jump to navigation

ស្វែងយល់អំពីវេទិកាសេដ្ឋកិច្ចពិភពលោក Davos January 30, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Economics.
Tags:
trackback

ដោយ សេង  ឌីណា

davos

វេទិកា​សេដ្ឋកិច្ច​ពិភពលោក នៅ Davos ប្រទេស​ស៊្វីស (រូបថត៖ Reuters)

តើ​វេទិកា​នេះ​មាន​កំណើត​ឡើង​ចាប់​តាំង​ពី​ពេលណា?

វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) ចាប់​កំណើត​ឡើង នៅ​ឆ្នាំ​១៩៧១។ អ្នក​ផ្តួច​ផ្តើម​គំនិត​បង្កើត​ Forum នេះ គឺ​លោក Klaus Schwab សាស្រ្តាចារ្យ​ផ្នែក​ពាណិជ្ជកម្ម នៅ​សកលវិទ្យាល័យ​ក្រុង Genève ប្រទេស​ស៊្វីស។

នៅឆ្នាំ​១៩៧១ លោក Klaus Schwab មាន​គំនិត​​​រៀបចំ​​ត្រឹម​តែ​ជា​សិក្ខា​សាលា​មួយ​ប៉ុណ្ណោះ ដោយ​បាន​អញ្ជើញ​ប្រធាន​ក្រុមហ៊ុន​មួយ​ចំនួន នៅ​អឺរ៉ុប ឲ្យ​មក​ជជែក ពិគ្រោះ​យោបល់​គ្នា​អំពី​យុទ្ធសាស្រ្ត​ក្នុង​ការ​ធ្វើ​ជំនួញ។

ចាប់​ពី​ពេល​នោះមក Forum នេះ ក៏​ត្រូវ​បានគេ​បើក​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​រមណីយដ្ឋាន Davos (កន្លែង​គេ​លេងកីឡា Ski ទឹកកក) ស្ថិត​ក្នុង​ប្រទេស​ស៊្វីស។ ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ខ្លះ គេ​ហៅ Forum នេះ ថា “Forum Davos”។

តើ​ក្នុង​វេទិកា​នេះ គេ​ជជែក​អំពី​អ្វី​ខ្លះ?

ចាប់​តាំង​ពី​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៧១មក ប្រធាន​បទ​ ដែល​គេ​លើក​ឡើងយក​មក​ជជែក​គ្នា ក្នុង Forum Davos បាន​កើន​ឡើង​ជា​លំដាប់ ពី​យុទ្ធសាស្រ្ត​ក្នុង​ការ​ធ្វើ​ជំនួញ រហូត​ទៅ​ដល់​បញ្ហា​មនុស្ស​ធម៌ ជម្លោះ​ប្រដាប់​អាវុធ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៃ​ភព​ផែនដី ការ​ប្រយុទ្ធប្រឆាំង​នឹង​ភាព​ក្រីក្រ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ដូចជា AIDS និង​គ្រុនចាញ់​ ជាដើម ។ល។

នៅ​ឆ្នាំ​២០០៩​នេះ Forum Davos ត្រូវ​បាន​គេ​រៀប​ចំ​ធ្វើ​ឡើង ក្នុង​ប្រធានបទ “ពិភពលោក​នៅ​ក្រោយ​វិបត្តិ” (Shaping the Post-Crisis World )។

តើ​អ្នក​ណា​ខ្លះ​ ដែល​ចូល​រួម​ក្នុង​វេទិកា​នេះ?

អ្នក​ដែល​ចូលរួម​ក្នុងវេទិកា Davos មាន​មក​ពី​គ្រប់​មជ្ឈដ្ឋាន ទាំង​មក​ពី​មជ្ឈដ្ឋាន​ជំនួញ ទាំង​អ្នក​នយោបាយ ទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​តារាភាពយន្ត ឬ​តារា​ចម្រៀង​ល្បីៗ​ ជាដើម។

កន្លង​មក​គេ​សង្កេត​ឃើញថា លោក Bill Gates នាយក​ក្រុមហ៊ុន Microsoft លោក Michael Dell នាយក​ក្រុមហ៊ុន​កុំព្យូទ័រ Dell លោក Larry Page ស្ថាបនិក​ក្រុមហ៊ុន​ Google និង​នាយក​ក្រុមហ៊ុន​ធំៗ​ផ្សេងៗ​ទៀត ដូចជា BP, Coca-Cola, Intel ជាដើម តែង​តែ​ទៅ​ចូល​រួម​ក្នុង​វេទិកា Davos ជា​រៀងរាល់​ឆ្នាំ មិនសូវ​ដែល​ខាន​ទេ។

ក្នុង​ចំណោម​អ្នក​នយោបាយ គេ​សង្កេត​ឃើញ​មាន​តាំង​ពី​ថ្នាក់​រដ្ឋមន្រ្តី រហូតដល់​នាយករដ្ឋមន្រ្តី ឬ​ប្រធានាធិបតី ដែល​ទៅ​ចូល​រួម។

អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​តែង​តែ​ទៅ​ចូល​រួម​ក្នុង​វេទិកា Davos ដែរ​នោះ រួមមាន អង្គការ​ការពារ​បរិស្ថាន Greenpeace អង្គការ​ការពារសិទ្ធិមនុស្ស Amnesty International និងអង្គការ​មនុស្ស​ធម៌​ផ្សេង​ទៀត ដូចជា Oxfam ជាដើម។

បើ​និយាយ​ពី​តារា​ល្បីៗ​វិញ មាន​តាំង​ពី​តារាភាព​យន្ត Hollywood ដូចជា Angelina Jolie, Brad Pitt, Michael Douglas, Richard Gere ជាដើម រហូត​ដល់​តារា​ចម្រៀង​ ដូចជា Bono (ក្រុម U2) ជាដើម។

តើ​កន្លង​មក វេទិកា​នេះ​សម្រេច​បាន​កិច្ចការ​អ្វី​ខ្លះ?

១៩៨៨៖ លោក Andreas Papandreou នាយក​រដ្ឋមន្រ្តី​ក្រិក និង​លោក Turgut Ozal នាយក​រដ្ឋមន្រ្តី​ទួរគី បាន​ចរចា​គ្នា​ រហូត​ដល់​ឈាន​ទៅ​ដល់​បង្កើត​ខ្សែទូរស័ព្ទ​ពិសេស​រវាង​ការិយាល័យ​នាយក​រដ្ឋមន្រ្តី​ទាំង​ពីរ ជៀស​វាង​សង្រ្គាម និង​ផ្តួចផ្តើម​គំនិត​ចរចា​ស្វែង​រក​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ។

១៩៩៤៖ រដ្ឋមន្រ្តីការបរទេស​អ៊ីស្រាអែល Shimon Peres បាន​ជជែក​ជាមួយ​ប្រធាន​អង្គការ​រំដោះជាតិ​ប៉ាឡេស្ទីន Yasser Arafat រហូត​បាន​សម្រុះសម្រួល​គ្នា ស្តីពី​បញ្ហា​ដក​ទ័ព​ចេញ​ពី​ដែនដី Gaza និង Jericho។

១៩៩៩៖ អគ្គលេខាធិការ​អ.ស.ប Kofi Annan បាន​ប្រកាស​អំពី​ « Global Compact » ដែល​ជម្រុញ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​ធ្វើ​ជំនួញ​ចេះ​គិតគូរ​ពី​បញ្ហា​មនុស្ស​ធម៌ និង​សមធម៌។ ក្រុមហ៊ុន​ឯកជន​បាន​​យក​គោលការណ៍​នេះ​មក​អនុវត្ត​រហូត​មក​ទល់​នឹង​ពេល​នេះ ដែល​គេ​ឲ្យ​ឈ្មោះថា “ការទទួលខុសត្រូវ​ផ្នែក​សង្គម​នៃ​ក្រុមហ៊ុន” (Corporate Social Responsibility)។

២០០១៖ លោក Bill Gates បាន​ប្រកាស​ផ្តល់​លុយ​ផ្ទាល់​ខ្លួន​របស់​លោក​ចំនួន ១០០​លាន​ដុល្លារ​ ដើម្បី​ជួយ​ដល់​ការ​ស្រាវជ្រាវ​រក​វ៉ាក់សាំង ការពារ​មេរោគ HIV។

២០០៥៖ តារាភាពយន្ត​ Hollywood គឺ Sharon Stone បាន​រៃ​អង្គាស​បាន​លុយ​រហូត​ដល់​ទៅ​១លាន​ដុល្លារ ក្នុង​រយៈ​ពេល​តែ ៥នាទី ប៉ុណ្ណោះ​ នៅ​ក្នុង​អំឡុង​វេទិកា Davos ។ លុយ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​គ្រុនចាញ់។

២០០៨៖ នាយករដ្ឋមន្រ្តី​ជប៉ុន Yasuo Fukuda បាន​ប្រកាស​ ក្នុង​វេទិកា Davos អំពី​​ការ​ផ្តល់​មូលនិធិ​រហូត​ដល់​ទៅ ១០​ ០០០ លាន​ដុល្លារ​ ក្នុង​រយៈ​ពេល​៥ឆ្នាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កំដៅ​នៃ​ភពផែនដី។

ប្រភព៖ http://www.rfi.fr/actukm/articles/109/article_893.asp

Comments»

1. Vichara - January 31, 2009

Chandrapong, thanks for sharing.

2. chandrapong007 - January 31, 2009

urw🙂


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: