jump to navigation

ផ្ទះ​ខ្មែរ​ (Maison du Cambodge​​) “ភាគបន្ត” December 31, 2008

Posted by chandrapong007 in Cambodia, History.
Tags: ,
trackback

សួស្តី​ឆ្នាំ​ថ្មី​២០០៩!

សូម​ឆ្នាំថ្មី​នាំមក​នូវ​សិរី​សួស្តី​សុភមង្គល​​​ដល់​ប្រជាជាតិ​ខ្មែរ​ទាំ​ងមូល។​​

សូម​ឲ្យ​​ទំព័រ​ប្រវត្តិសាស្រ្ត​ដ៍​ជូរចត់​ត្រូវ​បាន​បិត​ជា​ស្ថាបពរ​ជា​មួយ​និង​ឆ្នាំ​ចាស់​​។​​​ដើម្បី​ចូល​រួម​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ខ្ញុំ​សូម​ដក​ស្រង់​​ភាគ​បញ្ចប់​​នៃ ​ប្រវត្តិ​ផ្ទះ​ខ្មែរ​ នៅ​ប៉ារីស​ និង​ ជីវភាព​​របស់​និស្សិត​ខ្មែរ ​នា​សម័យកាល​ មុនឆ្នាំ១៩៧០​ ពី​ ប្រលោម​លោក​រឿង​ “ក្រឡេក​ មើល ​ភ្លើង​ឆេះ​ ស្រុក​ខ្មែរ​ ពី​ត្រើយ​ម្ខាង” ​​​​ដើម្បី​បាន​ជា​គតិ​ ពិចារណា​ រក​ការ​រីក​ចំរើន​ទៅ​អនាគត​សំរាប់​ប្រជា​ជាតិ​ខ្មែរ​យើង។​​

ប្រលោម​លោក ​ផ្នែក​មនោ​សញ្ចេតនា ​រឿង “​ក្រឡេក​មើល​ភ្លើង​ឆេះ​ស្រុក​ខ្មែរ​ពី​ត្រើយ​ម្ខាង” ​គឺ​ជា​ ស្នាដៃ​និពន្ធ​ ដោយ​ លោក​ ជៀប​គឹម​ហ៊ាង​​ និង ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ​ពា​ន​រង្វាន់​អក្សរសិល្ប៍​​សន្តិភាព​ ឆ្នាំ​១៩៩៧ ​បោះពុម្ពផ្សាយ​ដោយ​ សមាគម​អ្នក​និពន្ធ​ខ្មែរ​នៅ​បរទេស។​ រឿងនេះ​នឹង​នាំ​លោក​អ្នក​ទៅ​កាន់​ពិភព​ពិត​​ជាក់​ស្តែង​​របស់​និស្សិត​ខ្មែរ​នា​ទី​ក្រុង​ប៉ា​រីស​​​លាយឡំ​នឹង​ទៅ​នោរន​យោបាយ​បែកបាក់​ដ៍​គួរ​ឲ្យ​សង្វេក​​របស់​ប្រជាជាតិ​ខ្មែរ​​នៅ​បូរី​សាកលវិទ្យាល័យ​ប៉ា​រីស។​សូម​អញ្ចើ​ញ​តាម​ដាន​​ដោយ​រីក​រាយ​ដូច​ខាង​ក្រោម៖cite-universitaire-diapo-7

france_paris_cite_universitaire_maison_cambodge_01

cite-universitaire-diapo-8

pb1923324e

* ប្រវត្តិ​គេហដ្ឋាន​ខ្មែរ​នា​ទី​ក្រុង​ប៉ារីស​ (p10-17)

មាន១៥០​បន្ទប់ ​កសាងឡើងនៅ​ឆ្នាំ​១៩៥០ ​ដោ​យថវិការដ្ឋខ្មែរ។​គេហដ្ឋាន​ខ្មែរ​នៅ​ក្រុង​ប៉ា​រីស​ បាន​សម្ពោធ​ឡើង ​នៅ​ថ្ងៃ​២៤​តុលា​១៩៥៧ ​ក្រោម​អធិបតីភាព​ ព្រះ​ករុណា​ នរោត្តម​សីហនុ​ កាល​នៅ​ជា​ក្សត្រ​នៅ​ឡើយ។

និស្សិត​ខ្មែរ​ លាវ ​ឬ ​វៀតណាម ​ដែល​មក​រៀន​នៅ​ស្រុក​បារាំង​មុន​ឆ្នាំ​១៩៧០​ច្រើន​ស្នាក់​អាស្រ័យ​នៅ​​ “ផ្ទះ​ឥណ្ឌូចិន” ​ដែល​សម្ភោធ​ឡើង​នៅ​ឆ្នាំ​១៩៣០។​​

គេហដ្ឋានខ្មែរ​​ គេហដ្ឋាន​ឥណ្ឌូចិន​ ស្ថិតនៅ​ក្នុង​បូរី​មហាវិទ្យាល័យ​ស៊ីតេ​ (Cite Universitaire) ដែល​រួមផ្តុំ​ផ្ទះ​សាសន៍​ដ៍ទៃ​ផ្សេង​ទៀត​ (ទាំង​អស់មាន​ផ្ទះ៣៧​ប្រទេស)។​និស្សិត​ដែលនៅ​រៀន​ស៊ីតេ​មាន​ប្រមាណ​៥,០០០​នាក់​ មកពី​ ១២០​ប្រទេស។

តាម​ស្ថិតិ​ឆ្នាំ​១៩៦៣​ និស្សិតទាំង​អស់​មាន ​៥,៣០០​នាក់​។​និស្សិត​ប្រុស​មាន ​៤,​២៤៣ ​និស្សិត​ស្រី​មាន​១,០៦០។​ ​៨០%​នៃ​និស្សិត​ដែល​នៅ ស៊ីតេ​មាន​កំរិត​វិជ្ជា​លើស​ពី​បាក់​ឌុប​ទៅ​បី​ឆ្នាំ​ (2eme cycle)។​និស្សិត​នៅ​ស៊ីតេ​មាន​សិទ្ធ​ស្នាក់​អា​ស្រ័យ​បាន​ត្រឹម​តែ​រយៈ​ពេល​បី​ឆ្នាំ​ប៉ុណ្ណោះ​រួច​ត្រូវ​ទុក​កន្លែង​ឲ្យ​និស្សិត​ផ្សេង​ទៀត។

ផល្លា​សួរ​ទៅ លោក​សម្បត្តិ​ថា​៖

~ លោក​អុំ​ហេតុ​ដូច​ម្តេច​បាន​ជា​គេ​ប្រមូល​​ផ្តុំ​និស្សិត​ច្រើន​ដល់​ម្ល៉េះ​គេ​មិន​ខ្លាច​និស្សិត​បះបោរ​ទេឬ?

~ ផល្លា​ឲ្យ​យោបល់​នេះ​គឺ​ជា​គំ​និត​ខ្មែរ​យើង​និង​ជា​គំនិត​អ្នក​ដឹកនាំ​យើង​ខ្លះ​ដែល​ចូល​ចិត្ត​បំបែក​ដើម្បី​ស្រួល​ត្រួត។​ពី​ដើម​អុំ​ធ្លាប់ឬ​និង​ចាំ​កាល​ណោះ​និស្សិត​ធ្វើ​បាតុកម្ម​ស្រែក​ថា៖​​ “យ៉ែម​សំបូរ ​បើក​កាស៊ីណូ​ បិទ​មហាវិទ្យាល័យ​ ហៃ​ម៉ោងៗ”។​ គេមិន​បង្ហាត់​ឲ្យ​និស្សិត​ហាត់​រស់​នៅ​ជា​មួយ​គ្នា​ទេ​ថ្វី​ត្បិត​តែ​និស្សិត​ទាំង​នោះ​​នឹង​ក្លាយ​ទៅ ជាជន្ទល់​ប្រទេស​នៅ ថ្ងៃ​មុខ​ក៍​ដោយ។​គំ​និត​ជា​ចំ​បង​ដែល​ផ្តួច​ផ្តើម​​ឡើង​សង់​បូ​រី​មហា​វិ​ទ្យា​ល័យ​នេះ​កើត​មាន​នៅ​ពេល​ក្រោយ​​ពី សង្រ្គាម​លោក​លើក​ទី១ ​គឺ​ឆ្នាំ​១៩១៩ ​គឺ​ថា​​បន្ទាប់​ពី ការ​បង្កើត​អ​ង្ការ​សហប្រ​ជា​ជាតិ​ដែល​កាល​នោះ​មាន​ឈ្មោះ​ថា​ “សហគមន៍​ប្រជា​ជាតិ” ​(Societes des Nation)។​​គេ​រិះ​រក​បង្កើត​ឲ្យ​ដូ​ច​ជា​អង្គ​ការ​សហ​ប្រជាជាតិ​នូវ​ “សមាគម​និស្សិត​គ្រប់​ប្រទេស” (Societe des Etudiants de touts les nations) ប្រមូល​ផ្តុំ​អ្នក​ចេះ​គ្រប់​ប្រទេស​ឲ្យ​រៀន​រស់​នៅ​ជិត​គ្នា​ពិភាក្សាគ្នា​ជួប​ជុំ​គ្នា​រស់​នៅ​ជា​មួយ​គ្នា​ទទួល​ទាន​​ម្ហូប​អាហារ​ជា​មួយ​គ្នា​យល់គ្នា​ទៅ វិញ ទៅ​មក​ដែល​ប្រហែល​ជា​នឹង​អាច​នាំ​មក​នូវ​សន្តិ​ភាព​ដល់​ពិ​ភព​លោក​ទាំង​មូល​នៅ ថ្ងៃ​ក្រោយ។​ព្រោះ​អ្នក​ដែល​មក​ស្នាក់​រៀន​នៅ​ទី នេះ​សុទ្ធ​តែ​ជា​អ្នក​មាន​ថ្វី​ដៃ​ពូ កែឆ្នើម​។​អ្នក​ទាំង​នេះ​ដល់​រៀន​ចប់​ទៅ​ត្រឡប់​ទៅ ប្រទេស​ខ្លួន​វិញ​និង​ទទួល​ភារកិច្ច​ដឹកនាំ​កិច្ចការ​រដ្ឋ។​ការ​ដែល​ស្គាល់​គ្នា​នា​ពេ​ជា​និស្សិត​នឹង​អាច​ឲ្យ​ចំ​ណង​មេត្រី​ភាណ​រឹត​តែ​ប្រ​សើរ​ទៅ ទៀត។​ដូច្នេះ​ Cite Universitaire មិនមែន​ជា​សណ្ឋាគារ​សម្រាប់​ដេក​ប៉ុណ្ណោះ​ទេ​គឺ​សាង​ឡើង​ដើម្បី​រឹត​ចំ​ណង​សតិអារម្ម​រណ៍​និស្សិត​គ្រប់​ប្រទេស​ឲ្យ​រឹត​តែស្រឡាញ់​គ្នា​ដែល​ជា​ជំ​នួយ​សន្តិភាព​ដល់​ពិ​ភព​លោក​ទាំង​មូល​ផង។​និស្សិត​ទាំង​នោះ​ហាត់​រស់​នៅ ជា​មួយ​គ្នា​ដោយ​មាន​កន្លែង​ហាត់​ប្រាណ​ពីស៊ីនមុជ​ទឹក​បណ្ណាល័យ​កន្លែង​ទទួលទាន​បាយ​រួម​។ល។​​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​និស្សិត​នៃ​ប្រទេស​និមួយៗ​នឹក​ស្រុក​កំ​ណើត​របស់​ខ្លួន​ពេក​ប្រទេស​និមួយៗ​សង់ផ្ទះ​ទៅ​តាម​ទំ​នៀម​ទំ​លាប់​ប្រទេស​របស់​ខ្លួន​​សួន​ច្បារ​ក្បាច់​រចនា។​តែ​ផ្ទះ​និមួយៗ​ត្រូវ​ទទួល​យក​និស្សិត​ពី ប្រទេស​ផ្សេង​ទៀតដែរ​ក្នុង​ចំ​នួន​៤០%។​នេះ​ក៍គឺ​ដើម្បី​ប្តូរទៅ​វិញ​ទៅ​មក​នូវ​របប​និង​របៀប​រស់​នៅ។​ឈ្មោះ​បី​នាក់​ដែល​ជា​អ្នក​ផ្ជុង​ផ្តើម​ក្នុង​ការ​សាង​សង់ ​​Cite ​នេះ​គឺ៖​ Andre Honnorat រដ្ឋមន្រ្តី​ក្រសួង​អប់​រំ​ជាតិ, Paul Appel, Recteur, Emile Deutsch de la Meurth “អ្នក​មាន​ស្តុក​ស្តម្ភ”។​អា​គារ​នេះ​សម្ភោធ​ឡើង​នៅ​ឆ្នាំ​១៩៣៦។​ជំ​នួយ​ប្រាក់​ដើម្បី​សាង​សង់​បាន​មក​ពី​លោក​ Rockfeller Junior មហាសេដ្ឋី​អាមេរិកាំង។​គណរដ្ឋមន្រ្តី​បារាំង​បាន​អនុម័ត​ផែនការ​កសាង ​​Cite Universitaire ​នៅ​ថ្ងៃ​៧​​មិនា​១៩២១។​គេហដ្ឋាន​សង់​មុនដំបូង​គេ​បង្អស់​គឺ​ Deutsch de la Meurth។​គេយក​ឈ្មោះ​គាត់​ព្រោះគាត់ជា​អ្នក​ចេញលុយ​សង់​ផ្ទះ​នេះ។​​កើត​នៅ​ឆ្នាំ​១៨៨០​ លោក​ Deutsch de la Meurth ​បាន​ស្ថាបនា​សំណង់​ធំៗ​ដូច​ជា​ផ្ទះ​ពេទ្យ​ Rothschild ស្ថានីយ​មេត្រូ​ Saint Lazare ជាដើម។ នៅ​ឆ្នាំ​១៩២០​លោក​បាន​គូរ​គំរោង​សំ​ណង់​ផ្ទះ​សម្រាប់​និស្សិត​ស្នាក់​នៅ​។​គំ​រោង​បាន​ត្រូវ​​​គេចាប់​កសាង​​នៅ​ឆ្នាំ​១៩២៣​ខែ​ឧសភា​ហើយ​ចាប់​សម្ពោធ​ឡើង​នៅ​ថ្ងៃ​៩​កក្កដា​១៩២៥។

ផល្លា​បន្ត​សំណួរ​ថា៖

~ លោក​អុំ​ក្រោយ​ធ្វើ​រដ្ឋ​ប្រហារ​លន់​នល់​មក​ឬថា​និស្សិត​វាយ​តប់គ្នា​រហូត​ដល់​មាន​ស្លាប់ផង​មែន​ទេ?

លោក​សម្បត្តិ​ឆ្លើយ៖

~ និស្សិត​ដែល​មក​រៀន​នៅ​ប្រទេស​បារាំង​ភាគ ច្រើន​ជា​ជំ​រើស​នៃ​ប្រទេស​ជា​អ្នក​រៀន​ពូកែ។​​ជា​មនុស្ស​ធ្លាប់​ហែល​ប្រកួត​ប្រឡងប្រជែង​ ​តាម​របៀប​រៀន​សូត្រទំ​នើប គឺថា​ “​ចេះមកពីរៀន ​មាន​មកពីរក” ដែលខុស​នឹង​មនុស្ស​ជំពូក​ផ្នែក​បុរាណ ​ជឿលើ​ខ្មោចព្រាយ​ មន្តអាគមគាថា ​គឺទាល់​តែមាន​ខ្សែកថា ​ឬ​ កន្សែង​យន្ត​បាន​ឈ្នះគេ។​​ផ្ទុយទៅវិញ​នៅ​ផ្ទះ​ខ្មែរ​នា​ទីក្រុងបារីស​​មាន​មនុស្ស​ជំ​ពូក​មួយ​ទៀត​គឺ​អ្នក​ដែល​ឪពុកម្តាយ​បញ្ចូន​មករៀន​​ដោយលុយខ្លួនឯង​។​ខ្លះគ្មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​​និង​សមត្ថភាព​ផ្នែក​ខាង​ចំ​ណេះ​នឹង​រៀន​សាលាល្អៗទេ។​ឪពុក​ម្តាយ​ឲ្យ​មក​រៀន​សាលា​ឈ្នួលតិចតួច​ឲ្យបាន​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​។​លុះ​ដល់​ពេល​ត្រឡប់​ទៅ​ស្រុក​វិញ​ម្តាយ​ឪពុក​នឹង​លៃលក​រក​កន្លែង​គួរសម​ល្អ​ទុក​ឲ្យ​បុត្រ​សម្លាញ់ខ្លួន។​នៅ​ក្នុង​ជំពូក​នេះហើយ​ដែលមាន​មនុស្ស​ប៉ោឡែ​ខ្វះការ​ពិចារណា​ប្រើ​កម្លាំង​បាយ​ជា​ធំ​ហើយ​អាង​លើ​អំ​ណាច​ឪពុក។​ទោះ​ជា​នៅ​ក្នុង​ស្រុក​ក៍​ដោយ​មនុស្ស​ជំ​ពូក​​នេះ​ជា​ស្បូវ​ចំបើង​ដែល​ឆេះ​ឆាប់​ជាង​គេ​ហើយ​រាល​ដាល​ពាសពេញ​ភូមិ​ស្រុក​ខេត្ត​រហូត​ដល់​ទូទាំង​ប្រទេស។​

ផល្លា​បន្ត​សំណួរ៖

~ លោកអុំ!​សូម​មេត្តា​និទាន​ពី​រឿង​នៅ​ផ្ទះ​ខ្មែរ​ឲ្យបាន​វែង​ឆ្ងាយ​បន្តិច​ព្រោះ​​ខ្ញុំចង់​ដឹង​ថា​អ្នក​មាន​វិជ្ជា​មិនមែន​សុទ្ធ​តែ​មាន​សីលធម៌ទេ?

លោក​សម្បត្តិ​បន្ត៖

~ និស្សិត​ពេល​នោះ​មាន​គំនិត​​និន្នាការ​ទៅ តាម​ស្ថានភាព​នយោបាយក្នុង​ប្រទេស​គឺថា​ចែក​ជា​បី​​: ពួក​​ស្រឡាញ់​លន់​នល់​ – សិរិមតៈ – សឺងង៉ុក​ថាញ់​, ពួក​ខាង​សម្តេចឪ​, ពួក​ខាង​ឆ្វេង​ក្រហម​ខៀវ​សំផន (កាលណោះ​គ្មាន​អ្នក​ណា​ស្គាល់​ប៉ុល​ពត​ទេ)។​ពួក​ដែល​មាន​គំនិត​ក្រហម​ច្រើន​តែ​ពួក​រដ្ឋការ​ចាស់​មក​ធ្វើ​កម្មសិក្សា​ (អាយុពី​៣០​ទៅ ៤០​ឆ្នាំ)។​ភាគ​ច្រើន​ជា​អ្នក​ជឿន​លឿន​និយម​ដែល​ទើស​ទែង​គេឯង​នៅ​ក្រសួង​ហើយ​ត្រូវ​គេ​យក​ចេញ​បណ្តោះ​អា​សន្ត​ឬ​ក៍​ជា​ជន​ដែល​បួស​និង​រាជការ​ស្គាល់​គ្រលុក​គ្រលៀត​ល្បិច​អំ​ពើអ​យុត្តិធម៌ផ្សេងៗ​។​សំដី​គេ​ផ្អែម​ល្ហែម​ចិត្ត​ម៉ឺង​ម៉ាត់​ប្តេជ្ញា​មិនចូល​ស្រុក​ហើយ​តាំង​ខ្លួន​ជា​អ្នក​បដិវត្តន៍​ចូល​ព្រៃ។​ជី​វិត​អ្នក​ទាំង​នោះ​ពិបាក​ខ្សត់ក្រណាស់។​​ខ្លះដាច់​អាហារូបករណ៍​ខ្លះ​បានស៊ី​តែមួយ​គ្រប់​ឆ្អែត​ព្រោះភាគ​ច្រើន​ជា​កូន​កសិករ​ឬ​ឈ្មួញ​តូចតាច។​​ពួក​ក្រហម​យក​ចិត្ត​ទុកដាក់​នឹង​អ្នក​ដែល​ទើប​នឹង​មក​ដល់​ថ្មី​ណាស់។​មាន​​ការ​ពិបាក​អ្វី​ទៅ​ពឹង​ពាក់​សឹង​តែ​ជួយ​ធ្វើ​គ្រប់​សព្វ​បាន​ហើយ​គ្មាន​ទាម​ទារ​គុណ​ស្រ័យអ្វី​ទេ។​អ្វី​ដែល​គេ​ចង់​បាន​គឺ​ទាក់​ទាញ​យើង​ឲ្យ​ចូល​ក្រុម​ជា​មួយ​គេ។​ក្រុម​នេះ​គេ​ទាក់​ទង​ជា​មួយ​និស្សិត​នៃ​ជាតិ​ផ្សេងៗ​ដែល​មាន​និន្នាការ​ក្រហម​ដូច​គេ។​គេទាក់​ទង​ជា​មួយ​និស្សិតកុម្មុយនិស្ត​បារាំង​និស្សិតកុម្មុយនិស្ត​​វៀតណាម​លាវ​ប្រទេស​អាមេរិក​ខាង​ត្បូង​។ល។​គេ​និយាយ​ឆាប់​ត្រូវ​គ្នា​ណាស់។​ឯពួក​និស្សិត​ស្រឡាញ់​សម្តេច​វិញ​ពួក​នេះ​ដូចជា​ពួក​អ​ព្យាក្រិត​ដូច​ប្រទេស​កម្ពុជា​អញ្ចឹង​។​ភាគ ច្រើន​ជា​កូន​នាម៉ឺន​មន្រ្តី​ចាស់​ជំ​នាន់​ដើម​ដែល​បាន​បុណ្យសក្តិ​ដោយ​សារ​សម្តេច។​ខ្លះ​ទៀត​ជា​អ្នក​ស្រឡាញ់​បុគ្គល​សម្តេច​តែ​ម្តង។​ស្រឡាញ់​ដោយ​យល់​ថា​ព្រះ​អង្គ​ជា​អ្នក​ស្នេហា​ជាតិ​ម្នាក់។​ស្រឡាញ់​ព្រោះ​ព្រះ​អង្គ​គ្មាន​លួច​លុយ​ជាតិ​ដាក់​ធនាគារ​បរទេស​ដូច​ប្រមុខ​រដ្ឋ​ស្រុក​ផ្សេងៗ​ទៀត​ទេ។​ពួក​នេះ​រស់​នៅ​ដោយ​ស្ងាត់ស្ងៀម​​មិន​ជជែក​ទាម​ទារ​យក​ត្រូវ​ឫ​ខុស​ទេ។​គេ​ប្រឹង​រៀន​សូត្រ​តាម​ធម្មតា​ពុំ​សូវ​មាន​សកម្មភាព​អ្វី​ឡើយ។​ឯ​ផ្នែក​ទី​៣​គឺ​បក្ស​ពួក​សារធារណរដ្ឋ។​ពួក​នេះ​ភាគ​ច្រើន​ជាពួក​ដល់​ទី​និយម។​​អ្នក​ណា​ឈ្នះ​អញ​នៅ​ខាង​ណោះ​ហើយ។​លុយ​នៅ​កន្លែង​ណា​អញ​នៅ​កន្លែង​នោះ។​កន្លែង​ណា​ខ្លាញ់​ត្របាក់​បោល​ក្បាល​ជល់​គ្នា។​ពួក​នេះ​គ្មាន​ទ្រឹស្តី​ឫ​ឧត្តមគតិ​អ្វី​ទេ។​មាន​​ខ្លះ​ក្នុង​ចំ​ណោម​ពួក​នេះ​ស្អប់​ស្តេច​តែ​ម្តង​មិន​ដឹង​ជា​មាន​រឿង​អ្វី​ពិត​ប្រាកដ។​ខ្លះ​ជឿ​តាម​ឃោសនា​ជំ​នាន់​នោះ​ថា​សម្តេច​លក់​ដី​ឲ្យ​យួន​យៀក​កុង។​ខ្លះ​គាំ​ទ្រ​លន់​នល់​ព្រោះ​ស្អប់​យួន​។​ភាគ​ច្រើន​ជា​ក្មេង​ជំ​ទង់​ៗ​អាយុ​ពី​២០​ទៅ​២៥​ឆ្នាំ​ទទួល​ការ​អប់​រំ​តាម​ខេមរយានកម្ម​បាន​អាហារូបករណ៍​ដោ​យ​រដ្ឋាភិបាល​ខ្មែរ​បញ្ចូន​មក។​ខ្លះ​ទៀត​ជា​និស្សិត​មក​រៀន​ដោយ​សារ​សម្បត្តិ​ឪពុក​ម្តាយ​ដែល​លួច​បណ្តោះ​កូន​ឲ្យ​រត់​ចាក​ប្រទេសជាតិ​ព្រោះ​ខ្លាច​ភ្លើង​សង្រ្គាម​។​ពួក​នេះ​​ភាគ​ច្រើន​ពុំ​មាន​សញ្ញា​ប័ត្រ​គ្រប់​គ្រាន់​ឫ​ត្រឹម​ត្រូវ​នឹង​អាច​ចូល​រៀន​សាលា​ជាតិ​បារាំងទេ។​ពួក​នេះ​ហើយ​ដែល​ថ្ងៃ​ក្រោយ​ទៅ ជា​ពួក​ក្មេង​ដៃ​ដល់​ពុំ​សូវ​រិះ​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ធ្លាប់​ធ្វើ​អ្វី​ស្រេច​អំ​ពើ​ចិត្ត​ដោ​យ​ឪពុក​ម្តាយ​ចិញ្ចឹម​ជួយ​ផ្គត់​ផ្គង់​គ្រប់​សព្វសារ​ពើ។​ក្រៅ​ពីនេះ​មាន​អ្នក​ខ្លះ​គេ​ឥត​ចូល​បក្ស​សម្ព័ន្ត​ដែរ​តែ​មនុស្ស​យើង​រមែង​តែង​តែ​បិត​ផ្លាក​លើ​គេ​ជា​និច្ច។​អ្នក​ដឹក​នាំ​ឈ្លោះ​គ្នា​​ប្រជារាស្រ្ត​ឈ្លោះ​គ្នា។​និស្សិត​ឈ្លោះ​គ្នា​មិត្តភកិ្ត​មិន​ចុះ​សំ​រុង​គ្នា។​​បង​ប្អូន​ឈ្លោះ​គ្នា​សង្សារ​បែក​បាក់គ្នា។​​មនុស្ស​ម្នាចែក​ជា​ក្រុម​ជា​បក្ស​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ម្នាក់​ចោទ​ម្នាក់​ជា​គិញ​ជា​ភ្នាក់​ងារ​ក្រុម​មួយ​អ្នក​នេះ​ក្បត់​អ្នក​នោះ​ក្បត់​។ល។​ការ​រស់​នៅ​កាន់​តែ​តឹង​តែង​ទៅ​ៗ។

ផល្លា​សួរ​បន្ត៖

~ លោកអុំ​ទៅ ដល់​ទី​ក្រុង​ប៉ារីស​​មុន​ដំបូង​តើ​រំ​ភើប​យ៉ាង​ណា​ទៅ?

~ អុំ​មក​ដល់​នៅ​ថ្ងៃ​២៣​កញ្ញា​១៩៧០​គឺ​មួយ​អាទិត្យ​មុន​ពេល​ចូល​រៀន។​រដូវ​ស្លឹក​ឈើ​ជ្រុះ​ចាប់​ផ្តើម​ហើយ។​មេឃមី​ខ្មៅ​ឥត​រស្មី​ព្រះ​អាទិត្យ។​ស្លឹក​ឈើ​លឿង​ទុំ​ចាប់​ជ្រុះ​រពុយលើ​ស្មៅ​ឫ​ដី​សើមៗ។​ជា​រដូវ​ស្រងេះ​ស្រងោច​បំ​ផុត​សម្រាប់​ជនណា​ដែល​ឃ្លាត​ឆ្ងាយ​ពី​ប្រទេស​ឆ្ងាយ​ពី​គ្រួសារ​ឆ្ងាយ​ពីសង្សារ។​គេ​ហៅ​ថា​ជម្ងឺ​នឹក​ស្រុកទេស!​​ពេល​ដែល​ឃ្លាត​ឆ្ងាយ​ទើប​ដឹង​ថា​គ្រួសារ​មិត្តភក្តិ​មាន​សារៈ​សំ​ខាន់​សម្រាប់​ជី​វិត​យើង​រាល់​ថ្ងៃ។​ព្រលឹម​ស្រាងៗ​កប៉ាល់​ហោះ​ចុះ​ចត​នៅ​ចំ​ណត​អាកាសយាន​អ័រលី​អ្វីៗ​ប្លែក​ទាំង​អស់​ធំៗ​ជាង​ស្រុក​យើង។​​ភាសាខ្មែរ​លែង​ប្រើ​ហើយ។​ជុំ​វិញ​ខ្លួន​​សុទ្ធ​តែ​សាសន៍​ច្រមុះ​ស្រួច​ធ្វើ​ដំ​ណើរ​រហ័ស​រហួន​ស្លៀក​ពាក់​ខោអាវ​ស្អាត​បាត។​អុំ​ដូច​អ្នក​ស្រែ​ចូល​ក្រុង​អញ្ចឹង​គេ​ឯ​ទៀត​មាន​បង​ប្អូន​គេ​មក​ទទួល។​

* ជីវភាព​នៅ​ផ្ទះខ្មែរ​ (p18-21)

 

Related links:

[1]. បុណ្យ​ខួប​​គំរប់​ ៥០​ឆ្នាំ​នៃ​ផ្ទះ​ខ្មែរ ក្នុង​ប្រទេស​បារាំង​

[2]. Règlement Intérieur, Maison du Cambodge

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: