jump to navigation

បញ្ហាដែលរដ្ឋាភិបាលលោក Abhisit ត្រូវប្រឈមមុខ December 17, 2008

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, International.
Tags: , , ,
trackback

ដោយ សេង  ឌីណា

កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ សភាថៃបានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី គឺលោក Abhisit Vejjajiva មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ។ ព្រះ​រាជ​ក្រឹត្យ​តែងតាំង​ក៏​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ថៃ​ឡាយ​ព្រះហស្ថលេខាដែរ នៅ​ថ្ងៃ​ពុធ​នេះ។

ក៏ប៉ុន្តែ បើ​មើល​ទៅ​លើ​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ថៃ​នៅ​ពេល​នេះ នាយករដ្ឋមន្រ្តី​ថ្មី​​ប្រាកដ​ជា​នឹងត្រូវ​​​ប្រឈម​មុខ​នឹង​បន្ទុក​ដ៏​ធ្ងន់ធ្ងរ ដែល​ត្រូវ​ទូលរែក ជា​មិន​ខាន។

abhisit_151208_reuters_2001ក្នុង​វ័យ​៤៤​ឆ្នាំ លោក Abhisit Vejjajiva គឺ​ជា​នាយក​រដ្ឋមន្រ្តី​ក្មេង​ជាង​គេ​បំផុត​របស់​ថៃ ក្នុង​រយៈ​កាល​ជាង​៦០​ឆ្នាំ​កន្លង​មក​នេះ។ លោក​គឺ​ជា​អ្នក​នយោបាយ​ម្នាក់​​ដែល​មាន​ឈ្មោះ​ល្បី​ថា ស្អាត​ស្អំ មិន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ឬ​​ទំនាស់​ផល​ប្រយោជន៍​ណា​មួយ​ទេ ក្នុង​ពេល​ដែល​លោក​កាន់​តំណែង​ជា​សមាជិក​សភា​រយៈ​ពេល​១៦​ឆ្នាំ​កន្លង​ទៅ​នេះ។ នេះ​គឺ​ជា​រឿង​ដ៏​កម្រ​នៅ​ប្រទេស​ថៃ។

ដើម្បីបាន​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​ជា​ផ្លូវការ លោក Abhisit ត្រូវ​រង់​ចាំ​ការ​ប្រកាស​តែងតាំង​ពី​ព្រះ​មហាក្សត្រ​ថៃ​នៅ​ថ្ងៃ​ពុធនេះ។ បន្ទាប់​​ពី​នោះ​ លោក Abhisit នឹង​ត្រូវ​រៀបចំ​បង្កើត​​រដ្ឋាភិបាល​ថ្មី។ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹងអំពី​សមាសភាព​គណៈ​រដ្ឋមន្រ្តី​ថ្មី​របស់​លោក Abhisit ​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ អ្វី​ដែល​គេ​ដឹងច្បាស់​នោះ គឺ​ថា លោក Abhisit នឹងត្រូវ​​ប្រឈម​មុខ​​នឹង​បញ្ហាដ៏​សែន​​ស្មុគ​ស្មាញ​​​ នៅពេល​ឡើង​មក​កាន់​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ថ្មី។

បរិយាកាស​នយោបាយ​ក្តៅ​គគុក

បញ្ហា​ចម្បង​ទីមួយ និង​ជា​បញ្ហា​ស្មុគស្មាញ ហើយពិបាក​ដោះ​ស្រាយ​ជាង​គេ គឺ​រំងាប់​ភាព​តានតឹង​ផ្នែក​នយោបាយ​ដែល​កំពុង​តែ​ឆេះ​សន្ធោសន្ធៅ​នៅ​ពេល​នេះ។ សង្គម​ថៃ​ទាំង​មូល​បាន​​ប្រេះ​បែក​ជា​ពីរ៖ ម្ខាង​គឺ​ពួក​អ្នក​ជំនួញ បញ្ញាវ័ន្ត និង​ពលរដ្ឋ​ថៃ​ថ្នាក់​កណ្តាល​នៅ​តាម​ទី​ក្រុង ដែល​ប្រឆាំង​នឹង​លោក​អតីត​នាយករដ្ឋមន្រ្តី​ Thaksin Shinawatra និង​ម្ខាង​ទៀត​គឺ​​ពលរដ្ឋ​ថៃ​នៅ​តាម​ទី​ជនបទ​ដែល​គាំ​ទ្រលោក Thaksin

protesters_parliament_151208_reuters_2001បើ​តាម​មើល​ទៅ​លោក Abhisit ពិបាក​នឹង​ដើរ​តួ​ជា​អ្នក​បង្រួប​បង្រួម​គូ​ទំនាស់​ទាំង​ពីរ​នេះ​ខ្លាំង​ណាស់ ពី​ព្រោះ​ថា គណបក្ស​របស់​លោក គឺ​បក្ស​ប្រជា​ធិបតេយ្យ​ មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​នឹង​សម្ព័ន្ធ​ប្រជាធិបតេយ្យ ដែល​ជា​មេខ្លោង​ដឹក​នាំ​បាតុកម្មបិទ​ព្រលាន​​យន្តហោះ​​​ក្រុង​បាងកក នា​ពេល​ថ្មីៗនេះ រហូត​ធ្វើ​ឲ្យ​​រដ្ឋាភិបាល​ដួល​រលំ។ អ្នក​គាំទ្រ​លោក Thaksin បាន​ចាត់ទុក​ថា ​លោក Abhisit និង​ពួក​អាវលឿង គឺ​ជា​ក្រុម​តែមួយ ហើយថា រដ្ឋាភិបាល​របស់​លោក Abhisit គឺ​​​ជា​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​រដ្ឋប្រហារ។ កំហឹង​របស់​ពួក​អាវក្រហម​នៅ​តែ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ឡើយ ដូច​ដែល​​គេ​បាន​ឃើញ​ស្រាប់​ហើយថា នៅ​ក្រោយ​ពេល​ដែល​សភា​បាន​បោះ​ឆ្នោត​តែង​តាំង​លោក Abhisit ជា​នាយក​រដ្ឋមន្រ្តី​ថ្មី ពួក​អាវ​ក្រហម​បាន​តវ៉ា​ប្រឆាំង​ ដោយ​បាន​គប់​ដុំ​ថ្ម​លើ​ក្បួន​រថយន្ត​សមាជិ​ក​សភា​ទៀតផង។ កាល​ពី​ម្សិលមិញ​នេះ​ទៀត ក្រុម​អាវក្រហម​បាន​ទៅ​ឡោមព័ទ្ធ​ទី​ស្នាក់​ការ​គណបក្ស​ប្រជា​ធិបតេយ្យ ទី​ដែល​លោក Abhisit កំពុងប្រជុំ​ជា​មួយ​គណបក្ស​ជា​ដៃ​គូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ ដើម្បី​រៀបចំ​សមាសភាព​គណៈ​រដ្ឋមន្រ្តីថ្មី។ មេដឹកនាំ​ក្រុម​អាវក្រហម​បាន​ព្រមាន​ទៀតថា ពួក​គេ​នឹង​រៀប​ចំ​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ នៅសប្តាហ៍​ក្រោយ​ នៅ​ពេល​ដែល​លោក Abhisit ប្រកាស​អំពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី។

ចំណែក​ឯ​ខាង​ក្រុម​អាវ​លឿង​ឯណោះ​វិញ ក៏​បាន​ព្រមាន​ដែរ​ថា ពួក​គេ​នឹង​ចាប់​ផ្តើម​បាតុកម្ម​ឡើង​វិញ​ ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី​មិន​ធ្វើ​ការ​ផ្លាស់​ប្តូរ​របៀប​របប​ដឹកនាំ​ប្រទេស​ទេ​នោះ។ ពួក​អាវលឿង​បាន​ទាមទារ​ថា សមាជិក​សភា​មួយ​ផ្នែក​ត្រូវតែកើត​ចេញ​ពី​ការ​តែងតាំង មិនមែន​ដោយ​ការ​បោះឆ្នោត​ទាំង​អស់​ ដូច​ពេល​នេះ​ទេ។ នេះ​ជា​សំណើ​ ដែល​គណបក្ស​ប្រជា​ធិបតេយ្យ​​របស់​លោក Abhisit បាន​ច្រាន​ចោល​រួច​មក​ហើយ។

សេដ្ឋកិច្ចធ្លាក់​​ក្នុង​វិបត្តិ

បញ្ហា​ចម្បង​ទីពីរ ដែល​លោក Abhisit ត្រូវ​ប្រឈម​មុខ គឺ​ស្តារ​សេដ្ឋកិច្ចថៃ​ឡើង​វិញ។

​ការ​ខាត​បង់​ដែល​បណ្តាល​មក​ពី​ការ​បិទ​ព្រលាន​យន្ត​ហោះ​កន្លង​ទៅ​នេះ អាច​នឹង​មាន​ទំហំ​ដល់​ទៅ​រាប់​ពាន់​លាន​ដុល្លារ។ តែ​ការ​ខូច​ខាត​ធំ​ជាង​នេះ​ទៅទៀត​នោះ គឺ​​កេរ្តិ៍​ឈ្មោះ​របស់​ប្រទេស​ថៃ ដែល​សេដ្ឋកិច្ច​ពឹង​ផ្អែក​ខ្លាំង​លើ​វិស័យ​ទេសចរណ៍។ កាល​ពី​ព្រឹក​មិញ​នេះ លោក Abhisit បាន​ថ្លែង​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​បិទ​ព្រលាន​យន្តហោះនេះ និង​បាន​សន្យា​ថា រដ្ឋាភិបាល​របស់​លោក​នឹង​មិន​បណ្តោយ​ឲ្យ​មាន​បញ្ហា​នេះ​កើត​មាន​ជា​ថ្មី​ម្តង​ទៀត​ទេ។ ក៏​ប៉ុន្តែ ប៉ុណ្ណេះ​នៅ​មិនទាន់​អាច​ស្តារ​ទំនុក​ចិត្ត​​លើ​វិស័យ​ទេសចរណ៍​ថៃ​បាន​វិញ​នៅ​ឡើយ​ទេ។ អនុស្សាវរីយ៍​ជូរចត់​ថ្មីៗ​នេះ​ប្រាកដជា​ធ្វើ​ឲ្យ​ទេសចរបរទេសខ្លាច​រអា លែង​ចង់​មក​លេង​ស្រុក​ថៃ​ទៀត​ហើយ។ បូក​រួម​ជា​មួយ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​ទៀត​នោះ វា​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ថៃ​ត្រដរ​ខ្យល់​ជា​មិន​ខាន​នៅ​ឆ្នាំក្រោយ​នេះ។ តាម​ការ​ព្យាករ នៅឆ្នាំ​២០០៩ កំណើន​សេដ្ឋកិច្ច​ថៃ​ អាច​នឹង​ធ្លាក់​ចុះ​មក​នៅ​ក្រោម​៣% ហើយ​ពលរដ្ឋ​ថៃ​ប្រមាណ​១លាន​នាក់​អាច​នឹង​បាត់​បង់​ការងារ។

គណបក្ស​ប្រជា​ធិបតេយ្យ​សម្បូរ​អ្នក​មាន​ចំណេះ​ដឹង​ខាង​សេដ្ឋកិច្ច​ ដែល​អាច​ចូល​មក​ធ្វើ​ការ​ក្នុង​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នៅ​ពេល​នេះ។ លោក Abhisit ខ្លួន​ឯង​ក៏​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​សេដ្ឋកិច្ច ពី​សកល​វិទ្យា​ល័យ​ Oxford ដែរ។ ក៏​ប៉ុន្តែ បញ្ហា​ចោទ ត្រង់​ថា លោក Abhisit ប្រាកដ​ជា​នឹង​ត្រូវ​បង្ខំ​ចិត្ត​បែង​ចែក​ក្រសួង​សំខាន់​ៗ​មួយ​ចំនួន​ទៅ​​ឲ្យ​គណបក្ស​ដៃ​គូ​ក្នុង​រដ្ឋាភិបាល​។

parliament_special_session_151208_reuters_4321

សម័យ​ប្រជុំ​វិសាមញ្ញ​របស់​សភា​ថៃ ដើម្បី បោះឆ្នោត​ជ្រើស​តាំង​នាយក​រដ្ឋមន្រ្តី​ថ្មី នៅ​ថ្ងៃ​ទី​១៥ ធ្នូ ២០០៨ (រូបថត៖ Reuters)

រដ្ឋាភិបាល​ចម្រុះ​ដ៏​ផុយ​ស្រួយ

រដ្ឋាភិបាល​ចម្រុះ​នេះ​ហើយ​​ដែល​នឹង​ជា​បញ្ហា​ស្មុគស្មាញ​សំខាន់​ទី​បី​ ដែល​លោក Abhisit ត្រូវ​ប្រឈម​មុខ។ តាម​ការ​ពិត គណបក្ស​ប្រជា​ធិបតេយ្យ​មាន​សម្លេង​នៅ​ក្នុង​សភា​​តិច​ជាង​គណបក្ស​​ Phue Thai ដែល​គាំ​ទ្រ​លោក Thaksin ឆ្ងាយណាស់។ លោក​ Abhisit បាន​ឈ្នះ​ឆ្នោត​ឡើង​មក​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​នេះ គឺ​ដោយ​សារ​តែ​មាន​ការ​គាំទ្រ​ពី​គណបក្ស​តូច​ៗ​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត សូម្បី​តែ​គណបក្ស​ទាំង​នេះ​រួម​គ្នា​ហើយ ក៏​មាន​សម្លេង​ច្រើន​ជាង​​គណបក្ស Phue Thai តែ​៣៧​សម្លេង​តែ​ប៉ុណ្ណោះ។ គម្លាត​នេះអាច​​នឹង​កាន់​តែ​តូច​ទៅ​ទៀត នៅ​​ខែ​មករា​ខាង​មុខ​នេះ ក្រោយ​ពេល​ដែលមាន​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​សភាថ្មី ជំនួស​សមាជិក​សភា​២៩​រូប មក​ពីគណបក្សអំណាច​ប្រជា​ជន​ដែល​តុលាការ​ហាម​ឈប់​ឲ្យ​ធ្វើ​នយោបាយ។

ប្រឈម​មុខ​នឹង​បក្ស​ប្រឆាំង​ដែល​មាន​សម្លេង​ច្រើន​ប្រកៀក​ប្រកិត​បែប​នេះ តំណែង​របស់​លោក Abhisit មានភាព​ផុយ​ស្រួយ​ជា​ទី​បំផុត។ ឲ្យ​តែ​មាន​គណបក្ស​តូច​ណា​មួយ​ដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ ងាក​ទៅ​រក​បក្ស​ប្រឆាំង​វិញ​នោះ រដ្ឋាភិបាល​លោក Abhisit នឹង​ត្រូវ​រលំ​ភ្លាម។ ហេតុ​ដូច​នេះ​ហើយ​បាន​ជា​គេ​ចោទ​ជា​សំនួរ​ថា តើ​លោក Abhisit នឹង​មាន​អំណាច​ប៉ុណ្ណា​នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នេះ? តើ​រដ្ឋាភិបាល​នេះ​នឹង​មាន​ដង្ហើម​រស់​បាន​រយៈ​ពេល​យូរ​ប៉ុណ្ណា?

និយាយ​ជា​រួម​ទៅ បើ​មើល​ទៅ​លើ​បញ្ហា​ស្មុគស្មាញ​គ្រប់​ជំពូក​​ដែល​ត្រូវ​ដោះស្រាយ និង​ភាព​ផុយ​ស្រួយ​នៃ​រដ្ឋាភិបាល​ចម្រុះ​នៅ​ពេល​នេះទៀត ប្រសិន​បើ​​រដ្ឋាភិបាល​នេះ​អាច​ឈរ​ជាប់​បាន​​លើ​ស​ពី​មួយ​ឆ្នាំ​នោះ គឺ​អាច​រាប់​ថា​ជា​ជោគ​ជ័យ​មួយ​ដ៏​ធំធេង​ណាស់​ទៅ​ហើយ។ ប៉ុន្តែ ប្រសិន​បើ​ទី​បំផុត​ទៅ លោក Abhisit អាច​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នេះ​បាន​ដំណើរ​ការ​ទៅ​ល្អ ហើយ​អាច​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ថៃ​ឲ្យ​ត្រឡប់​មក​​ប្រក្រតីភាព​ឡើង​វិញ​បាន​នោះ លោក​នឹង​ក្លាយ​ទៅ​ជា​អ្នក​នយោបាយ​ដែល​មាន​ការ​គោរព​ និង​ការ​គាំទ្រ​ពី​ពលរដ្ឋ​ថៃ​ជា​ទូទៅ​ជា​មិន​ខាន។ ថា​មិន​បាន​ ​លោក​ Abhisit អាចនឹង​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ថៃ​ជា​ច្រើន​ឆ្នាំ​តទៅ​មុខ​ទៀត​ផង​​ក៏​មិន​ដឹង៕

Source: http://www.rfi.fr/actukm/articles/108/article_484.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: