jump to navigation

តើ​អ្វី​ជា​មូលហេតុ​ជម្រុញ​ឲ្យ​អ៊ីស្រាអែល​វាយ​ប្រហារ​លើ Gaza? January 6, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Politics.
Tags: , ,
trackback

ដោយ សេង  ឌីណា

ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​ ទៅ​លើ​ Gaza នៅ​ពេល​នេះ គាប់​ជួន​ពេល​អ៊ីស្រាអែល​កំពុង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជាតិ។ ម្យ៉ាង​ទៀត សហរដ្ឋអាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​នោះ ក៏​កំពុង​ស្ថិត​ក្នុង​អន្តរកាល​ទៅទៀត។ លោក​ Georges W Bush ​ត្រូវ​ចប់​អណត្តិ ចំណែក​លោក Barack Obama នៅ​មិនទាន់​ឡើង​កាន់​តំណែង​ជា​ផ្លូវ​ការ​នៅឡើយ។ ទាំង​នេះ ធ្វើ​ឲ្យ​មាន​សំនួរ​ចោទ​ឡើង​អំពី​មូលហេតុ​ដែល​ជម្រុញ​ឲ្យ​អ៊ីស្រាអែល​ធ្វើ​សង្រ្គាម​នៅ Gaza នៅ​ពេល​នេះ។

​គណបក្ស​កាន់​អំណាច​​អ៊ីស្រាអែល​ចង់​យក​ចំណេញ​ផ្នែក​នយោបាយ​?

មក​ទល់​ពេល​នេះ រដ្ឋាភិបាល​របស់​លោក Ehoud Olmert គ្រាន់​តែ​ជា​រដ្ឋាភិបាល​បណ្តោះអាសន្ន​ប៉ុណ្ណោះ រង់​ចាំ​រដ្ឋាភិបាល​ថ្មី ដែល​នឹង​កើត​ចេញ​ពី​ការ​បោះឆ្នោត នៅ​ខែ​កុម្ភៈ​ខាង​មុខនេះ។

នៅ​មុន​​ពេល​អ៊ីស្រាអែល​​ចាប់​ផ្តើម​ទម្លាក់​គ្រាប់​បែក​នៅ Gaza ការ​ស្ទាប​ស្ទង់​មតិ​បង្ហាញ​ថា គណបក្ស​ប្រឆាំងរបស់​អ៊ីស្រាអែល ដែល​ជា​គណបក្ស​ស្តាំ​និយម ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្រ្តី Benjamin Netanyahu​ កំពុង​មាន​ប្រៀប​ជាង​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ ដោយ​ពលរដ្ឋ​អ៊ីស្រាអែល​ខឹង​សម្បារ​នឹង​រដ្ឋាភិបាល​លោក Olmert ដែល​បរាជ័យ​ក្នុង​សង្រ្គាម​​នៅ​លីបង់​ផង ហើយ​ម្យ៉ាង​ទៀត បាន​ប្រកាន់​ជំហរ​ទន់​ខ្សោយ​ជាមួយ​ពួក Hamas នៅ Gaza បណ្តោយ​ឲ្យ​ពួក​នេះ​បាញ់​ផ្លោង​ Roquette មក​លើ​អ៊ីស្រាអែល​រាល់​ថ្ងៃ។ ដូចនេះ​ រដ្ឋាភិបាល​ត្រូវ​តែ​​ខិតខំ​ស្តារ​ប្រជា​ប្រិយភាព​ឡើង​វិញ​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ នៅ​ខែ​កុម្ភៈ​ហ្នឹង។

ប៉ុន្តែ ដើម្បី​សម្រេច​តាម​គោលដៅ​នយោបាយ​នេះ​ គោលដៅ​ផ្នែក​យោធា គឺ​នៅ​តែ​ដដែល​ពោល​គឺ​ធ្វើ​យ៉ាង​ណា​បញ្ឈប់ ឬ​ក៏​យ៉ាង​ហោចណាស់​កាត់​បន្ថយ​​ការ​បាញ់​ផ្លោង Roquette ពី​សំណាក់​ពួក Hamas ព្រោះថា បើ​កងទ័ព​អ៊ីស្រាអែល​មិន​អាច​បញ្ឈប់​ការ​បាញ់​ផ្លោង Roquette ទេ ប្រជាប្រិយភាព​មិន​ត្រឹម​តែ​កើន​ឡើងទេ វា​នឹង​អាច​កាន់​តែ​ធ្លាក់​ចុះ​ទៅទៀត​ផង។

យើង​សង្កេត​ឃើញថា មក​ទល់​ពេល​នេះ ប្រជាប្រិយភាព​រវាង​គណបក្ស​ Kadima ដែល​ជា​បក្ស​កាន់​អំណាច​បាន​កើន​ឡើង​មក​ប្រកៀក​ប្រកិតនឹង​​គណបក្ស Likud របស់​លោក Benjamin Netanyahu

អ៊ីស្រាអែល​ចង់​បញ្ចេញ​ចង្កូម​​បង្ហាញ​សត្រូវ

livni_netanyahu_reuters_200ប្រទេស​អ៊ីស្រាអែល គឺ​ជា​ប្រទេស​តែ​មួយ​គត់ នៅ​តំបន់​ដើម​បូព៌ា ដែល​មិន​កាន់​សាសនា​អ៊ីស្លាម។ នៅ​ជុំ​វិញ​អ៊ីស្រាអែល​ មាន​សុទ្ធ​តែ​ជា​គូ​សត្រូវ​យូរ​ឆ្នាំ។ ប្រទេស​ទាំង​នោះ​សុទ្ធ​តែ​ជា​ប្រទេស​ធំៗ ហើយ​មាន​ប្រជា​ជន​ច្រើន​ជាង​អ៊ីស្រាអែល​រាប់​រយ​ដង។ អ៊ីស្រាអែល​ និង​បណ្តា​ប្រទេស​អារ៉ាប់​ទាំងនេះ​ធ្លាប់​ធ្វើ​សង្រ្គាម​ជាមួយ​គ្នា​ជា​ច្រើន​ដង​ណាស់​មក​ហើយ តែ​រាល់​លើក​ អ៊ីស្រាអែល​តែង​តែ​បាន​​វាយ​ពួក​នេះ​ឲ្យ​រាប ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​ដែល​នៅ​ជុំ​វិញ​នេះ មួយ​ណា​ក៏​ញញើត​នឹង​កម្លាំង​យោធា​អ៊ីស្រាអែល​ដែរ។ អ៊ីស្រាអែល​គឺ​ជា​មហា​អំណាច​យោធា​​លេខ​មួយ​នៅ​ក្នុង​តំបន់។

ប៉ុន្តែ មក​ដល់​ឥឡូវ​នេះ ឥទ្ធិពល​របស់​អ៊ីស្រាអែល​ហាក់​ដូច​ជា​ថយ​ចុះ​បន្តិចម្តងៗ។ ប្រទេស​នៅ​ជុំវិញ​នេះ​ ជា​ពិសេស ស៊ីរី និង​អៀរ៉ង់ រួម​ទាំង​ពួក Hezbollah និង Hamas ហាក់​ដូច​ជា​គ្មានកោត​ញញើត​អ៊ីស្រាអែល​អ្វី​បន្តិច​ទេ។ ហេតុ​ដូច​នេះ​​ហើយ​បាន​ជា​អ៊ីស្រាអែលចង់​បង្ហាញ​សាច់​ដុំ​ខ្លះ​ប្រាប់​ប្រទេស​ជុំវិញ​ហ្នឹង​ថា អ៊ីស្រាអែល​នៅ​តែ​មាន​ចង្កូម​ធំ​នៅ​ឡើយ​ទេ កុំ​ចង់​ល!

កត្តា Obama ?

​នៅ​ក្នុង​ពេល​ដែល​លោក Bush កាន់​តំណែង​ជា​ប្រធានាធិបតី អាមេរិក​តែង​តែ​គាំទ្រ​អ៊ីស្រាអែល​យ៉ាង​ពេញ​ទំហឹង។ ពេល​នេះ លោក​ Bush បាន​ចប់​អណត្តិ​ទៅ​ហើយ។ អ៊ីស្រាអែល​កំពុង​បារម្ភ​​ខ្លាច​លោក Barack Obama ឡើង​មក​កាន់​អំណាច នៅ​ថ្ងៃ​ទី​២០ មករា ខាង​មុខនេះ អាមេរិក​អាចនឹង​កាត់​បន្ថយ​​ការ​គាំទ្រ​ដល់​អ៊ីស្រាអែល។

​​ដូចនេះ​ ​ឆ្លៀត​ពេល​ដែល​លោក​ប៊ូស​នៅ​ធ្វើ​ជា​ប្រធានាធិបតី​ពីរ-បី​អាទិត្យ​ទៀត ទម្រាំ​ដល់​ថ្ងៃ​២០ មករា អ៊ីស្រាអែល​​ឆ្លៀត​វាយប្រហារ​លើ​ពួក Hamas ឲ្យ​ហើយ ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​លោក Bush

ពេល​នេះ​យើង​ឃើញ​ថា លោក​ Bush នៅ​តែ​បន្ត​​គាំទ្រ​អ៊ីស្រាអែល​​មែន។ ពេល​អ៊ីស្រាអែល​ទម្លាក់​គ្រាប់​បែក​លើ​ Gaza រដ្ឋាភិបាល​លោក​ប៊ូស​ប្រកាស​គាំទ្រ​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល ដោយ​លើក​ឡើងថា នេះ​ជា​​សិទ្ធិ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល។ គឺ​ពួក Hamas ឯណោះ​ទេ ដែល​ជា​អ្នក​បង្ករ​រឿង ​បាញ់​ផ្លោង Roquette លើ​អ៊ីស្រាអែល។

ប៉ុន្តែ ទោះ​យ៉ាង​ណា​ក៏​ដោយ ពេល​នេះ​ សង្រ្គាម​នៅ Gaza បាន​ផ្ទុះ​ឡើង​ទៅហើយៗ មើល​ទៅ ​មិន​អាច​បញ្ចប់​ភ្លាមៗ​ទេ។ វិបត្តិ​នៅ​ដើម​បូព៌ា​នេះ ប្រាកដ​​​ជា​ក្លាយ​ទៅ​ជា​​បញ្ហា​ឈឺ​ក្បាល​មួយ​ទៀត ដែល​​កំពុង​រង់​ចាំ​លោក Obama នៅ​សេតវិមាន! ជា​ពិសេស វា​នឹង​ក្លាយ​ទៅ​ជា​បន្ទុក​ដ៏​ធ្ងន់​មួយ​ដែល​លោកស្រី Hillary Clinton ត្រូវ​ទូលរែក ក្នុង​ឋានៈ​ជា​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក៕

ប្រភព: http://www.rfi.fr/actukm/articles/108/article_615.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: