិហារ»។

អារម្មណ៍ស្អប់ខ្មែរនៅដក់ជាប់ជានិច្ច
រយៈពេល​៤០ឆ្នាំក្រោយមក ក្រុមអ្នក​នយោបាយ​ជាច្រើន រឺ​សង្គមស៊ីវិល​បាន​ថ្កោល​ទោស​​យ៉ាង​ចាស់ដៃ​ទៅលើ​រដ្ឋាភិបាល​របស់​សាម៉ាក់ ស៊ុនដាវេ ដែល​បានចុះ​ហត្ថលេខា​លើ​សេចក្តី​​ប្រកាស​ព័ត៌មាន​ខ្មែរ​-ថៃ​ រួម​​មួយ ជុំវិញ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​ តាម​រយៈ​អង្គការ​យូណេស្កូ។ សូម្បី​តែលោក Abhisit Vejjajiva មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​​​ប្រជា​ធិប​តេយ្យ​ ជា​អ្នកការពារ​នីតិរដ្ឋ និងអ្នក​​វិចារណញ្ញាណ​និយម ក៏បាន​ចូល​រួម​ចំណែក​​​ធ្វើអោយ​រដ្ឋាភិបាល​ថៃ​រង្គោះរង្គើ​ផង​ដែរ​ ដោយ​បង្ខំ​អោយ​នាយក​រដ្ឋមន្ត្រី​សាម៉ាក់​ ចុះចេញពី​តំណែង​ជា​នាយ​រដ្ឋ​មន្ត្រី​ថៃ​​​​​​។

ប្រភព: http://ka-set.info/kh/actualites/pouvoirs/cambodge-preah-vihear-thailande-culture-080923.html

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: