jump to navigation

Prasat Preah Vihear​ or Khao Phra Viharn? February 7, 2009

Posted by chandrapong007 in Cambodia, Politics.
trackback

ហេតុអ្វី​ថៃ​ចង់​ប្រើ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ ថា ព្រះវិហាន?

ដោយ ហ៊ុយ វណ្ណៈ

នៅ​ក្នុង​កិច្ច​ប្រជុំ​ស្តី​អំពី​បញ្ហា​ព្រំដែន​នៅ​ឯ​ក្រុង​បាងកក គឺ​មន្ត្រី​ថៃ​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ព្រំដែន​នៅ​បន្ត​ទទូច​ឲ្យ​ប្រើ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ តាម​សំនៀង​ភាសា​ថៃ ហៅ​ថា ប្រាសាទ​ព្រះវិហាន។

ខាង​ក្រោម​នេះ​គឺ​ជា​កិច្ច​សម្ភាសន៍​របស់​លោក ហ៊ុយ វណ្ណៈ ជាមួយ​លោក​សាស្ត្រាចារ្យ​ប្រវត្តិ​សាស្រ្ត រស់ ចន្ត្រាបុត្រ ជា​អនុប្រធាន​រាជ​បណ្ឌិត​សភា​កម្ពុជា​អំពី​ទី​ជម្រៅ​នៃ​មូលហេតុ​ដែល​ថៃ ចង់​ឲ្យ​ប្រើ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ ជា​ប្រាសាទ​ព្រះវិហាន​វិញ​នោះ ដែល​មាន​សេចក្តី​ដូច​ត​ទៅ។

ហ៊ុយ វណ្ណៈ ៖ នៅ​ថ្ងៃ​នេះ កាសែត The Nation របស់​ថៃ បាន​ធ្វើការ​វិភាគ​មួយ​ដែល​លើក​ឡើង​អំពី​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​កិច្ចការ​ព្រំដែន​កម្ពុជា​និង​ថៃ ដែល​ជួប​ចរចា​នៅ​ក្រុង​បាងកក​ស្ដី​អំពី​បញ្ហា​ព្រំដែន​និង​ឈាន​ទៅ​ដល់​ការ​បោះ​បង្គោល​ព្រំដែន​នៅ​តំបន់​អាទិភាព​នៃ​ប្រាសាទ​ព្រះវិហារ​នោះ បាន​ធ្វើការ​ជជែក​គ្នា​តានតឹង​ទៅ​លើ​បញ្ហា​នៃ​ការ​កំណត់​ឈ្មោះ តើ​ជា​ប្រាសាទ​ព្រះវិហារ ឬ​ក៏​ជា ព្រះវិហាន។

ហើយ​សហប្រធាន​នៃ​កិច្ចការ​ព្រំដែន​របស់​ថៃ គឺ​លោក វ៉ា ស៊ីន បាន​បាន​ទាមទារ​ឲ្យ​កម្ពុជា​ត្រូវ​តែ​ប្រើ​ព្រះវិហាន ដូច្នេះ​ខ្ញុំ​ចង់​ត្រឡប់​ទៅ​លោក​សាស្រ្ដាចារ្យ តើ​មាន​មូលហេតុ​អ្វី​ដែល​ភាគី​ថៃ​បាន​ទាមទារ​ឲ្យ​មាន​ការ​ប្រើ​ឈ្មោះ​ព្រះវិហាន តាម​សំនៀង​ថៃ ហើយ​ព្រះវិហារ​តាម​សំនៀង​ខ្មែរ នៅ​ក្នុង​ឯកសារ​នៃ​ការ​ចរចា​គ្នា​នោះ?

រស់ ចន្រ្តាបុត្រ ៖ សូម​អរគុណ។ នៅ​ក្នុង​បញ្ហា​នេះ បើ​យើង​និយាយ​ឲ្យ​ចំ​មិន​មែន​ជា​រឿង​អ្វី​ប្លែក​ទេ​ចំពោះ​អាកប្ប​កិរិយា​វាត​ទី​និយមរ​បស់​ប្រទេស​ថៃ គឺ​ថា​ស​យ៉ាង​ច្បាស់​នូវ​គំនិត​វាត​ទី​និយម​របស់​ថៃ ដែល​មិន​បាន​ផ្លាស់​ប្ដូរ​អ្វី​ដែល​ជា​អត្តចរិត​របស់​ខ្លួន​ទេ តាំង​តែ​ពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន។ ទី​២ ចង់​សង្កត់​ថា ជា​រឿង​រហូត​ដល់​បច្ចុប្បន្ន​នេះ អ្វី​ដែល​ជា​ឯកសារ​ផ្លូវការ​ទាំង​ប៉ុន្មាន​ជា​ភាសា​ខ្មែរ គឺ​ក្នុង​ប្រវត្តិ​សាស្រ្ដ​យើង​តែងតែ​ប្រើ​ពាក្យ​ហៅ​ថា ព្រះវិហារៗ ជា​និច្ចកាល​ជា​និរន្តរ៍។

នៅ​ក្នុង​ប្រវត្តិសាស្រ្ដ​យើង ក៏​ដូចជា​ឯកសារ​ជា​ផ្លូវការ​អន្តរជាតិ ក៏​ដូច​ជា​ផ្លូវការ​ជាតិ ហើយ​ដែល​ថៃ​ធ្លាប់​តែ​បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់ដែរ​នោះ គឺ​យើង​បាន​សរសេរ​នូវ​ពាក្យ​ថា ព្រះវិហារ ជា​ពិសេស​នៅ​ពេល​ដែល​យើង​បាន​ក្ដី​ក្ដាំ​នៅ​ក្នុង​រឿង​បញ្ហា​ប្រាសាទ​ព្រះវិហារ​ដែល​យើង​ទាមទារ​ឲ្យ​សៀម​ប្រគល់​មក​កម្ពុជា​វិញ នៅ​ក្នុង​ឆ្នាំ​១៩៦២​នេះ គឺ​ថា អ្វី​ដែល​ជា​សាលក្រម​របស់​តុលាការ​ឡាអេ បាន​និយាយ​យ៉ាង​ច្បាស់ ហើយ​ដាក់​ឈ្មោះ​យ៉ាង​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ ករណី​ប្រាសាទ​ព្រះវិហារ។ ប្រាសាទ​ព្រះវិហារ​ត្រូវ​តែ​ប្រគល់​ត្រឡប់​ទៅ​ឲ្យ​កម្ពុជា​វិញ គឺ​ថា ទាំង​វត្ថុ​គ្រប់​បែប​យ៉ាង​ទាំង​អស់ ទាំង​អធិបតេយ្យ​របស់​ខ្មែរ​អី​ទាំង​ប៉ុន្មាន គឺ​ថា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជា​ប្រាសាទ​ព្រះវិហារ​ទាំង​អស់។

នេះ​ជា​លក្ខណៈ​មួយ​ដែល​ជា​លក្ខណៈ​ផ្លូវ​ច្បាប់ គឺ​ថា បើ​សិន​ជា​យើង​មិន​ដាក់​ជា​ព្រះវិហារ​ទេ ដាក់​ព្រះវិហាន វិញ បាន​សេចក្ដី​ថា នេះ​ជា​គំនិត​របស់​ថៃ​ដើម្បី​ធ្វើ​ដូចម្ដេច​ដើម្បី​លុប​នូវ​អ្វី​ដែល​ជា​ភស្តុតាង ដែល​ជា​មូលដ្ឋាន​គតិយុត្ត​របស់​កម្ពុជា ដែល​យើង​ធ្លាប់​មាន​តាំង​តែ​ពី​ជាង ១០​ឆ្នាំ​មក​ហើយ ពីព្រោះ​នៅ​ក្នុង​ឯកសារ​ផ្លូវ​ច្បាប់​គឺ​ព្រះវិហារ បើ​សិន​ជា​យើង​យក​ពាក្យ​ថា ព្រះ​វិហាន អាហ្នឹង​វា​ទៅ​ជា​យើង​លែង​ទទួល​ស្គាល់​អ្វី​ដែល​ជា​ឫស​គល់​គតិ​យុត្ត​របស់​កម្ពុជា ក៏​ដូចជា​លុប​ចោល​នូវ​អ្វី​ដែល​ជា​សាលក្រម​របស់​តុលាការ​ទីក្រុង​ឡាអេ​ដែរ

ហ៊ុយ វណ្ណៈ ៖ លោក​សាស្រ្ដាចារ្យ ចំណុច​មួយ​ទៀត​នៅ​ក្នុង​ការ​វិភាគ​របស់​កាសែត The Nation បាន​និយាយ​ដែរ​ថា កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ គឺ​ប្រាសាទ​ត្រូវ​បាន​ស្គាល់​ជា​ទូទៅ​ថា ព្រះវិហាន ហើយ​បាន​ដាក់​នៅ​ក្នុង​ឯកសារ​ជា​ផ្លូវការ​ទៀត។ ប៉ុន្តែ​លោក​សាស្រ្ដាចារ្យ តាម​ការ​ស្រាវជ្រាវ​តើ​មាន​បញ្ហា​ហ្នឹង​ដូច​ដែល​ថៃ​លើក​ឡើង​ដែរ ឬ​ទេ?

រស់ ចន្រ្តាបុត្រ ៖ ខ្ញុំ​ថា នេះ​គឺ​ជា​ការ​អះអាង​មួយ​ដែល​គ្មាន​មូលដ្ឋាន​អំពី​ភាគី​របស់​ថៃ​ជា​លក្ខណៈ​មួយ​ឯកតោ​ភាគី​របស់​ថៃ ដែល​តែង​តែ​យល់ តែង​តែ​ប្រកាស​ទៅ​គ្រប់​ទិសទី ទី​កន្លែង គឺ​ថា ដូច​ជា​ចោរ​មួយ​ដែល​ប្លន់​ហើយ ស្រែក​ថា​ហ្នឹង​ជា​សម្បត្តិ​របស់​ខ្លួន ហើយ​កែ​ឈ្មោះ​អ្វី​ដែល​ជា​ឈ្មោះ​របស់​ខ្មែរ ដាក់​ជា​ឈ្មោះ​របស់​ថៃ របស់​សៀម ទៅ​វិញ​ដើម្បី​ឲ្យ​គេ​មើល​ថា អាហ្នឹង​ជា​របស់​ខ្លួន។

ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​ហើយ​នោះ គឺ​ថា សៀម​ធ្លាប់​ប្រើ​ដាក់​ថា ព្រះវិហាន នោះ មិន​បាន​ជោគ​ជ័យ​ទេ គឺ​ថា យើង​បាន​ក្ដី​ក្ដាំ​គ្នា​ជាមួយ​នឹង​សៀម ជាមួយ​នឹង​ថៃ តាំង​តែ​ពី​ឆ្នាំ​១៩៥៤ រហូត​មក​ដល់​ឆ្នាំ​១៩៦២ ដូច្នេះ​យើង​បាន​ជោគជ័យ​ដោយ​យើង​ប្រើ​ឈ្មោះ​ថា ព្រះវិហារ ឯកសារ​ទាំង​អស់ គឺ​ទាក់ទង​នឹង​អ្វី​ដែល​ជា​ប្រាសាទ​ព្រះវិហារ​ទាំង​អស់។ ដូច្នេះ​នៅ​ក្នុង​នេះ គឺ​ថា​យើង​ឃើញ​ហើយ​ជា​ល្បិច​មួយ ល្បិច​មួយ​របស់​ថៃ។ ទី​១ ដើម្បី​ធ្វើ​ម៉េច​ចង់​លុប​បំបាត់​ចោល​អ្វី​ដែល​ជា​មូលដ្ឋាន​គតិយុត្ត ទី​២ ចង់​ធ្វើ​ដូចម្ដេច​ដើម្បី​នឹង​បណ្ដែត​ឲ្យ​ការ​ចរចា​នេះ​រឹតតែ​វែង​អន្លាយ​ត​ទៅ​ទៀត ដើម្បី​ចំណេញ​ពេល​ដើម្បី​នឹង​ធ្វើ​ម៉េច​ទៅ​យក​ពេល​វេលា​ដែល​គេ​ចំណេញ​នេះ ដើម្បី​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ទៀត ដើម្បី​នឹង​ធ្វើ​ឲ្យ​ការ​ចរចា​នេះ ឲ្យ​បាន​ជោគជ័យ ធ្វើ​ម៉េច​បន្ត​ការ​ឈ្លានពាន​បូរណភាព​ទឹក​ដី​របស់​កម្ពុជា ហើយ​និង​គ្រប់គ្រង​ឲ្យ​បាន​យូរ​ត​ទៅ​ទៀត។

បញ្ហា​នេះ​ខ្ញុំ​សូម​រំឭក​ថា មិន​មែន​ទើប​តែ​មាន​នៅ​ថ្ងៃ​ហ្នឹង​ដែល​ប្រជុំ​នៅ​ទីក្រុង​បាងកក​ទេ រឿង​យក​បញ្ហា​ឈ្មោះ​ប្រាសាទ​ព្រះវិហារ ចង់​ដាក់​ទៅ​ជា​ឈ្មោះ​ហៅ​ថា ព្រះវិហាន របៀប​ថៃ​នោះ គឺ​ថា​កាល​ពី​ប្រជុំ​ពី​ខែ​វិច្ឆិកា នៅ​ឯ​ទីក្រុង​សៀមរាប រឿង​នេះ​បាន​កើត​មាន​ម្ដង​រួច​មក​ហើយ រឿង​បញ្ហា​សៀម​សរសេរ​ចង់​ដាក់​ក្នុង​របាយការណ៍​ហៅ​ថា ព្រះវិហាន ប៉ុន្តែ​ខាង​កម្ពុជា​យើង យើង​មិន​ព្រម​ជា​ដាច់​ខាត ព្រោះ​នេះ​ជា​គោល​ជំហរ​ច្បាប់

ហ៊ុយ វណ្ណៈ ៖ លោក​សាស្រ្ដាចារ្យ នៅ​មាន​ចំណុច​មួយ​ទៀត​គឺ​ខាង​កាសែត The Nation របស់​ថៃ ក៏​នៅ​តែ​បាន​បញ្ជាក់​ថា វា​ជា​រឿង​សាមញ្ញ​ហើយ​គួរ​ឲ្យ​ទទួល​យក​បាន ដែល​ថា មាន​ផ្ទាំង​សិលា​ដ៏​ធំ​បាន​ចារ​ថា ព្រះវិហារ​ជា​ភាសា​ខ្មែរ ហើយ​មាន​ព្រះវិហាន​ជា​សំនៀង​ថៃ នៅ​ក្នុង​ភាសា​ថៃ។ តើ​អ្វី​ដែល​ស្នើ​ហ្នឹង​គឺ​ជា​រឿង​សាមញ្ញ ឬ​ក៏​មាន​អ្វី​ជា​ទី​ជម្រៅ​បន្ថែម​ទៀត?

រស់ ចន្រ្តាបុត្រ ៖ ចំពោះ​ខ្ញុំ​រឿង​បញ្ហា​ទាំង​អស់​នេះ មិន​មែន​ជា​រឿង​សាមញ្ញ​ទេ ដូច​ខ្ញុំ​បាន​ជម្រាប​ពី​ដើម​ទី​ហើយ រឿង​បញ្ហា​ភាសា​ដែល​យើង​ប្រើ​នេះ​មិន​មែន​ជា​រឿង​សាមញ្ញ​ទេ។ ចំពោះ​ថៃ គេ​ថា​ហ្នឹង​សាមញ្ញ​ដើម្បី​គ្រាន់​តែ​ជា​មធ្យោបាយ​មួយ ដើម្បី​ត្រឡប់​នូវ​អ្វី​ដែល​ជា​មតិ​មហាជន ជា​មតិ​របស់​សហគមន៍​អន្តរជាតិ ហើយ​ដើម្បី​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​យើង​ភ្លេច​ខ្លួន​ដើម្បី​នឹង​យក​ចំណេញ​នៅ​លើ​អ្វី​នូវ​ការ​កែ​បន្លំ​អ្វី​ដែល​ជា​សាលក្រម អ្វី​ដែល​ជា​ការពិត​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ ហើយ​ធ្វើ​ដូចម្ដេច​ដើម្បី​លុប​ចោល​អ្វី​ដែល​ជា​អតីតកាល​ដែល​ទាក់ទង​ជាមួយ​នឹង​សាលាក្ដី​អន្តរជាតិ​នៃ​ទីក្រុង​ឡាអេ។

ដូច្នេះ បញ្ហា​នេះ​មិន​មែន​ជា​រឿង​សាមញ្ញ​ទេ ពីព្រោះ​យើង​ធ្លាប់​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ ជា​សាលក្រម​គឺ​ប្រាសាទ​ព្រះវិហារ គេដាក់ Le Temple de Preah Vihear ឬ Preah Vihear Temple ទី១។ ដល់​ទី​២  ដល់​យើង​យក​ទៅ​បញ្ចូល​នៅ​លើ​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក គឺ​យើង​ដាក់​ថា ប្រាសាទ​ព្រះវិហារ ដូច្នេះ​បើ​សិន​ជា​កែ​ថា ប្រាសាទ​ហ្នឹង​ជា​ប្រាសាទ ព្រះវិហាន តាម​សៀម យើង​ត្រូវ​តែ​លុប​កែ​ទាំង​អស់។ ហើយ​អ្វី​ដែល​យើង​ខំ​ធ្វើ​មក​រាប់​ទសវត្សរ៍​មក​ហើយ ដូច​ជា​យើង​យក​ទៅ​ឈូស​ចោល​ដោយសារ​ប្រើ​ពាក្យ​មួយ​ម៉ាត់​ហ្នឹង

ប្រភព៖ http://www.rfa.org/khmer/interview/interview-with-ros-chantrabotr-02052009051514.html

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: