jump to navigation

Hillary Clinton ជា​រដ្ឋមន្រ្តី​ការ​បរទេស​ថ្មី November 23, 2008

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Politics.
trackback

ដោយ សេង  ឌីណា

​ប្រភព​ស្និទ្ធិ​នឹង​លោក Barack Obama បាន​ឲ្យដឹង​នៅថ្ងៃសុក្រ​នេះថា លោកស្រី Hillary Clinton នឹង​ត្រូវ​តែង​តាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ក្នុង​រដ្ឋាភិបាល​ថ្មី។ លោកស្រី Hillary Clinton គឺ​ជា​អតីត​គូ​ប្រជែង​របស់​លោក Obama ក្នុង​ការប្រជែង​យក​តំណែង​ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​ជា​ភរិយា​អតីត​ប្រធានាធិបតី​ Bill Clinton
រហូត​មក​ទល់​ពេល​នេះ គេ​សង្កេត​ឃើញថា មន្រ្តី​ជំនិតៗ​ភាគច្រើន​របស់​លោក Obama សុទ្ធសឹង​តែ​ជាអតីត​មន្រ្តី​ជាន់​ខ្ពស់​សម័យ Bill Clinton ធ្វើ​ឲ្យ​មាន​ការចោទ​ជា​សំនួរ​ឡើង​ថា តើ​រដ្ឋាភិបាល Obama នឹង​ដើ​រ​តាម​នយោបាយ​រដ្ឋាភិបាល Clinton ឬ​ក៏យ៉ាងណា?

obama_hillary4321

ការតែងតាំង​លោកស្រី Clinton នៅ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​នៅឡើយ​ទេ ក៏​ប៉ុន្តែ វា​ជា​ពត៌មាន​ច្បាស់​ការណ៍ ពីព្រោះ​វាចេញ​ពី​ប្រភព​ច្បាស់​ដែរ។ ទីប្រឹក្សា​ស្និទ្ធិ​នឹង​លោក Barack Obama ដល់​ទៅ​បីនាក់​បាន​អះអាង​ដូចៗគ្នា ហើយ​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក៏​បានអះអាង​ដូចគ្នាដែរថា លោកស្រី Hillary Clinton នឹង​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស។ ​ការ​តែងតាំងលោកស្រី Clinton ​នឹង​ត្រូវ​ប្រកាស​ជាផ្លូវការ នៅថ្ងៃ​​ព្រហស្បតិ៍​ក្រោយនេះ គឺត្រូវនឹង​ថ្ងៃទី២៧ វិច្ឆិកា។

កន្លងមក បញ្ហា​​ចម្បង​​ ដែល​រាំងខ្ទប់​ការ​តែងតាំង​លោកស្រី Clinton គឺ​ទាក់ទង​នឹង​មូលនិធិ​របស់​លោក Bill Clinton ដែល​ជាស្វាមី​។ មូលនិធិ Clinton ទទួល​អំណោយ​ពី​អ្នក​នយោបាយ​​បរទេស​សំខាន់ៗ​ជាច្រើន ដែល​ធ្វើ​ឲ្យ​លោក Obama មាន​ការបារម្ភ​ថា ពេល​ដែល​​លោកស្រី Clinton ឡើង​ធ្វើ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស វាអាច​នឹង​ធ្វើ​ឲ្យ​មាន​ទំនាស់​ផលប្រយោជន៍ និង​បង្ករ​ជា​រឿងរ៉ាវ​អាស្រូវ​ដល់​រដ្ឋាភិបាល​របស់​លោក។

ឥឡូវ​ បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វ​គ្រប់​អស់​ហើយ។ លោក Bill Clinton យល់​ព្រម​ទទួល​យក​នូវ​លក្ខ័ណ្ឌ​មួយ​ចំនួន​ ដែល​លោក Barack Obama បាន​ទាមទារ។ ដូចនេះ ​ការ​តែងតាំង​លោកស្រី Hillary Clinton ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ហាក់​ដូច​ជា​គ្មាន​ឧបសគ្គ​អ្វី​រារាំង​ទៀតទេ។

តើ​លោកស្រី Hillary Clinton មា​នអ្វីពិសេស បាន​ជា​ធ្វើ​ឲ្យ​លោក Obama ជ្រើសរើស​យក​មកធ្វើ​ជា​រដ្ឋមន្រ្តី​ការបរទេស សូម្បីតែលោកស្រី​ធ្លាប់​ជា​គូ​ប្រជែង ​ធ្លាប់​រិះគន់​គ្នា​​ដោយ​មិន​ប្រណី​មាត់​កន្លងមកនោះ?

ចំនុច​ពិសេស គឺ​នៅត្រង់ថា លោកស្រី Hillary Clinton ធ្លាប់​ជា​គូប្រជែង​លោក Barack Obama នេះ​ឯង!!!

ទីមួយ ការតែង​តាំង​លោកស្រី Hillary Clinton ឲ្យ​កាន់​តំណែង​សំខាន់​នេះ អាច​នឹង​ជួយ​​ផ្សះផ្សារ​ស្នាម​របួស​ក្នុង​បក្សប្រជាធិបតេយ្យ រវាង​អ្នក​គាំទ្រ Hillary និង​អ្នក​គាំទ្រ Obama កាល​ពីយុទ្ធនាការ​បោះឆ្នោត​កន្លទៅ។ កាល​ពីពេល​បោះឆ្នោត ពួកគេ​បានរិះគន់​គ្នា​ឆ្អែតឆ្អន់​ហើយ ដើម្បី​ដណ្តើម​ប្រជាប្រិយភាពគ្នា។ ពេលនេះ​ ការបោះឆ្នោតបាន​បញ្ចប់​ទៅ​ហើយ អ្នក​ឈ្នះ​ក៏បានឃើញ​ច្បាស់​ហើយដែរ។ អ៊ីចឹង ត្រូវ​ចាប់​ផ្តើម​រួបរួម​គ្នា​ក្នុង​បក្ស ដើម្បី​ធ្វើ​ការ​ជាមួយគ្នាវិញ​ម្តង។

ទីពីរទៀត ការតែងតាំង​លោកស្រី Clinton ធ្វើ​ឲ្យ​គេ​មើល​ទៅ​ឃើញថា លោក Obama គឺ​ជា​អ្នក​ដឹកនាំ​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង ហើយមិន​ខ្លាច​នឹង​ធ្វើ​ការ​រួមគ្នា​ជាមួយ​​អ្នក​ដែល​មាន​គំនិត​ផ្ទុយ​ពី​គាត់​ទេ។ កាន់​តែ​​សំខាន់ជាង​ហ្នឹង​ទៅទៀត គឺដើម្បី​​បង្ហាញ​ពី​នយោបាយ​បើក​ចំហរ​របស់​លោក Obama។ កន្លង​មក​​​ លោក Obama ​ធ្លាប់​និយាយហើយថា គាត់​ចង់​យក​គំរូ​​តាមលោក​​ Abraham Lincoln អតីត​ប្រធានាធិបតី​អាមេរិក ដែល​ធ្លាប់​បង្កើត​រដ្ឋាភិបាល​ដែល​មាន​សមាស​ភាព​មក​ពី​គ្រប់​មជ្ឈដ្ឋាន​នយោបាយ ​ឲ្យ​តែ​មាន​សមត្ថភាព មិនរើស​ថា​បក្សនេះ ឬ​ក៏បក្សនោះទេ។ ​បើ​មាន​គំនិត​ខុសៗគ្នា​ទៀត កាន់​តែ​ល្អ ដើម្បី​ឲ្យ​មាន​ការជជែក​ដេញដោល ផ្លាស់​ប្តូរ​គំនិតគ្នា ក្នុង​រដ្ឋាភិបាល កុំឲ្យ​មាន​តែ​អាម៉ី​អាថោង ចាំ​តែ​ហៃអើ។ ឥឡូវនេះ ​យើង​ឃើញថា លោក Barack Obama កំពុង​តែ​អនុវត្ត​នយោបាយ​នេះ​​ហើយ។

ចំនុច​ពិសេស ចុងក្រោយ​ របស់​លោកស្រី Hillary Clinton គឺ​សមត្ថភាព និង​បទ​ពិសោធន៍​របស់​គាត់។ លោកស្រី​បាន​ធ្វើ​ជា​សមាជិ​កព្រឹទ្ធសភា​ជាច្រើន​ឆ្នាំណាស់​មកហើយ។ លោកស្រី​ក៏ធ្លាប់​​នៅ​សេតវិមាន​ទៀត ពេល​ស្វាមី​របស់​លោកស្រីធ្វើជា​ប្រធានាធិបតី។ អ៊ីចឹង លោកស្រីមាន​បទពិសោធន៍ និងមាន​ការយល់​ដឹង​ច្រើន​ពី​កិច្ចការ​បរទេស។ ម្យ៉ាងទៀត ក្នុង​ឋានៈ​ជា​អតីត​ជំទាវទីមួយ (First Lady) របស់​អាមេរិក លោកស្រី​មាន​គេ​ស្គាល់ គេ​គោរព​ច្រើន នៅ​លើ​ឆាក​អន្តរជាតិ។ ការស្គាល់​គេ ស្គាល់​ឯង​ច្រើននេះហើយ ដែលជា​គុណសម្បត្តិ​របស់​​អ្នក​ការទូត ជា​ពិសេស ​លោកស្រី Clinton ស្គាល់​សុទ្ធ​តែ​ឥស្សរជន​នយោបាយ​បរទេស​សំខាន់ៗ​ទៅ​ទៀត។

ដូចនេះ ការ​ជ្រើស​រើស​លោកស្រី Hillary Clinton ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​ការបរទេស គឺ​ជាជម្រើស​ដ៏ល្អ​មួយ។

​និយាយដូចនេះ មិនមែនមានន័យ​ថា លោក Obama រើសលោកស្រី Clinton ឲ្យ​ធ្វើ​ជា​​ប្រមុខ​ការទូត សុទ្ធ​តែ​មាន​ចំនុច​វិជ្ជមាន​ទាំងអស់​នោះទេ។ មាន​កន្លែង​ច្រើន​ដែល​លោកស្រី Clinton និង​លោក Obama មាន​គំនិត​ផ្ទុយ​គ្នា​ស្រឡះ ហើយ​ដែល​អាច​នឹងបង្ករ​ឲ្យ​​មាន​បញ្ហា​ចម្រូងចម្រាស់​ ក្នុង​ការ​ដាក់​ចេញ​នូវ​នយោបាយ​ការបរទេស។

ដូចជា លោកស្រី Hillary Clinton គាំទ្រ​សង្រ្គាម​នៅ​អៀរ៉ាក់ ហើយ​លោក Obama ប្រឆាំង​ដាច់ខាត។ លោកស្រី Clinton ជា​មនុស្ស​មាន​នយោបាយ ដែល​គេ​ឲ្យ​ឈ្មោះថា “ការ៉ុត និង​ព្រនង់” មានន័យថា អ្នកណា​និយាយ​គ្នា​ស្តាប់​បាន​ ហ្នឹង​ឲ្យ​​ “ការ៉ុត” មានន័យថា “រង្វាន់” បើ​អ្នកណា​និយាយ​ទៅ​ស្តាប់​មិនបាន​ទេ ហ្នឹង​ឲ្យ​ “ព្រនង់” ដែលអាចជា​ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​ក៏​​រហូត​ដល់​ប្រើកម្លាំង​យោធា​ទៀតផង។ ផ្ទុយ​ពីនេះទៅវិញ លោក Obama ចង់​ឲ្យ​យក​មធ្យោបាយ​ការទូត គឺ​ការ​ជជែក​គ្នា ការចរចាគ្នា​ យក​មកធ្វើ​ជា​ត្រីមុខ ក្នុង​ការ​កំណត់​នយោបាយ​ការ​បរទេស។

មាន​ចំនុច​មួយ ដែល​អាច​នឹង​មានបញ្ហា​ចម្រូង​ចម្រាស់​គ្នាខ្លាំង គឺ​ទាក់ទង​នឹង​ប្រទេស​អៀរ៉ង់។ លោកស្រី Hillary Clinton ធ្លាប់​បាន​វាយប្រហារ​ដោយ​ពាក្យសម្តី​ធ្ងន់ៗ​លើអៀរ៉ង់ ជា​ពិសេស បាន​លើកឡើងថា បើ​សិនជាលោកស្រីជា​ប្រធានាធិបតី​អាមេរិក ហើយ​បើអៀរ៉ង់​ហ៊ាន​វាយប្រហារ​លើ​អ៊ីស្រាអែល លោកស្រី​នឹង​ “កម្ទេច​”​(Obliterate) អៀរ៉ង់​ចោល។ អ៊ីចឹង បើ​សិន​ជា​លោកស្រី Hillary Clinton កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ការបរទេស វា​អាច​នឹង​បង្ករ​ការលំបាក​សម្រាប់​លោក Obama ដែល​ចង់​ប្រើ​នយោបាយ​ត្រជាក់​ជាមួយ​អៀរ៉ង់ គឺ​ជួប​ជជែក​ជាមួយ​ប្រមុខដឹកនាំ​អៀរ៉ង់ ដើម្បី​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ។

បើ​មើល​ទៅ​មន្រ្តីជាន់​ខ្ពស់​ភាគច្រើន ដែល​លោក Obama តែងតាំង​ច្រើនតែជាអតីត​មន្រ្តី​ជាន់ខ្ពស់​ជំនាន់​លោក Bill Clinto។ តើ​រដ្ឋាភិបាល​ Obama នឹង​ដើរតាម​គន្លងរដ្ឋាភិបាល Clinton ឬ​ក៏យ៉ាងណា?!

បើ​យើង​មើល​ទៅ​លើ​ប្រវត្តិ​សាស្រ្ត​អាមេរិក ប្រធានាធិបតី​ដែល​តែងតាំង​អតីត​ឥស្សរជន​រដ្ឋាភិបាល​មុនៗ មិនមែន​សុទ្ធតែ​ដើរតាម​គន្លង​រដ្ឋាភិបាល​មុន​ហ្នឹង​ទេ។

ទិស​ដៅរបស់​រដ្ឋាភិបាល Obama មិនអាស្រ័យ​លើ​ថា​តើ​គាត់​រើស​អ្នកណា​ជារដ្ឋមន្រ្តី ឬ​ទីប្រឹក្សាទេ គឺ​វា​អាស្រ័យ​លើ​នយោបាយ​ដែល​គាត់​ដាក់​ចេញ ក្នុង​ឋានៈ​ជាប្រធានាធិបតី ដែល​ជា​ប្រមុខ​អំណាច​នីតិ​ប្រតិបត្តិ។ សមាជិក​រដ្ឋាភិបាល គឺ​ជា​អ្នក​អនុវត្ត​នយោបាយ​របស់​ប្រធានាធិបតី មិន​មែន​ជា​អ្នក​កំណត់​ទិសដៅនៃនយោបាយ​រដ្ឋាភិបាលទេ។

លោក Obama បាន​​លើកឡើង​ច្រើន​លើក​ច្រើន​សារ​ហើយ​អំពី​នយោបាយ​នៃ​ “ការ​ផ្លាស់ប្តូរ” គឺ​មិន​ធ្វើ​រដ្ឋាភិបាល​ដូច​ប្រធានាធិបតី​មុនៗ​ធ្លាប់​ធ្វើទេ។ ហើយ​ដើម្បី​សម្រេច​តាម​មហិច្ឆិតា​ហ្នឹង លោក Obama ត្រូវការ​សហការី​ដែល​មានជំនាញ និង​បទពិសោធន៍ ទោះ​បី​អ្នក​ហ្នឹង​មកពីណា​ក៏ដោយ មកពី​ខាង Clinton ក៏ដោយ មកពីខាង​សាធារណរដ្ឋ​ក៏ដោយ។

វាមិនមែន​ជា​ការដែល​គួរឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​លោក Obama តែងតាំង​មន្រ្តី​ដែ​ល​ជា​អតីត​ឥស្សរជន​រដ្ឋាភិបាល Clinton ព្រោះ​ថា ក្នុង​គណបក្ស​ប្រជាធិបតេយ្យ អ្នក​ទាំង​ហ្នឹង​​ហើយ​ដែល​ជា​អ្នក​មាន​បទពិសោធន៍​ខ្ពស់​ៗក្នុងរដ្ឋាភិបាល ដែល​អាច​ជួយ​​អនុវត្ត​នយោបាយ​របស់​លោក Obama បាន។ ហើយ​បើ​តាម​មើលទៅ លោក​ Obama អាច​នឹង​តែងតាំង​ឥស្សរជន​មក​ពី​គណបក្ស​សាធារណរដ្ឋ ដែល​ជា​បក្ស​ប្រឆាំង​ឲ្យធ្វើ​ជា​រដ្ឋមន្រ្តី​ផង។ ដូច​ជា លោក Robert Gates ជាដើម ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​​ក្រសួងការពារជាតិ​មកពីគណបក្ស​សាធារណរដ្ឋ ហើយ​ដែល​លោក Obama ចង់​ទុក​ឲ្យ​នៅ​ធ្វើ​ជា​រដ្ឋមន្រ្តី​ការពារជាតិ​ដដែល។  នៅ​ថ្ងៃសុក្រ​នេះ លោក Barack Obama បាន​ជួប​​ពិភាក្សាជាមួយ លោក Robert Gates​។ ​ទាក់ទង​នឹង​នយោបាយ​ការបរទេសវិញ លោក Obama ថែមទាំង​បាន​ទៅ​សុំ​យោបល់​ពីលោក Brent Scowcroft ដែល​ធ្លាប់​ជា​ទីប្រឹក្សា​សន្តិ​សុខ​ជាតិ របស់​លោក George Bush ទៀតផង។

ដូចនេះ និយាយ​ជារួម ​លោក Obama នៅ​មិនទាន់​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅឡើយ យើង​​ក៏​នៅមិនទាន់​ដឹង​ថា​គាត់​នឹង​អនុវត្ត​នយោបាយ​បែបណា​នៅឡើយ​ ហើយ​គណៈរដ្ឋមន្រ្តី​ក៏​នៅមិនទាន់​រៀបចំ​រួចរាល់​នៅឡើយ​ដែរ។ តែ​យើង​អាច​មើល​ឃើញ​ថា របៀបរៀបចំ​ចាត់​ចែង​រដ្ឋាភិបាល​របស់​លោក Obama មាន​លក្ខណៈ​ខុស​ប្លែក​ពី​ប្រធានាធិបតី​​​មុនៗ ពោលគឺ​មាន​លក្ខណៈ​បើក​ទូលាយ​ មិនប្រកាន់​និន្នា​ការនយោបាយ ពណ៌សម្បុរ​ ឬភេទ ទេ ធ្វើ​យ៉ាងណា​ឲ្យ​តែ​មាន​សមត្ថភាព។

ប្រភព: http://www.rfi.fr/actukm/articles/107/article_228.asp

Comments»

1. The Buzz » Blog Archive » Hillary Clinton ជា​រដ្ឋមន្រ្តី​ការ​បរទេស … - November 24, 2008

[…] ដូចជា លោកស្រី Hillary Clinton គាំទ្រ​សង្រ្គាម​នៅ​អៀរ៉ាក់ ហើយ​លោក Obama ប្រឆាំង​ដាច់ខាត។ លោកស្រី Clinton ជា​មនុស្ស​មាន​នយោបាយ …[Continue Reading] […]


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: