jump to navigation

បុព្វហេតុនៃអធិករណ៍ ឥណ្ឌា-Pakistan December 3, 2008

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Politics.
trackback

ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់

លោក​ស្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិកាំង​ បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​New Delhi ប្រទេស​ឥណ្ឌា​នៅ​ថ្ងៃ​ពុធ​នេះ​។ លោកស្រី​Candoleeza Rice មាន​បំណង​បញ្ចុះ​បញ្ចូល​ថ្នាក់​ដឹក​នាំ​ឥណ្ឌា​កុំ​ឲ្យ​ខឹង​ច្រឡោត​តោតតូង​ដាក់​ប្រទេស​Pakistan​ខ្លាំង​ពេក​ ពីព្រោះ​ឥរិយាបទ​បែប​នេះ​នឹង​អាច​នាំ​មក​នូវ​គ្រោះថ្នាក់​សំរាប់​ឥណ្ឌា​និង​Pakistan​ដែល​ជា​មហាអំណាច​Nucléaire​។ សូម​ជំរាប​ថា​ ក្រោយ​ពី​មាន​ភេរវកម្ម​នៅ​ទីក្រុង​Bombay​រួច​មក​ ឥណ្ឌា​បាន​ចោទ​ប្រកាន់​Pakistan​ថា​ នៅ​ពី​ក្រោយ​អំពើ​សាហាវ​យងឃ្នង​នេះ​ ហើយ​ទាមទារ​ឲ្យ​Pakistan​ប្រគល់​មក​ឲ្យ​គេ​ភេរវជន​ជាង​២០នាក់​។ លោក​ប្រធានាធិបតី​Pakistan​ Asif Ali Zardariបាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​របស់​ឥណ្ឌា​ហើយ​បាន​ទាមទារ​ឲ្យ​ឥណ្ឌា​បង្ហាញ​ភស្តុតាង​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សហរដ្ឋអាមេរិក​ត្រូវ​សាកល្បង​ដើរ​តួនាទី​ជា​អាជ្ញា​កណ្តាល​នៅ​ចន្លោះ​ប្រទេស​ទាំងពីរ​ដែល​ជា​សត្រូវ​សួពូជ​នឹង​គ្នា​អស់​រយៈ​ពេល​ជាង​៦០​ឆ្នាំ​កន្លង​មក​ហើយ​។  តើ​អ្វី​ទៅ​បុព្វហេតុ​នៃ​អធិករណ៍​រវាង​ឥណ្ឌា​និង​Pakistan​? តើ​អ្វី​ទៅ​ គ្រោះថ្នាក់​ធំ​ ដែល​អាច ​ធ្លាយ​ចេញ​ពី​ជម្លោះ​នេះ​?

cachemire-carte432

ផែនទីតំបន់ Cachemir (រូបថត: Reuters)

ទស្សនកិច្ច​ថ្ងៃ​នេះ​នៅ​ប្រទេស​ឥណ្ឌា​របស់​លោកស្រី​Candoleeza Rice ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ទស្សនកិច្ច​របស់​លោក​Colin Powell នៅ​ប្រទេស​ឥណ្ឌា​ដែរ​ កាល​ពី​៧​ឆ្នាំ​មុន​។ កាល​នោះ​ លោក​Powell ដែល​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​អាមេរិកាំង​ សម័យ​អាណត្តិ​ទី​មួយ​របស់​លោក​ប្រធានាធិបតី​Bush​ បាន​អញ្ជើញ​មក​ទី​ក្រុង​New Delhi ដើម្បី​សុំ​ឲ្យ​ថ្នាក់​ដឹក​នាំ​ឥណ្ឌា​ទប់​កំហឹង​ក្រេវក្រោធ​របស់​ខ្លួន​ នៅ​ចំពោះ​មុខ​Pakistan​។ ពីព្រោះ​កាល​នោះ​ភេរវជន​មួយ​ក្រុម​មក​ពី​Pakistan​បាន​វាយ​ប្រហារ​ទៅ​លើ​មន្ទី​រដ្ឋសភា​ឥណ្ឌា ​នៅ​ចំ​កណ្តាល​ទីក្រុង​New Delhi តែ​ម្តង​ ហើយ​ពីព្រោះ​កាលនោះ​ ដើម្បី​សងសឹក​វិញ​ ឥណ្ឌា​មាន​គំរោង​វាយ​ ប្រហារ​ទៅ​លើ​ដែនដី​Cachemire​ ប៉ែកខាង​Pakistan​។

គឺ​ដែនដី​Cachemire​នេះ​ហើយ​ ដែល​ជា​ប្រភព​ដើម​នៃ​ទំនាស់​ធំ​រវាង​ឥណ្ឌា​និង​Pakistan ។ នៅ​ឆ្នាំ​១៩៤៧​ នា​ពេល​ដែល​ ត្រូវ​ពុះ​ចែក​ប្រទេស​ជា​ពីរ​ ឥណ្ឌា​និង​Pakistan​បាន​យល់​ព្រម​ព្រៀង​គ្នា​ថា​ រដ្ឋ​ណា​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ច្រើនជាង​ រដ្ឋ​នោះ​នឹង​ក្លាយ​ជា​កម្មសិទ្ធ​របស់​Pakistan​ ផ្ទុយ​ទៅ​វិញ​រដ្ឋ​ណា​ដែល​មាន​អ្នក​កាន់​សាសនា​Hindou​ច្រើន​ជាង​ រដ្ឋ​នោះ​នឹង​ក្លាយ​ជា​កម្មសិទ្ធ​របស់​ឥណ្ឌា​។ ក៏​ប៉ុន្តែ​ នៅ​Cachemire​ បញ្ហា​បាន​ចោទ​ឡើង​ ភ្លាម​។ នៅ​ទី​នោះ​ ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ តែ​ស្តេច​ក្រាញ​នៅ​ទី​នោះ ​វិញ​ ជា​អ្នក​កាន់​សាសនា​Hindou​ ដែល​នៅ​ទី​បំផុត​បាន​ប្រកាស​ដាក់​ដែនដី​នេះ​ នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រទេស​ឥណ្ឌា​ទៅ​វិញ​។ អ៊ីចឹង​ហើយ​បាន​ជា​សង្គ្រាម​លើក​ទី​មួយ​រវាង​ឥណ្ឌា​និង​Pakistan​បាន​ផ្ទុះ​ឡើង​នៅ​ខែ​តុលា​ឆ្នាំ​១៩៤៧​។ ក្រោយ​មក ក្រោម​ការ​ចាត់ចែង​របស់ អ.ស.ប Cachemireត្រូវ​បាន​បែង​ចែក​ជា​ពីរ​ ឲ្យ​ឥណ្ឌា​ពាក់​កណ្តាល​ខាងត្បូង​ និង​ឲ្យ​Pakistan ពាក់​កណ្តាល​ខាងជើង​។ ក៏​ប៉ុន្តែ​ ទាំង​ឥណ្ឌា​ទាំង​Pakistan​ នៅ​តែ​មិន​សុខ​ចិត្ត​ ហើយ​មាន​ចិត្ត​ចង់​បាន​Cachemire​ទាំង​មូល​ រៀងៗ​ខ្លួន​មក​ទល់​ពេល​នេះ​។ ម៉្លោះ​ហើយ​ បាន​ជា​សង្គ្រាម​ផ្ទុះ​ឡើង​ម្តង​ទៀត​ នៅ​ឆ្នាំ​១៩៦៥​ និងម៉្លោះ​ហើយ​ បាន​ជា​រហូត​មក​ទល់​សព្វ​ថ្ងៃ​ ឲ្យ​តែ​មាន​ភេរវកម្ម​អ៊ីស្លាម​ជ្រុល និយម​ កើត​ឡើង​ម្តង​ៗ នៅ​ក្នុង​ដែន​ដី​Cachemire​ប៉ែក​ខាង​ឥណ្ឌា ឬ​ក៏​នៅ​លើ​ទឹក​ដី​ឥណ្ឌា​ ទីក្រុង​New Delhi តែង​តែ​ចោទ​ថា​មាន​ក្រសួង​ស៊ើបការណ៍​សំងាត់​ Pakistan នៅ​ពី​ក្រោយ​។

គ្រោះថ្នាក់Nucléaireអាចកើតឡើងនៅឧបទ្វីបឥណ្ឌា

នៅ​ឆ្នាំ​១៩៧១​ ឥណ្ឌា​និង​Pakistan​បាន​ច្បាំង​គ្នា​ម្តង​ទៀត​ ហើយ​នៅ​ឆ្នាំ​១៩៩៩​ ជា​លើក​ទី​៤​ កងទ័ព​នៃ​ប្រទេស​ទាំងពីរ​បាន​ប្រយុទ្ធ​គ្នា​ នៅ​Kargil​ តាម​ជ្រលង​ភ្នំ​ កំពស់​បីពាន់​ម៉ែត្រ​ពី​ដី​។

 សង្គ្រាម​លើក​ទី​៤​នេះ​ បាន​ផ្ទុះ​ឡើង​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ក្រោយ​ពី​ឥណ្ឌា​និង​Pakistan បាន​ក្លាយ​ជា​មហាអំណាច​Nucléaire​រៀងៗ​ខ្លួន​។ ឥណ្ឌា​​ដែល​បាន​ផ្តួចផ្តើម​គំនិត ​ចង់​បង្កើត​គ្រាប់បែក​បរិមាណូ​តាំង​ពី​ឆ្នាំ​១៩៤៨​ម៉្លេះ​ បាន​ដាច់​ចិត្ត​ប្រកាស​ជា​ផ្លូវការ​ថា​ខ្លួន​មាន​អាវុធNucléaire​ នៅ​ឆ្នាំ​១៩៩៨​ តែ​ប៉ុណ្ណោះ​។  ថ្នាក់​ដឹក​នាំ​ឥណ្ឌា​និយាយ​ហើយ​និយាយ​ទៀត​ថា​គេ​ខ្លាច​ការ​គំរាម គំហែង​ពី​សំណាក់​ប្រទេស​ចិន​ជាង​ពី​សំណាក់​ប្រទេស​Pakistan​។ ថ្នាក់​ដឹក​នាំ​Pakistan​យល់​ផ្សេង​ យល់​ថា​អាវុធ​Nucléaire​ របស់​ឥណ្ឌា​សំដៅ​មក​លើ​ប្រទេស​ខ្លួន​។ ម៉្លោះ​ហើយ​ ដើម្បី​ទប់ទល់​វិញ​ ដើម្បី​មាន​ទឹក​មាត់​ប្រៃ​បន្ត​ទាមទារ​Cachemire​មក​វិញ​ Pakistan​ក៏​បាន​ខិតខំ​បង្កើត​អាវុធ​Nucléaire​ដែរ​ រហូត​ដល់​បាន​សម្រេច​ដូច​គោល​បំណង​នៅ​ឆ្នាំ​១៩៩៨​ ដោយ​មាន​ការ​ជួយ​ជ្រម​ជ្រែង​ពី​សំណាក់​ប្រទេស​ចិន​។ និយាយ​រួម​ គេ​អាច​អះអាង​បាន​ថា​ គ្រាប់​បែក​បរិមាណូ​របស់​ចិន​បង្កើត​ឲ្យ​មាន​គ្រាប់បែក​បរិមាណូ​របស់​ឥណ្ឌា​ ដែល​បន្ត​បង្កើត​ឲ្យ​មាន​គ្រាប់បែក​បរិមាណូ​របស់ Pakistan។ នៅ​ទី​បំផុត​ គ្រោះ​ថ្នាក់​Nucléaire​ វា​នឹង​អាច​ចេញ​មក​តាម​ច្រក​ចំនួន​ពីរ​។ ច្រក​ទី​មួយ​ គឺ​ជម្លោះ​ស៊ី​សាច់​ហុត​ឈាម​គ្នា​រវាង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​Pakistan ជាង​កន្លះ​សតវត្សរ៍​កន្លង​មក​ហើយ​។ ច្រក​ទី​ពីរ​ គឺ​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម​ បាន​ន័យ​ថា​ពួក​ភេរវជន​អ៊ីស្លាម​ជ្រុល​និយម​ នៅ​ថ្ងៃ​ណា​មួយ​អាច​នឹង​ក្រសោប​យក​បាន​អាវុធ​ប្រល័យ​លោក​របស់​ប្រទេស​Pakistan ពីព្រោះ​សព្វថ្ងៃ​Pakistanជា​ជង្រុក​ភេរវជន​ធំ​ជាង​គេ​ បង្អស់​មួយ​នៅ​ក្នុង​លោក​និង​ពីព្រោះ​Pakistan​ជា​ប្រទេស​ប្រកប​ដោយ​អស្ថិរភាព​ខ្លាំង​ អំណាច​ស៊ីវិល​ក្តាប់​កងទ័ព​មិន​បាន​និង​ក្តាប់​ក្រសួងស៊ើបការណ៏​សំងាត់​មិន​បាន​។ អ៊ីចឹង​ហើយ​ បាន​ជា​អ្នក​សង្កេតការណ៍​ខ្លះ​ ផ្តើម​ចោទ​ជា​សំណួរ​ឡើង​ថា​ តើ​គ្រាប់​បែក​បរិមាណូ​របស់​Pakistan​អាច​បង្កើត​ឲ្យ​មាន​គ្រាប់​បែក​បរិមាណូ​អ៊ីស្លាម​ជ្រុល​និយម​មួយ​ដែរ​ឬ​ទេ​?

Source: http://www.rfi.fr/actukm/articles/108/article_346.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: