jump to navigation

ប្រធាន​អង្គការ​ជួយ​ក្មេង​រើស​សំរាម​ជាប់​ជា​វីរ​នារី​ឆ្នើម​របស់ CNN ឆ្នាំ​២០០៨ November 14, 2008

Posted by chandrapong007 in Cambodia.
Tags: , , ,
trackback
2008-11-13

«គេ​ទូរស័ព្ទ​មក​ប្រាប់​ដែរ មុន​គេ​ប្រកាស CNN ហ្នឹង​ថា សុំ​អបអរ​សាទរ ដែល​អ្នក​ឯង​បាន​ជាប់​ក្នុង​ជម្រើស​ចុង​ក្រោយ​នៅ​លើ​ពិភពលោក​ក្នុង​ចំណោម​៧៥ ប្រទេស​ហ្នឹង។ ខ្ញុំ​គេង​ក៏​មិន​លក់​… នឹក​ឃើញ​ថា វា​មិន​គួរ​ឲ្យ​ជឿ»។

Photo courtesy Nuon Phymean

លោកស្រី នួន ភិមាន នាយិកា​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ។

ខាង​លើ​នេះ​ជា​ប្រសាសន៍ លោកស្រី នួន ភីមាន អាយុ​៣៧​ឆ្នាំ ជា​វីរ​នារី​ម្នាក់ ក្នុង​ចំណោម​វីរជន ១០​នាក់ ប្រចាំ​ទូរទស្សន៍ CNN អាមេរិក ឆ្នាំ​២០០៨ ដែល​បាន​ជ្រើសរើស​ចេញ​ពី​បេក្ខជន បេក្ខនារី ជិត ៤.០០០​នាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​ល្អិតល្អន់​ចេញ​ពី​ចំនួន​៧៥​ប្រទេស។

លោកស្រី នួន ភីមាន មាន​ស្រុក​កំណើត នៅ​ខេត្ត​កំពង់ចាម ជា​កូន​កំព្រា​ម្តាយ​តាំង​ពី​តូច។ លោកស្រី​អះអាង​ថា មុន​នឹង​ទូរទស្សន៍ CNN អាមេរិក សម្រេច​ជ្រើសរើស​ជា​វីរ​នារី​ឆ្នើម ក្រុម​ការងារ​ស្ថានីយ​ទូរទស្សន៍ CNN នោះ សាកសួរ​ជា​ច្រើន​ម៉ោង​អំពី​ការងារ​របស់​អង្គការ​ដែល​អ្នកស្រី​បង្កើត ដែល​ដាក់​ឈ្មោះ​ថា អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ (PIO) ដែល​ជួយ​កុមារ​រើស​សំរាម កុមារ​ក្រីក្រ និង​ស្រ្តី​ខ្មែរ​គ្មាន​មុខ​របរ​យក​ទៅ​បណ្តុះ​បណ្តាល​ឲ្យ​បាន​រៀន​ពី​ថ្នាក់​មតេ្តយ្យ​រហូត​ដល់​ថ្នាក់​ទី​៩ និង​កុមារី​និង​ស្រ្តី​មួយ​ចំនួន​ទៀត ឲ្យ​រៀន​មុខ​ជំនាញ​ផ្សេងៗ​សម្រាប់​ចិញ្ចឹម​ជីវិត ៦០០​នាក់។

លោកស្រី នួន ភីមាន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ខ្ញុំ​គិត​ថា ទោះ​ជា​ក្រ​ក៏​យើង​ត្រូវតែ​ចេះ​អាន ចេះ​សរសេរ​ដែរ ហើយ​បើ​យើង​ចង់​ជួយ​ប្រទេស​ជាតិ​យើង គឺ​យើង​ត្រូវ​មាន​អ្នក​ចេះ​ដឹង​ឲ្យ​ច្រើន។ នេះ​គឺ​ថា បើ​យើង​មិន​មាន​អ្នក​ចេះ​ដឹង​ច្រើន ដូច​ក្លាយ​ជា​ក្មេង​ហិត​កាវ ឆក់ ប្លន់ គឺ​មក​ពី​គ្មាន​ភាព​ចេះ​ដឹង ហើយ​ជា​ពិសេស​ការ​អត់​ឃ្លាន​ហ្នឹង​តែ​ម្ដង»

លោកស្រី​អះអាង​ថា បទ​ពិសោធន៍​រហូត​បាន​ទទួល​ជ័យ​លាភី​នេះ បាន​មក​ពី​ធ្វើ​ការងារ​ជាង​១០​ឆ្នាំ​ជាមួយ​អង្គការ​អន្តរជាតិ​ល្បីៗ​មួយ​ចំនួន ពិសេស​រៀន​ពី​កុមារ​ក្រីក្រ​មួយ​ក្រុម ដែល​រើស​កាក​សំណល់​អាហារ​របស់​លោកស្រី​បោះ​ចោល​នៅ​សួន​ច្បារ​មាត់​ទន្លេ ក្រុង​ភ្នំពេញ ទើប​លោកស្រី​បង្កើត​ជា​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ ហៅ​កាត់​ថា PIO នេះ ជួយ​កុមារ​ឲ្យ​បាន​រៀន​សូត្រ​និង​មុខ​ជំនាញ។

ហើយ​អង្គការ PIO បាន​ជួយ​សហការ​ពី​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ទើប​ដំណើរការ​ជួយ​គ្រួសារ​ក្រីក្រ​បាន​រៀន​អក្សរ​និង​មុខ​ជំនាញ​រហូត​ដល់ ៦០០​នាក់។

លោកស្រី នួន ភីមាន មាន​ប្រសាសន៍​ថា ៖ «ជីវិត​ខ្ញុំ​ផ្លាស់​ប្ដូរ​ពេល​ហ្នឹង​តែ​ម្ដង ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​ធ្វើ​អ្វី​មួយ​ដែល​ជួយ​ក្មេង​ហ្នឹង​ដោយ​ផ្ទាល់ ព្រោះ​ខ្ញុំ​បាន​ធ្វើការ​បទ​ពិសោធន៍​ជាមួយ UN ជាមួយ​អង្គការ​ផ្សេងៗ​ហ្នឹង​ច្រើន អ៊ីចឹង​ខ្ញុំ​ថា នឹង​ធ្វើ​អ្វី​មួយ​ដើម្បី​ឲ្យ​ជីវិត​ក្មេង​មាន​ការ​ផ្លាស់​ប្ដូរ»

តំណាង​ឲ្យ​ទូរទស្សន៍ CNN ចូលរួម​អបអរ​សាទរ​ដល់​លោកស្រី នួន ភីមាន ជាប់​ជា​វីរ​នារី​ឆ្នើម​ក្នុង​ចំណោម ១០​រូប ប្រចាំ​ទូរទស្សន៍ CNN បាន​ថ្លែង​នៅ​យប់​ថ្ងៃ​អាទិត្យ ទី​៩ ខែ​វិច្ឆិកា​ថា ក្រុម​ការងារ​របស់​ស្ថានីយ​នោះ​បាន​ចុះ​ផ្ទាល់​ដល់​កន្លែង ដែល​លោកស្រី​កំពុង​ធ្វើការ​ជាមួយ​ក្រុម​កុមារ​រើស​សំរាម កុមារ​កំព្រា និង​គ្រួសារ​ក្រីក្រ។

រីឯ​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត កំពុង​ជួយ​ដល់​អង្គការ PIO បាន​ថ្លែង​ថា លោកស្រី នួន ភីមាន បាន​ធ្វើ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​នៅ​លើ​សកលលោក ឲ្យ​មាន​ចំណាប់​អារម្មណ៍​ដល់​ប្រទេស​កម្ពុជា​អំពី​វិធី​ជួយ​គ្នា ឲ្យ​មាន​មុខ​របរ​និង​ក្លាយ​ពី​កុមារ​អនាថា​ទៅ​រក​ការ​សិក្សា។

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ក្នុង​ពិធី​អបអរ​សាទរ​ដល់​លោកស្រី នួន ភីមាន ដែល​ជាប់​ជា​វីរ​នារី​ក្នុង​ចំណោម​១០​រូប ប្រចាំ​ទូរទស្សន៍ CNN អាមេរិក ឆ្នាំ​២០០៨​ថា ៖ «គាត់​ជា​នារី​ដ៏​សាមញ្ញ​ម្នាក់ ប៉ុន្តែ​ល្បី​ឈ្មោះ​នៅ​ក្នុង​ប្រជារាស្រ្ដ ដែល​មាន​ប្រជាជន​ទាំង​អស់ មាន​ជាង ៦​ពាន់​លាន​នាក់​នៅ​លើ​ពិភពលោក។ នេះ​ក៏​ជា​មោទនភាព​មួយ​ដែរ​ចំពោះ​ប្រទេស​កម្ពុជា​យើង​ដែរ ដែល​យើង​បាន​ឃើញ​ថា យើង​មិន​ខ្វះ​ទេ​អ្នក​ដែល​មាន​សុឆន្ទៈ អ្នក​ដែល​មាន​បំណង​ចង់​កសាង​សង្គម​មួយ ឬ​អ្នក​ដែល​មាន​បំណង​ចង់​ជួយ​សង្គម​របស់​យើង។ សព្វ​ថ្ងៃ​នេះ ក្រសួង​ព័ត៌មាន​កំពុង​សហការ​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ដើម្បី​ធ្វើ​យ៉ាង​ណា​នៅ​ឆ្នាំ​២០១៥ យើង​ធ្វើ​ឲ្យ​ក្មេង​ដែល​កំពុង​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​នេះ ធ្លាក់​នៅ​តិច​ជាង ៨%»

ក្នុង​ពិធី​អបអរ​សាទរ​ដល់​លោកស្រី នួន ភីមាន ជាប់​ជា​វីរ​នារី​ក្នុង​ចំណោម​១០​រូប ប្រចាំ​ទូរទស្សន៍ CNN អាមេរិក ឆ្នាំ​២០០៨ ក្រុម​កុមារៗ​របស់​អង្គការ PIO ក៏​បាន​ចូលរួម​សម្ដែង​សិល្បៈ​ដែរ។

កុមារា ឈិន សុផាត សិស្ស​ថ្នាក់​ទី​២​នៃ​សាលា​អង្គការ PIO អះអាង​ថា គេ​កំពុង​រើស​អេត​ចាយ​នៅ​គំនរ​សំរាម​ស្ទឹងមានជ័យ ស្រាប់​តែ​មាន​អង្គការ PIO ហៅ​ឲ្យ​ចូល​រៀន​ដោយ​មិន​បង់​ប្រាក់​និង​ផ្តល់​របប​អាហារ​ឲ្យ​ទៀត​ផង។

កុមារា ឈិន សុផាត រៀបរាប់​ដូច្នេះ​ថា ៖ «កាល​ពី​មុន​មក ខ្ញុំ​គ្មាន​សង្ឃឹម​ទេ ដល់​ហើយ​ខ្ញុំ​រើស​សំរាម ក៏​ជួប​ម៉ាក់ ភីមាន ហើយ​គាត់​ក៏​នាំ​ខ្ញុំ​មក​ចូល​ក្នុង​សាលា PIO»

កុមារី​កំព្រា ឈ្មោះ ចាន់ណា កើត​នៅ​ស្រុក​ពារាំង​ខេត្ត​ព្រៃវែង អះអាង​ថា សម្លៀក​បំពាក់ របប​អាហារ​ជំនាញ​កែ​សម្ជស្ស​និង​កំពុង​រៀន​ថ្នាក់​ទី​៩ នៅ​អនុវិទ្យាល័យ ជា ស៊ីម សាមគ្គី ផ្តើម​ចេញ​ពី​ការ​ឧបត្ថម្ភ​របស់​នាយិកា​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ PIO ដែល​មាន​លោកស្រី នួន ភីមាន ជាប់​ជ័យ​លាភី​ជា​វីរនារី​ឆ្នើម​ម្នាក់​ក្នុង​ចំណោម​១០​នាក់ ប្រចាំ​ទូរទស្សន៍ CNN ឆ្នាំ​២០០៨។

កុមារី​សូម​បួងសួង​ឲ្យ​នាយិកា នួន ភីមាន ជាប់​លេខ​១ ក្នុង​ចំណោម​១០​នាក់​នោះ តាមរយៈ​ការ​ជួយ​បោះឆ្នោត​តាម​វ៉ឹបសាយថ៍ CNN.COM/HERO ដើម្បី​បាន​ប្រាក់ ១០​ម៉ឺន​ដុល្លារ។

កុមារី ចាន់ណា រៀបរាប់​ដូច្នេះ​ថា ៖ «បើ​សិន​ជា​គាត់​ជាប់​ឆ្នោត​ខាង​នារី​ឆ្នើម ប្រាកដ​ជា​គាត់​មាន​លុយ​ច្រើន​នឹង​ជួយ​អ្នក​ក្រីក្រ រើស​អេតចាយ ដូចជា​រូប​ខ្ញុំ​និង​បង​ប្អូន​ខ្ញុំ។ ខ្ញុំ​សូម​បួងសួង​ឲ្យ​គាត់​ជាប់​ជា​ស្រី​ឆ្នើម CNN»

ចំណែក​កុមារី សុខ សូម៉ាលី អាយុ​១៦​ឆ្នាំ អះអាង​ថា ទើប​រៀន​ថ្នាក់​ទី​៣ នៅ​សាលា​របស់​អង្គការ PIO និង​រៀន​ជំនាញ​កែ​សម្ជស្ស។ សុខ សូម៉ាលី ឲ្យ​ដឹង​ថា គេ​មក​ពី​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ ម្តាយ​ស្លាប់​ដោយសារ​ជំងឺ​ទាច​ទឹក បន្សល់​កូនៗ ១០​នាក់​ឲ្យ​ឪពុក​ថែ​ទាំ។ គេ​មក​រស់​នៅ​ភ្នំពេញ យក​គំនរ​សំរាម​ជា​ផ្ទះ។ ក្រោយ​មក​អង្គការPIO បាន​ជួយ​ពួក​គេ​ឲ្យ​បាន​រៀន មាន​អាហារ​ហូប​និង​មាន​កន្លែង​ស្នាក់នៅ។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​លើក​ស្ទួយ​ប្រជាពលរដ្ឋ PIO លោកស្រី នួន ភីមាន បាន​ឲ្យ​ដឹង​ថា អង្គការ​នេះ​មាន​ទីតាំង​៣​កន្លែង នៅ​ក្នុង​ក្រុង​ភ្នំពេញ។ អង្គការ PIO បាន​ផ្តល់​កន្លែង​ស្នាក់នៅ​ដល់​កុមារ​កំព្រា​ចំនួន​៣០​នាក់។

លោកស្រី នួន ភីមាន នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ពេល​ឆាប់ៗ​នេះ ដើម្បី​ទទួល​រង្វាន់​និង​ពាន​រង្វាន់​ជា​វីរ​នារី​ឆ្នើម​ប្រចាំ​ទូរទស្សន៍ CNN អាមេរិក ឆ្នាំ​២០០៨ ដែល​ប្រារព្ធ​ធ្វើ​នៅ​ហូលីវូដ​ទីក្រុង Los Angeles ហើយ​ការ​ប្រកាស​លទ្ធផល​ជ្រើសរើស​ក្នុង​ចំណោម ១០​នាក់ ក្លាយ​ជា​វីរជន​ឆ្នើម​ម្នាក់​សម្រាប់​ទូរទស្សន៍ CNN អាមេរិក​ឆ្នាំ​២០០៨ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​២៧ ខែ​វិច្ឆិកា ខាង​មុខ។

លោកស្រី នួន ភីមាន មាន​ប្រសាសន៍​ថា ៖ «ប្រទេស​ខ្មែរ​តូច គេ​មិន​សូវ​ស្គាល់ ហើយ​ក្នុង​ចំណោម​ទាំង​អស់ ដូច​ប្រទេស​ផ្សេងៗ ដូច​ចិន ដូច​ថៃ លើ​ពិភពលោក ប៉ុន្តែ​ហេតុអី​បាន​ខ្មែរ​យើង​ជាប់? អ៊ីចឹង ៩​នាក់ សុទ្ធតែ​អ្នក​នៅ​អាមេរិក​ទេ តែ​គេ​ចេញ​ទៅ​ជួយ​នៅ​ប្រទេស​ផ្សេងៗ…។ ហើយ​យើង​ខ្មែរ ស្រ្តី​ខ្មែរ ហើយ​យើង​ជាតិ​ខ្មែរ យើង​ជួយ​កូន​ខ្មែរ»

ប្រភព: http://www.rfa.org/khmer/indepth/khmer-woman-named-cnn-hero-11132008232849.html

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: