jump to navigation

រដ្ឋាភិបាល​ជប៉ុន​បង្កើន​ថវិកា​ជាតិ​​ដើម្បី​ទប់​ទល់​នឹង​វិបត្តិ December 21, 2008

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ.
Tags:
trackback

ឆ្នាំ​២០០៩​គឺជា​ឆ្នាំ​ដ៏​អាក្រក់​មួយ​សម្រាប់​សេដ្ឋកិច្ច​ពិភព​លោក – Dominique Strauss-Kahn

ដោយ សេង  ឌីណា

កាល​ពី​ថ្ងៃ​សៅរ៍ ម្សិលមិញនេះ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​បង្កើន​ថវិកា​ជាតិ​ដល់​ទៅ ៥ម៉ឺន ៤ពាន់ លាន​ដុល្លារ​បន្ថែម​ទៀត ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ ក្រោយ​ពេល​ដែល​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ជប៉ុន​បាន​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់​អស់​រយៈ​ពេល​៦​ខែ​មក​ហើយ។

បន្ទាប់ពី​បណ្តា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​នៅ​អាមេរិក និង​អឺរ៉ុប ពេលនេះ ចូលដល់​ ប្រទេស​ជប៉ុន​ ដែល​សម្រេច​ជ្រើសរើស​យក​ការ​បង្កើន​ថវិកា​ជាតិ​មក​ធ្វើ​ជា​អាវុធ​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​។

កាល​ពី​សប្តាហ៍​មុន​ ជប៉ុន​បាន​អនុម័ត​ផែនការ​សេដ្ឋកិច្ច​ដែល​នឹង​ត្រូវ​ចំណាយ​លុយ​ដល់​ទៅ ២៥ម៉ឺន​ ៥ពាន់​លាន​ដុល្លារ​ម្តង​រួចម​កហើយ។ កញ្ចប់​ថវិកា​បន្ថែម​ ចំនួន៥ម៉ឺន ៤ពាន់​លាន ដែល​​គណៈ​រដ្ឋមន្រ្តី​ជប៉ុន​បាន​អនុម័ត​ កាល​ពី​ម្សិលមិញ​នេះ នឹង​យក​ទៅ​ចំណាយ​ក្នុង​ការ​កាត់បន្ថយ​ពន្ធ​អាករ ផ្តល់​ឥណទាន​ដល់​សហគ្រាស​តូចតាច  និង​ជួយ​ដល់​និយោជិត​កម្មករ​ជប៉ុន ដែល​កំពុងតែ​ជួប​នឹង​បញ្ហា។

ជប៉ុន ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទីពីរក្នុង​ពិភពលោក បន្ទាប់​ពី​សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​ដែល​ជាប់​បំណុល​បរទេស​ច្រើន​ជាង​គេ​បំផុត នៅ​ក្នុង​ចំណោម​ប្រទេស​ជឿនលឿន។ រដ្ឋាភិបាល​ជប៉ុន​តែងតែ​ប្រកាន់​យក​នូវ​នយោបាយ​​កាត់បន្ថយ​ឱនភាព​ថវិកា​ជាតិ​ ក៏​ប៉ុន្តែ ប្រឈម​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នៅ​ពេល​នេះ ជប៉ុន​មិន​មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​បង្កើន​​ថវិកា​ជាតិ ដើម្បីមក​​ទប់ទល់​នោះ​ទេ។

ការ​បង្កើន​ថវិកា​ជាតិ​នេះ បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​​ធនាគារ​កណ្តាល​ជប៉ុន​បាន​កាត់​បន្ថយ​អត្រាការ​ប្រាក់​​រហូត​ដល់​កម្រឹត​មួយ​ទាប​បំផុត គឺ​តែ ០,១% ក្នុង​មួយ​ឆ្នាំ។ វិធានការ​ទាំង​ពីរ​នេះ មាន​គោលដៅ​កាត់បន្ថយ​​ការ​យក​លុយ​ទៅ​ទុក​សន្សំ ប៉ុន្តែ ​ជម្រុញ​ឲ្យ​បង្កើន​ការ​ចំណាយ​ ដោយ​យក​លុយ​ទៅ​ទិញ​ដូរ ឬ​ទៅ​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗវិញ ដើម្បី​បង្កើន​តម្រូវការ​នៅ​លើ​ទីផ្សារ និង​បង្កើន​ផលិតផល​ក្នុង​ស្រុក។

គួរ​រំលឹក​ថា សេដ្ឋកិច្ច​ជប៉ុន​បាន​ចូល​ដល់​ដំណាក់​កាល​ដើរ​ថយក្រោយ នៅ​ពេល​ដែល​ផលិត​ផល​ក្នុង​ស្រុកសរុប​បាន​ធ្លាក់​ចុះ ០,៥% ក្នុង​រយៈ​ពេលពីរ​ត្រីមាស​ជាប់ៗគ្នា។ រដ្ឋាភិបាល​ជប៉ុន​បាន​ព្យាករ​ថា ពីពេល​នេះ រហូត​ដល់​ខែ​មិនា​ ឆ្នាំ​២០១០ កំណើន​សេដ្ឋកិច្ច​ជប៉ុន​គឺ​​ស្មើ​នឹង​សូន្យ មានន័យថា សេដ្ឋកិច្ច​ជប៉ុន​នឹង​គ្មាន​កំណើន​​បន្តិច​ណាទេ ដែល​ជា​លើក​ទីមួយ នៅ​ក្នុង​រយៈ​ពេល​៧ឆ្នាំ​កន្លង​មក​នេះ។

មិន​មែន​មាន​តែ​ជប៉ុន​មួយ​ទេ ដែល​សេដ្ឋកិច្ច​ធ្លាក់​ចូល​ក្នុង​​ដំណាក់​កាល​ដើរ​ថយក្រោយ ហើយ​បង្ខំ​ចិត្ត​បង្កើន​ថវិកា ដើម្បី​ទប់ទល់។ កន្លង​មក អាមេរិក និង​សហភាប​អឺរ៉ុប​ធ្លាប់​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ និង​បង្កើន​ថវិកា​ជាតិ​ជា​បន្ត​បន្ទាប់​មក​ហើយ។

នៅ​ឯ​កាណាដា​ឯណោះ​វិញ រដ្ឋាភិបាល​ក៏​បាន​សម្រេច​ចំណាយ​លុយ​ដល់​ទៅ ៤ម៉ឺន​លាន​ដុល្លារដែរ នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​​ដែល​កំពុង​តែ​ជួប​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ។

លោក Dominique Strausse-Kahn អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​ពិភពលោក នៅ​ឆ្នាំ​២០០៩​នេះ នឹង​មាន​ស្ថានភាព​អាក្រក់​បំផុត ហើយ​ថា រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​តែ​បង្កើន​ចំណាយ​​របស់​ខ្លួន ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​នេះ៕

Source: http://www.rfi.fr/actukm/articles/108/article_516.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: