jump to navigation

នយោបាយ​ប៉ែង​ជើង​គ្នា​បាន​ចាប់​ផ្តើម​ជា​ថ្មី (នៅ Kingdom of Wonder) February 16, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Cambodia, Politics.
trackback

ដោយ ប៉ែន បូណា

កាលពី​សប្តាហ៍​កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​គណបក្ស​ប្រឆាំង​ឲ្យ​ឈប់​លូក​មាត់​លូក​ក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​របស់​លោក​ទៀត បើ​មិន​ដូច្នោះ​ទេ គណបក្ស​នេះ​នឹង​ទទួល​រង​វាសនា​បែក​បាក់​ដូច​គណបក្ស​រាជានិយម ​ហ៊្វុនស៊ិនប៉ិច​ជា​មិន​ខាន។ ​​ការ​បែក​បាក់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​លោក​នាយក​រដ្ឋមន្ត្រី ​ទទួល​ស្គាល់​ជា​សាធារណៈ​ថា​គឺ​ជា​ស្នាដៃ​របស់​លោក។ ការ​ព្រមាន​នេះ បាន​ធ្វើ​ឡើង​ខណៈ​ដែល​បក្ស​ប្រឆាំង​កំពុង​ឆ្លៀត​យក​សំណុំ​រឿង​លោក កែ ​គឹមយ៉ាន ​មក​វាយ​ប្រហារ​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន។​  

ការ​ប្រកាស​ទទួល​ស្គាល់​ជា​សាធារណៈ​អំពី​ការ​លូក​ដៃ​បំបែក​បំបាក់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ប្រាកដ​ជា​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ។ សម្រាប់​ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​នេះ​ជា​សារ​នយោបាយ​មួយ​ដែល​មាន​អត្ថន័យ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ។​  

ជាបឋម​សារ​នយោបាយ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​គឺ​ជា​ការ​ព្រមាន​គណបក្ស​រាជា​និយម​ឲ្យ​ដឹង​ថា​ភាព​ដុនដាប​ដែល​ខ្លួន​កំពុង​ជួប​ប្រទះ​សព្វ​ថ្ងៃ​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​រពិស​មាត់​របស់​មន្ត្រី​គណបក្ស​នេះ​ដែល​ចូលចិត្ត​លូកមាត់​លូកក ចូល​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ប្រជាជន។

បន្ទាប់​មក​ទៀត សារ​នេះ ក៏​ចង់​ព្រមាន​គណបក្ស​ប្រឆាំង​ផង​ដែរ​ថា ពួក​គេ​ត្រូវ​ប្រញាប់​ឈប់​ធ្វើ​អត្ថាធិប្បាយ​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​ជា​ការ​ញុះញង់​បំបែក​បំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ទៀត បើ​មិន​ដូច្នោះ​ទេ​បក្ស​ប្រឆាំង​គង់​នឹង​មាន​វាសនា​ដូច​គណបក្ស​រាជានិយម​ជា​មិនខាន។​

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ ​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​អំពី​បញ្ហា​នេះ​បាន​កើត​ឡើង​ចំ​ពេល​ដែល​គណបក្ស​ប្រឆាំង​កំពុង​វាយ​ប្រហារ​ទៅ​លើ​បញ្ហា​ផ្ទៃក្នុង​គណបក្ស​ប្រជាជន បន្ទាប់​ពី​ការ​ដក​តំណែង​លោក កែ គឹមយ៉ាន ចេញ​ពី​អគ្គ​មេបញ្ជាការ​កងទ័ព​កាលពី​ថ្ងៃ​ទី​២២​មករា។ ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ចាត់ទុក​ជា​ចំណុច​ស៊ីប​មួយ​សម្រាប់​គាស់​កកាយ​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​គណបក្ស​កាន់​អំណាច។

ដើម្បី​ការពារ​ខ្លួន គណបក្ស​ប្រជាជន​បាន​គំរាម​វាយ​បក​ទៅលើ​ក្រុម​ប្រឆាំង​វិញ​រហូត​ដល់​ទី​ជម្រក​ចុង​ក្រោយ ​ប្រសិន​ណា​បើ​ពួក​គេ​មិន​បញ្ឈប់​ការ​និយាយ​ពី​បញ្ហា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​ទេ​នោះ។ នេះ​អាច​ចាត់​ទុក​ថា​ជា​សង្រ្គាម​ចិត្តសាស្រ្ត​មួយ ក៏​ថា​បាន ​ឬ​ក៏​ជា​ការ​ពិត​ក៏​ថា​បាន​ពីព្រោះ​ថា​កន្លង​ទៅ​នេះ​គណបក្ស​សម​រង្ស៊ី​ធ្លាប់​ទទួល​រង​ព្យុះ​ភ្លៀង​ដែល​នាំ​ដល់​ការ​រង្គោះរង្គើរ​រួច​ស្រេច​ទៅ​ហើយ។ មន្រ្តី​សំខាន់ៗ​រាប់​សិប​នាក់​របស់​គណបក្ស​នេះ​បាន​ដើរ​ចេញ​ពី​គណបក្ស​របស់​ខ្លួន​ដើម្បី​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។ តើ​ចលនា​នេះ​ពិត​ជា​គ្មាន​ការ​លូក​ដៃ​របស់​គណបក្ស​ប្រជាជន​ទេ​ឬ?

មក​ដល់​ចំណុច​នេះ គេ​អាច​កត់​សម្គាល់​បាន​ថា​ភាព​តាន​តឹង​ផ្នែក​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​មិន​មាន​ន័យ​ត្រឹម​តែ​ការ​ដណ្តើម​អំណាច​គ្នា​តាមរយៈ​ការ​បោះឆ្នោត​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ការ​ព្យាយាម​បំបែក​បំបាក់​គូ​បដិបក្ខ​នយោបាយ​ក៏​មាន​លក្ខណៈ​ជ្រាល​ជ្រៅ​ណាស់​ដែរ។ នៅ​ក្នុង​ល្បែង​បែប​នេះ វា​ជា​ការ​ធម្មតា​ទេ​គណបក្ស​តូច​តាច ឬ​គណបក្ស​ដែល​មាន​ភាព​ក្មេង​ខ្ចី​ខាង​យុទ្ធសាស្រ្ត ប្រាកដ​ជា​ពិបាក​នឹង​ទប់​ទល់​ជាមួយ​គូ​បដិបក្ខ​របស់​ខ្លួន​ខ្លាំង​ណាស់។

ពិត​ហើយ​ថា គិត​ចាប់​តាំងពី​ឆ្នាំ​៩៣ រហូត​មក​ទល់​បច្ចុប្បន្ន ​គណបក្ស​ប្រជាជន​បាន​ទទួល​លទ្ធផល​ជារៀង​រហូត​នៅក្នុង​ល្បែង​កាច់​បំបាក់​ប្រជែង​នយោបាយ​របស់​ខ្លួន។ ភាព​ខ្ទេចខ្ទាំ​របស់​គណបក្ស​រាជានិយម​គឺ​ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ។ ឥឡូវ​នេះ​ដល់​វេន​គណបក្ស​សម​រង្ស៊ី​ម្តង​ដែល​ត្រូវ​ចូល​មក​ប្រឈម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

ចំណុច​ខ្លាំង​របស់​គណបក្ស​សម​រង្ស៊ី​រហូត​មក​ទល់​ពេល​នេះ​គឺ​នៅ​ដដែល​ទេ គឺ​គណបក្ស​នេះ​មាន​ភព្វ័​សំណាង​ដែល​មាន​សមាជិក​ថ្នាក់​មូលដ្ឋាន​ជាច្រើន​មាន​ភក្តីភាព​យ៉ាង​ខ្លាំង​ជាមួយ​គណបក្ស។ ភក្តីភាព​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​សម​រង្ស៊ី​ប្រឈម​មុខ​បាន​យ៉ាង​ល្អ​ទៅ​នឹង​ការ​បំបែកបំបាក់។ ប៉ុន្តែ​ការ​ពឹង​ផ្អែក​តែ​លើ​ភក្តីភាព​នៃ​សមាជិក​របស់​ខ្លួន​តែ​មួយ​មុខ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ ក្នុង​ការ​ឈាន​ទៅ​កាន់​អំណាច។

សរុប​មក​វិញ ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា​នា​ពេល​នេះ ហាក់​ដូច​ជា​កំពុង​ឆ្លង​កាត់​របត់​តឹងតែង​ជា​ថ្មី​ទៀត​ក្នុង​បរិបទ​ដែល​គណបក្ស​នីមួយៗ​កំពុង​ជួប​ប្រទះ​បញ្ហា​ផ្ទៃក្នុង​ផង ​និង​ការ​វាយ​លុក​ពី​ខាង​ក្រៅ​ផង។ ដូច្នេះ​ភាព​រឹង​មាំ ឬ​ផុយ​ស្រួយ​របស់​គណបក្ស​ទាំង​នោះ​អាច​នឹង​បង្ហាញ​ច្បាស់​នៅ​ពេល​មិន​យូរ​ប៉ុន្មាន​ខាង​មុខ​នេះ៕

ប្រភព៖ http://www.rfi.fr/actukm/articles/110/article_1054.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: