jump to navigation

What Obama Means to Asia?/ តើ​ប្រធានាធិបតី​ថ្មី​អាមេរិក​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​អាស៊ី​? January 25, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, International, Politics.
trackback

resultat_elections_americaines_6241

តើ​ប្រធានាធិបតី​ថ្មី​អាមេរិក​មាន​អត្ថន័យ​យ៉ាង​ណា​ចំពោះ​អាស៊ី​?

ដោយ សេង  ឌីណា 

ការ​ស្បថ​ចូល​កាន់​តំណែង​របស់​លោក Barack Obama ជា​ប្រធានាធិបតី​​ស្បែក​ខ្មៅ​ទី​មួយ​របស់​អាមេរិក​ ​ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ មិន​ថាតែ​នៅ​អាមេរិក​ទេ តែ​នៅ​ទាំង​ពិភពលោក​ទាំង​មូល ក្នុង​នោះ​រួម​ទាំង​បណ្តា​ប្រទេស​នៅ​អាស៊ី​ផង។ នេះ​គឺ​ជា​សារ​មួយ​បង្ហាញ​អំពី​ការ​ផ្លាស់​ប្តូរ​ទំព័រ​ប្រវត្តិសាស្រ្ត​អាមេរិក។ ក៏ប៉ុន្តែ សំនួរ​សួរថា តើ​អាស៊ី​អាច​រំពឹង​អ្វី​បាន​ពី​នយោបាយ​របស់​រដ្ឋាភិបាល​ Obama?

Barack Obama ប្រធានាធិបតី​ទី​៤៤ នៃ​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​​រស់​នៅ​ក្នុង​ទ្វីប​អាស៊ី​មួយ​រយៈកាល កាល​ពី​កុមារភាព គឺ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ក៏ប៉ុន្តែ កន្លង​មក យើង​ឃើញថា ​ទ្វីប​អាស៊ី ដែល​ជា​ទ្វី​បសម្បូរ​ប្រជាជន​រស់​នៅ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​​នេះ​ មិន​សូវ​ទទួល​នូវ​ការ​ចាប់​អារម្មណ៍​ពី​ប្រធានាធិបតី​ Obama នោះ​ទេ។ បើ​ទោះ​ជា​លោក Obama បាន​សន្យា​អំពី​ការ​ផ្លាស់​ប្តូរ​ទិសដៅ​នយោបាយ​អាមេរិក ក៏​ប៉ុន្តែ គេ​មិន​សូវ​រំពឹង​ថា នយោបាយ​ Obama នៅ​អាស៊ី​នឹង​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ធំដុំ​នោះ​ទេ។

សង្រ្គាម​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ប៉ាគីស្តង់ និង​អាហ្វហ្កានីស្តង់

បញ្ហា​ដែល​គេ​ឧស្សាហ៍​ឃើញ​លោក Obama លើក​ឡើង​ជាង​គេ​នៅ​អាស៊ី គឺ​ទាក់ទង​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម។ លោក Obama តែង​តែ​បាន​លើក​ឡើង​ថា ការ​ចូល​ឈ្លាន​ពាន​អៀរ៉ាក់​គឺ​ជា​​កំហុស​ឆ្គង​មួយ។ អ្វី​ដែល​អាមេរិក​គួរ​តែ​​ធ្វើ​នោះ គួរ​តែ​ផ្តោត​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ al-Qaeda នៅ​ប៉ាគីស្តង់ និង​អាហ្វហ្កានីស្តង់​ឯណោះ​វិញ​ទេ។

កាល​ពី​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក Obama ធ្លាប់​បាន​លើក​ឡើងថា ប្រសិន​បើ​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី លោក​នឹង​អនុវត្ត​នយោបាយ​ក្តៅ​នៅ​ប៉ាគីស្តង់។ ប្រសិន​បើ​លោក​ដឹង​ច្បាស់​​ថា មេដឹកនាំ​តាលីបង់ ឬ​មេដឹកនាំ​អាល់​កៃ​ដា លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្តង់ លោក​នឹង​បញ្ជារ​ឲ្យ​វាយប្រហារ​លើ​ទីតាំង​នោះ​ភ្លាម ដោយ​មិន​ចាំ​បាច់​​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​ប៉ាគីស្តង់​នោះ​ទេ។ ប៉ុន្តែ ថ្មីៗ​នេះ​យើង​ឃើញថា រដ្ឋាភិបាល​របស់​លោក​ប៊ូស​ក៏​បាន​ធ្វើ​បែប​នេះ​រួច​ទៅ​ហើយ​ដែរ។ រដ្ឋាភិបាល​លោក​ Obama ប្រហែល​ជា​នឹង​មិន​​ធ្វើ​ការ​ផ្លាស់​ប្តូរ​អ្វី​ច្រើន​ទេ នៅ​ប៉ាគីស្តង់។

នៅ​អាហ្វហ្កានីស្តង់​ឯណោះ​វិញ ក៏​លោក Obama ចង់​បង្កើន​​ប្រតិបត្តិការ​យោធា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​តាលីបង់ និង​ពួក​អាល់​កៃដា​ដែរ។ លោក​ធ្លាប់​បាន​សន្យា​ថា ក្នុង​ឋានៈ​ជា​ប្រធានាធិបតី​ លោក​នឹង​ដក​កងទ័ព​ទាំង​អស់​​ចេញ​ពី​អៀរ៉ាក់​ ហើយ​បង្វែរ​កងទ័ព​នេះ​ទៅ​កាន់​ប្រទេស​អាហ្វហ្កានីស្តង់វិញ។ ក៏​ប៉ុន្តែ នៅ​ពេល​នេះ លោក Obama ដែល​បាន​ក្លាយ​ជា​ប្រធានាធិបតី​នោះ ហាក់​ដូច​ជា​បាន​បន្ទន់​ជំហរ​នេះ​មក​វិញ។ ក្រោយ​ពី​បាន​ទទួល​របាយការណ៍​ពី​មន្រ្តី​យោធា និង​មន្រ្តី​ស៊ើបការ​សម្ងាត់​ស្តីពី​ស្ថានការណ៍​នៅ​​អាហ្វហ្កានីស្តង់ លោក Obama ហាក់​ដូច​ជា​ផ្លាស់​ប្តូរ​ឥរិយាបថ​​បន្តិច​មក​វិញ ដោយ​គិត​ដោះស្រាយ​បញ្ហា​នៅ​អាហ្វហ្កានីស្តង់ តាម​រយៈ​មធ្យោបាយ​ការទូត​ជាមុន​សិន​ មុន​នឹង​ឈាន​ទៅ​ពង្រឹង​​​ប្រតិបត្តិការ​យោធា។ មន្រ្តី​ស្និទ្ធ​នឹង​លោក Obama ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹងថា អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក Obama ប្រហែល​ជា​​​សុខចិត្ត​ជជែក​ជា​មួយ​នឹង​មេដឹកនាំ​តាលីបង់ ដើម្បី​បញ្ចប់​សង្រ្គាម​ស៊ីវិល​ នៅ​អាហ្វហ្កានីស្តង់។ នៅ​ក្នុង​សវនាការ​ជា​មួយ​គណៈ​កម្មាធិកា​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក លោកស្រី Hillary Clinton រដ្ឋមន្រ្តី​ការបរទេស​ថ្មី នោះ​ក៏​បាន​បញ្ជាក់​ផងដែរ​ថា មធ្យោបាយ​ជា​អាទិភាព​របស់​លោកស្រី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម នៅ​អាហ្វហ្កានីស្តង់ គឺ​ការ​ទូត។

ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន

ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​នយោបាយ​របស់​លោក​ Obama ចំពោះ​ប្រទេស​ចិន។ ប្រទេស​ចិន ប្រហែល​ជា​បាន​រំពឹង​ទុក​ជាមុន​ថា Barack Obama នឹង​​នាំ​មក​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាង​មុន​ជា​មួយ​ចិន។ កាល​ពី​ម្សិលមិញ នៅ​ចំថ្ងៃ​ដែល​លោក Barack Obama ស្បថ​ចូល​កាន់​តំណែង ចិន​បាន​ចេញ​ផ្សាយ​នូវ​នយោបាយ​ការពារជាតិ​របស់​ខ្លួន​ ដោយ​បាន​បង្ហាញ​នូវ​ចេតនា​​ ចង់​ពង្រឹង​​ទំនាក់ទំនង​ផ្នែក​យោធា ជា​មួយ​អាមេរិក។

ក៏​ប៉ុន្តែ នៅ​ថ្ងៃ​នេះ ប្រតិកម្ម​របស់​ចិន​ ចំពោះ​ការ​ឡើង​កាន់​តំណែង​របស់​លោក Obama ហាក់​ដូច​ជា​មិន​សូវ​មាន​ភាព​វិជ្ជមាន​ប៉ុន្មាន​នោះ​ទេ។ ថ្វី​ដ្បិត​តែ រូប​ថត​របស់ប្រធានាធិបតី Obama ស្ថិត​នៅ​ស្ទើរ​តែ​គ្រប់​ទំព័រ​មុខ​ នៃ​សារព័ត៌មាន​ចិន ក៏ប៉ុន្តែ សុន្ទរកថា​របស់​លោក Obama ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​​​​លុប​ចោល​មួយ​ផ្នែក​ត្រង់​កន្លែង ដែល​លោក Obama លើក​ឡើង​ពី​​​របប​កុម្មុយនិស្ត។ ថ្វី​ដ្បិត​តែ​នេះ​មិន​បាន​សំដៅ​ចំៗ​ទៅ​លើ​ប្រទេស​ចិន ក៏ប៉ុន្តែ អាជ្ញាធរ​កុម្មុយនិស្ត​ចិន​ មិន​សប្បាយចិត្ត​នឹង​ការ​រិះគន់​នេះ​ទេ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ចង់​ឲ្យ​លោក Obama បញ្ឈប់​ការ​លក់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់ ដើម្បី​ឲ្យ​ទំនាក់​ទំនង​ចិន-អាមេរិក​បាន​ប្រសើរ​ឡើង​វិញ។ ប៉ុន្តែ គេ​មិន​រំពឹង​ថា លោក​ Obama នឹង​​បញ្ឈប់​ការ​គាំទ្រ​កោះ​តៃ​វ៉ាន់​នោះ​ទេ។

ផ្ទុយ​ទៅវិញ លោក​ Obama អាច​នឹង​ប្រើ​នយោបាយ​​ក្តៅ​ផ្នែក​ពាណិជ្ជកម្ម ប្រឆាំង​នឹង​ចិន។ នៅ​អាស៊ី ក្រៅ​ពី​សង្រ្គាម​ប្រឆាំង​នឹង​ភេរវកម្ម បញ្ហា​ជំនួញ និង​បញ្ហា​សិទ្ធិ​មនុស្ស​ នៅ​ចិន គឺ​ជា​រឿង​ដែល​គេ​ឃើញ​លោក ​Obama បាន​លើក​ឡើង​ច្រើន​ជាង​គេ ក្នុង​អំឡុង​​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

លោក Barack Obama ធ្លាប់​បាន​លើក​ឡើង​ថា សហរដ្ឋ​អាមេរិក​មិន​មាន​ឥទ្ធិពល​ក្នុង​ការ​និយាយ​ពី​រឿង​សិទ្ធិមនុស្ស​ជាមួយ​ចិន ព្រោះ​អាមេរិក​ជំពាក់​បំណុល​ចិន​ច្រើន​ហួស​ហេតុ។ ចិន​គឺ​ជា​ម្ចាស់​បំណុល​​ធំជាង​គេ​បំផុត​របស់​អាមេរិក​។ ទាំង​នេះ​គឺ​មក​ពី​អាមេរិក​មាន​​ឱនភាព​ជញ្ជីង​ពាណិជ្ជកម្ម​ជាមួយ​ចិន។ Barack Obama ធ្លាប់​បាន​​រិះគន់​ចិន​ធ្ងន់​ថា បាន​ប្រើ​ប្រាស់​នយោបាយ​រូបិយវត្ថុ​ មក​ធ្វើ​ជា​មធ្យោបាយ​ ដើម្បី​ទទួល​បាន​ចំណេញ​ពី​មុខ​ជំនួញ​ជា​មួយ​អាមេរិក។ លោក​ធ្លាប់​បាន​ប្រកាស​ថា ប្រសិន​បើ​ចិន​មិន​ព្រម​ផ្លាស់​ប្តូរ​ឥរិយាបថ​នេះ​ទេ លោក​នឹង​​​​បង្កើន​រនាំង​ពន្ធគយ​លើ​ការ​នាំ​ចូល​សម្លៀក​បំពាក់​ពីចិន ដើម្បី​ជា​ការ​ឆ្លើយ​តប​វិញ។ គួរ​រំលឹក​ថា ចិន​តែង​តែ​រក្សា​តម្លៃលុយ Yuan ឲ្យ​នៅ​ទាប​ជាង​ដុល្លារ ដើម្បី​ងាយ​ស្រួល​យក​ទំនិញ​ចេញ​ទៅ​លក់​នៅ​អាមេរិក។ ចំណែក​អាមេរិក​វិញ មិន​អាច​យក​ទំនិញ​មក​លក់​​នៅ​ចិន​បាន​ មក​ពី​មាន​តម្លៃ​ថ្លៃ​ពេក។ កាល​ពី​ពេល​នៅ​ជា​សមាជិក​ព្រឹទ្ធសភា លោក Obama ធ្លាប់​បាន​គាំទ្រ​ឲ្យ​សភា​បោះឆ្នោត​ដាក់​ទណ្ឌកម្ម​លើ​ចិន​ម្តង​រួច​មក​ហើយ ដើម្បី​បង្ខំ​ឲ្យ​ចិន​​តម្លើង​ថ្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន ដែល​លោក Obama ហៅ​ថា ជា Fair-Play រវាង​អាមេរិក និង​ចិន។

សម្ព័ន្ធភាព​ខាង​សន្តិសុខ និង​​យោធា

បើ​និយាយ​ពី​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ​វិញ សម្ព័ន្ធ​មិត្ត​រវាង​អាមេរិក និង​បណ្តា​ប្រទេស​នៅអាស៊ី ដូចជា ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា ហ្វ៊ីលីពីន និង​ថៃ​ ជា​ដើម​​ នោះ នឹង​នៅ​តែ​ដដែល។ ក៏​ប៉ុន្តែ លោក Obama ប្រហែល​ជា​ចង់​លាត​សន្ធឹង​សម្ព័ន្ធ​ភាព​ទ្វេភាគី​​​ឲ្យ​ទៅ​ជា​សម្ព័ន្ធភាព​ពហុភាគី​វិញ ដើម្បី​ផល​ប្រយោជន៍​រួម​ទាំង​ខាង​សេដ្ឋកិច្ច និង​សន្តិសុខ នៅ​អាស៊ី។ លោក Barack Obama ធ្លាប់​បាន​លើក​ឡើង​ថា លោក​មិន​ចង់​ឃើញ​ត្រឹម​តែ​ជំនួប​កំពូល​​ម្តង​ម្កាល​រវាង​អាមេរិក និង​បណ្តាប្រទេស​នៅ​អាស៊ី ដូចដែល​ធ្លាប់​ធ្វើ​កន្លងមក ដូចជា កិច្ច​ចរចា​៦ភាគី ស្តីពី​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង និង​ជំនួប​​ម្តង​ម្កាល​រវាង​អាស៊ាន​ និង​អាមេរិក​នោះ​ទេ។ លោក​ចង់​បង្កើត​ឲ្យ​ទៅ​ជាង​អង្គការ​តំបន់​មួយ​ សម្រាប់​កិច្ច​សហប្រតិបត្តិការ​​ជា​អចិន្រ្តៃយ៍​រវាង​អាមេរិក និង​អាស៊ី។ ប្រសិន​បើ​មាន​គំនិត​ផ្តួច​ផ្តើម​បែប​នេះ​ពិតមែន គេ​រំពឹង​ថា ប្រទេស​នៅ​អាស៊ី​ភាគច្រើន​នឹង​គាំទ្រ។

ទោះជា​យ៉ាងណា បណ្តា​ប្រទេស​នៅ​អាស៊ី​មិន​គួរ​នឹង​រំពឹង​ទុក​ខ្លាំង​ពេកទេ ថា លោក Obama នឹង​ផ្លាស់​ប្តូរ​នយោបាយ​អាមេរិក​នៅអាស៊ី​នោះ។ ជាពិសេស ក្នុង​ពេល​ដែល​អាមេរិក​ខ្លួន​ឯង​កំពុង​តែ​ជួប​នឹង​វិបត្តិ​ធ្ងន់​ធ្ងរ​ផង​​នោះ លោក Barack Obama នឹង​រវល់​តែ​នឹង​រឿង​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​ច្រើន​ជាង​គិត​គូរ​ទៅ​ដល់​អាស៊ី​។ គេ​នឹង​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក Obama នឹង​បន្ត​នយោបាយ​​មួយ​ផ្នែក​ធំ​ ដែល​លោក​ប៊ូស​ធ្លាប់​ធ្វើ​​កន្លង​មកនៅ​អាស៊ី៕

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: