jump to navigation

អូបាម៉ា៖ សន្តិភាព​នៅ​ដើម​បូព៌ា​ជា​អាទិភាព​មួយ​នៃ​រដ្ឋាភិបាល​ថ្មី January 12, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, International, Politics.
trackback

ដោយ សេង  ឌីណា

កន្លង​មក មាន​មតិ​ជា​ច្រើន​បាន​រិះគន់​លោក Obama ថា​នៅ​ស្ងាត់ស្ងៀម​គ្មាន​ប្រតិកម្ម​អ្វីសោះ​​ទៅ​នឹង​សង្រ្គាម​អ៊ីស្រាអែល នៅ Gaza។ នៅ​ក្នុង​បទ​សម្ភាសន៍​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ ABC កាល​ពី​យប់​មិញ​នេះ លោក​ Obama  បាន​សន្យាថា បញ្ហា​សន្តិភាព​នៅ​ដើមបូព៌ា​គឺជា​អាទិភាព​​មួយ ដែល​​​លោក​នឹង​​ដោះស្រាយ​នៅ​ពេល​ចូល​កាន់​តំណែង នៅ​ថ្ងៃ​ទី២០ មករា ខាង​មុខ។

usa_obama_reuters_432

អូបាម៉ា​សន្យាថា​នឹង​ចាប់​ផ្តើម​ធ្វើការ​ស្វែង​រក​ដំណោះសន្តិភាព​នៅ​ដើមបូព៌ា នៅ​ថ្ងៃ​ទីមួយ​ដែល​លោក​ឡើង​កាន់​តំណែង

កាល​ពី​យប់​មិញ​នេះ លោក Barack Obama ប្រធានាធិបតី​អាមេរិក ដែល​ទើប​នឹង​ជាប់​ឆ្នោត​ បាន​ផ្តល់​បទ​សម្ភាសន៍​មួយ​ជា​មួយ​ទូរទស្សន៍​អាមេរិក ABC ។ នៅក្នុង​បទ​សម្ភាសន៍​នេះ លោក Obama បាន​លើក​ឡើង​​អំពី​បញ្ហា​ជា​ច្រើន​ ដែល​ក្នុង​នោះ​ក៏​មាន​វិបត្តិ​នៅ​ដើម​បូព៌ា និង​វិបត្តិ​នុយក្លេអ៊ែរ​អៀរ៉ង់​ផងដែរ។

លោក​ Obama បាន​ថ្លែងថា ដំណើរការ​សន្តិភាព​នៅ​ដើមបូព៌ា​គឺ​ជា​អាទិភាព​មួយ​របស់​លោក ហើយ​ថា លោក​កំពុង​តែ​រៀបចំ​ក្រុមការងារ​ពិសេស​ឲ្យ​ធ្វើការ​លើ​បញ្ហា​នេះ។ លោក​បាន​សន្យា​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ចាប់​ផ្តើម​​ធ្វើការរិះរក​ដំណោះស្រាយ​​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​​នេះ​ភ្លាមៗ​ក្រោយ​ពី​លោក​ស្បថ​ចូល​កាន់​តំណែង នៅ​ថ្ងៃ​ទី​២០ មករា សប្តាហ៍ក្រោយ​នេះ។

មិន​​អាច​មាន​ប្រធានាធិបតី​ពីរ​ក្នុង​ពេល​តែមួយ

ទោះជា​យ៉ាង​ណា​ លោក​ Obama គ្រាន់​តែ​បាន​និយាយ​ទៅ​ដល់​ដំណើរ​ការ​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​​ជា​ទូទៅ​ តែ​មិន​បាន​និយាយ​ចំៗ​ពី​ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល ដែល​កំពុង​ធ្វើ​ នៅ Gaza ពេល​នេះ​ទេ។ ថ្កោល​ទោស​អ៊ីស្រាអែល ក៏​មិន​ថា គាំទ្រ​ក៏​មិន​និយាយ គ្រាន់​តែ​បាន​លើក​ឡើងថា រដ្ឋាភិបាល​​អ៊ីស្រាអែល​មាន​សិទ្ធិ​ក្នុងការ​ការពារ​សន្តិសុខ​ពលរដ្ឋ​​របស់​គេ។ ទាក់ទង​នឹង​​​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល និង Hamas ក៏​លោក​មិន​បាន​និយាយដល់​ដែរ។

លោក Obama ​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​ថា ប្រទេស​មួយ​មិន​អាច​មាន​ប្រធានាធិបតី​ពីរ​បាន​ទេ។ ប្រធានាធិបតី​អាមេរិក​នៅ​ពេលនេះ គឺ​មាន​តែ​លោក​ Bush ម្នាក់​ប៉ុណ្ណោះ។ ចំណែក​រូប​លោក​​​វិញ នៅ​មិន​ទាន់​បាន​ស្បថ​ចូល​កាន់​តំណែង មិន​ទាន់​បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ជា​ផ្លូវការ​នៅ​ឡើយទេ។ ដូចនេះ លោក​​មិន​ចង់​​​លូក​ដៃ​កកូកកាយ​ចូល​ក្នុង​កិច្ចការ​បរទេស​អាមេរិក​នៅ​ពេល​នេះ​ទេ។ ទុក​ឲ្យ​លោក​ Bush ​ជា​អ្នក​ចាត់​ចែង​តែ​ម្នាក់​ឯងចុះ។

មិន​និយាយ​ស្តី​ មិន​មែន​បាន​ន័យ​ថា​មិន​គិតគូរនោះ​ទេ

នៅ​យប់​មិញ​នេះ លោក Obama ​ចង់​បញ្ជាក់ថា នៅ​ពេល​ដែល​​លោក​​មិន​និយាយ​ មិន​មាន​ប្រតិកម្ម​ទៅ​នឹង​សង្រ្គាម​​នៅ Gaza មិន​មែន​មាន​ន័យ​ថា លោក​មិន​បាន​គិតគូរ​ដល់​ទេ។ លោក​កំពុង​តែ​ប្រុង​ប្រៀប​រៀបចំ​​ធ្វើ​កិច្ចការ​នេះ​ហើយ។ រង់​ចាំ​តែ​ពេល​ឡើង​កាន់​តំណែង​ផ្លូវការ​សិន​ប៉ុណ្ណោះ។ ម្យ៉ាងទៀត អាទិភាព​របស់​​លោក​ Obama ​មិន​មែន​ត្រឹម​តែ​បទ​ឈប់​បាញ់​នៅ Gaza នៅ​ពេល​នេះ​ទេ តែ​គិតគូរ​ទៅ​ដល់​ដំណើរ​ការ​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ទាំង​មូល​តែ​ម្តង។

ទោះជា​យ៉ាងណា លោក Obama មិន​បាន​បញ្ជាក់​លំអិត​ថា តើ​រដ្ឋាភិបាល​របស់​លោក​នឹង​ដោះស្រាយ​បញ្ហា​នៅ​ដើមបូព៌ា​នេះ​ដោយ​របៀប​ណា​នោះទេ។ លោក​គ្រាន់​តែ​បាន​បង្ហើប​ថា លោក​នឹង​មិ​នដើរតាម​គន្លង​រដ្ឋាភិបាល​ចាស់​នោះទេ ព្រោះថា កន្លងមក ទាំង​នយោបាយ​របស់​ប្រធានាធិបតី Bush និង​នយោបាយ​របស់​ប្រធានាធិបតី Bill Clinton សុទ្ធ​តែ​​រក​ដំណោះស្រាយ​អ្វី​មិន​បាន។

អៀរ៉ង់​នឹង​ជា​អម្រែក​ដ៏ធ្ងន់​មួយ

បើ​តាម​មើល​ទៅ លោក Obama ​ចង់​មាន​ន័យ​ថា រដ្ឋាភិបាល​របស់​​លោក​នឹង​យល់​ព្រម​ជជែក​ជា​មួយ​គ្រប់​គូភាគី​ទាំង​អស់ ដែល​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន រួម​ទាំង​ពួក Hamas នេះ​ផង ព្រោះ​កន្លង​មក​យើង​ឃើញហើយ​ថា លោក​ Bush បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​មិន​​និយាយ​ជា​មួយ​ពួក Hamas ទេ ជាមួយ​ស៊ីរី និង​អៀរ៉ង់ ក៏​លោក Bush មិន​ព្រម​និយាយ​ជាមួយ​ដែរ។ កាល​ពី​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​អូបាម៉ា​បាន​បញ្ជាក់​ច្បាស់ៗ​ជា​ច្រើន​ដង ថា​ លោក​​នឹង​មិន​ប្រកាន់​យក​នយោបាយ ​បិទទ្វារ​ កាត់​ស្ពាន​ ដូច​ដែល​​លោក Bush ធ្លាប់​​ធ្វើ​នេះ​ទេ។

នៅ​ក្នុង​បទសម្ភាសន៍​យប់មិញនេះ លោក​អូបាម៉ា​ក៏​បាន​​លើក​ឡើង​ដែរ​អំពី​នយោបាយ​​​ចំពោះ​អៀរ៉ង់។ ដូច​ជា​គាត់​ធ្លាប់​បាន​លើក​កាល​ពី​ក្នុង​យុទ្ធការ​ឃោសនា​បោះឆ្នោត​អ៊ីចឹង គឺ​គាត់​នឹង​សុខចិត្ត​ជួប​ជជែក​ជា​មួយ​មេដឹកនាំ​អៀរ៉ង់ ដើម្បី​រក​ដំណោះស្រាយ​​វិបត្តិ​នុយក្លេអ៊ែរផង និង​រកដំណោះស្រាយ​សន្តិភាព​នៅ​ដើមបូព៌ា​ផង។

ដូចនេះ នៅ​ក្នុង​បទ​សម្ភាសន៍​យប់មិញ​នេះ យើង​ឃើញថា ជា​រួម យុទ្ធសាស្រ្ត​គន្លឹះ​របស់​លោក Barack Obama នៅ​មជ្ឈិមបូព៌ា ទាំង​បញ្ហា​នុយក្លេអ៊ែរ​អៀរ៉ង់ ទាំង​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន គឺការ​ប្រកាន់​យក​នូវ​នយោបាយ​បើក​ចំហរ ការ​​ជជែក​គ្នា​ជា​មួយ​គ្រប់​តួអង្គ​​ទាំង​អស់ដែល​ពាក់ព័ន្ធ ដោយ​មិន​មាន​ប្រកាន់​ថា ​អ្នកនេះ​បាន​និយាយ​ជា​មួយ អ្នកនោះ​ផាត់​ចេញ អត់​និយាយ​​ចូល ដូច​កាល​លោក​ Bush នោះ​ទេ!

ប្រភព: http://www.rfi.fr/actukm/articles/109/article_731.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: