jump to navigation

Duch’s Biography February 18, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Cambodia, History, Politics.
Tags: ,
trackback

ប្រវត្តិ​របស់ ឌុច

ដោយ សេង  ឌីណា

នៅក្នុងចំនោមអតីតមេដឹកនាំខ្មែរក្រហម ដែល​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ធ្វើ​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន សំណុំ​រឿង​របស់ ឌុច អតីត​មេគុក​ទួល​ស្លែង មាន​ភាព​ជឿនលឿន​ជាង​គេ រហូត​ដល់​បាន​ឈាន​ចូល​ទៅ​ដល់​ការ​បើក​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០០៩។ តើ ឌុច ជា​នរណា?

khang_khek_leu_jeune_200ឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើត​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ស្រុក​កំពង់ចិន ខេត្ត​កំពង់ធំ។ កាំង ហ្កេចអ៊ាវ ជា​កូន​កាត់​ចិន មាន​បង​ប្អូន​បង្កើត ៥នាក់។

ការសិក្សា និង​អាជីព​ជា​គ្រូ​បង្រៀន

កាំង ហ្កេចអ៊ាវ រៀន​នៅ​កំពង់​ធំ​រហូត​ដល់​​បាក់អង (Bac I)។

ក្រោយ​ពី​ប្រឡង​ជាប់​បាក់អង កាំង ហ្កេចអ៊ាវ បាន​មក​រៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្នុង​ក្រុង​ភ្នំពេញ ដោយ​បាន​ស្នាក់នៅ​វត្ត​ឧណ្ណាឡោម។

នៅ​ឆ្នាំ​១៩៦៤ កាំង ហ្កេចអ៊ាវ បាន​ប្រឡង​ជាប់​បាក់ឌុប​ ដោយ​​ជាប់​ជា​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា។ បន្ទាប់​មក កាំង ហ្កេចអ៊ាវ បាន​ទៅ​រៀន​នៅ​វិទ្យាស្ថាន​គរុកោសល្យ នៅ​ជិត​វិមាន​ឯករាជ្យ។

នៅឆ្នាំ១៩៦៥ កាំង ហ្កេចអ៊ាវ បាន​ចេញ​ទៅ​ធ្វើ​គ្រូ​បង្រៀន​ផ្នែក​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា ​នៅ​វិទ្យាល័យ​ស្គន់ ខេត្ត​កំពង់ធំ។ ​អ្នក​ដែល​ធ្លាប់​រៀន​ជា​មួយ កាំង ហ្កេចអ៊ាវ បាន​ឲ្យ​ដឹង​ថា កាំង ហ្កេចអ៊ាវ គឺ​ជា​គ្រូ​ម្នាក់​ដែល​មាន​ចរិត​ស្លូតបូត រាក់ទាក់ មិន​ចេះ​វាយឫក និង​ស្និទ្ធស្នាល​ជាមួយ​សិស្ស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សិស្ស​ស្រលាញ់​ ចូលចិត្ត​គ្រប់ៗ​គ្នា។

ការចូល​បក្ស​កុម្មុយនិស្ត

ពេល​​នៅ​រៀន​ នៅ​​ភ្នំពេញ កាំង ហ្កេចអ៊ាវ ដែល​ជា​កូន​ចៅ​កសិករ​ក្រីក្រ បាន​មើល​ឃើញ​ពី​គម្លាត​យ៉ាង​ឆ្ងាយ​​​រវាង​​អ្នកក្រ និង​អ្នកមាន​។ ពេល​នោះ​ហើយ ដែល កាំង ហ្កេចអ៊ាវ ចាប់​ផ្តើម​មាន​គំនិត​ស្អប់​ខ្ពើម​វណ្ណៈសក្តិភូមិ ហើយ​ស្រឡាញ់​ចូលចិត្ត​គំនិត​​កុម្មុយនិស្ត។

នៅ​ពេល​​ទៅ​រៀន​នៅ​វិទ្យា​ស្ថាន​គរុកោសល្យ កាំង ហ្កេចអ៊ាវ បាន​ស្គាល់ សុន សេន ដែល​ពេល​នោះ​ជា​នាយក​វិទ្យាស្ថាន ហើយ​ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​របប​ខ្មែរក្រហម​។

នៅឆ្នាំ១៩៦៧ នៅ​ពេល​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​កំពង់​ធំ កាំង ហ្កេចអ៊ាវ បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​បាន​ស្គាល់​ ទង់ សេងហឿន ដែល​​ក្រោយ​មក​បាន​​ក្លាយ​ទៅ​ជា​ជំនួយការ​របស់​ ឌុច នៅ​​គុក​ទួល​ស្លែង។

នៅ​ឆ្នាំ​ដដែល​នោះ កាំង ហ្កេចអ៊ាវ ត្រូវបាន​ប៉ូលិស​នៃ​រដ្ឋាភិបាល​សង្គមរាស្រ្ត​និយម​​ចាប់​ខ្លួន យក​ទៅ​ដាក់​គុក​ព្រៃស នៅ​ភ្នំពេញ។ នៅ​​ក្នុង​គុក កាំង ហ្កេចអ៊ាវ បាន​ជួប​ជាមួយ ម៉ម ណៃ ហៅ ចាន់ ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​អនុប្រធាន​របស់​ ឌុច នៅ​គុក​ទួលស្លែង។

ក្រោយរដ្ឋប្រហារ ខែមិនា ឆ្នាំ១៩៧០ កាំង ហ្កេចអ៊ាវ ត្រូវ​បាន​រដ្ឋាភិបាល​ថ្មី​លើក​លែង​ទោស។ ចេញ​ពី​គុក កាំង ហ្កេចអ៊ាវ បាន​ទៅ​ស្នាក់​នៅ​វត្ត​ឧណ្ណាឡោម​ កន្លែង​ដែល​ធ្លាប់​​ស្នាក់​នៅ កាល​នៅ​ជា​សិស្ស។

លាម សារុន អតីតព្រះសង្ឃ​នៅ​វត្ត​ឧណ្ណាឡោម និង​ជា​មិត្ត​ជិតស្និទ្ធិ​របស់ កាំង ហ្កេចអ៊ាវ បាន​ឲ្យ​ដឹង​ថា អ្នក​នៅ​វត្ត​ឧណ្ណាឡោម អ្នក​ណា​ក៏​ដឹង​ដែរ​ថា កាំង ហ្កេចអ៊ាវ គឺ​ជា​ខ្មែរក្រហម។ កាំង ហ្កេចអ៊ាវ ដែល​មាន​ឈ្មោះ​ក្រៅ​មួយ​ទៀត​ថា គៀវ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធិ​ជាមួយ ខៀវ សំផន ជួន ជឿន និង​ជា​ពិសេស ជាមួយ សុក ធួក ហៅ វ៉ន វ៉េត ដែល​សុទ្ធសឹង​តែ​បាន​ក្លាយ​ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម។

ការ​រត់​ចូល​ព្រៃ​​ធ្វើ​បដិវត្តន៍

នៅឆ្នាំ១៩៧៣ កាំង ហ្កេចអ៊ាវ បាន​រត់​ចេញ​ពី​ភ្នំពេញ ទៅ​ចូល​រួម​តស៊ូ​ជាមួយ​ខ្មែរ​ក្រហម នៅ​ក្នុង​ព្រៃ ស្ថិត​នៅ​តាម​បណ្តោយ​ជួរ​ភ្នំក្រវ៉ាញ។ កាំង ហ្កេចអ៊ាវ បាន​ចាប់​ផ្តើម​ប្រើ​ឈ្មោះ​បដិវត្តន៍​ថា ឌុច ហើយ​ត្រូវ​បាន វ៉ន វ៉េត តែង​តាំង​ឲ្យ​ធ្វើ​ជា​មេគុក ដែល​មាន​លេខ​សម្ងាត់​ថា ម១៣ ស្ថិត​នៅ​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ។ ក្រោយ​មក ឌុច បាន​បង្កើត​គុក​មួយ​ទៀត ដែល​មាន​លេខ​សម្ងាត់​ថា ម៩៩ ស្ថិត​នៅ​ជើង​ភ្នំ​ឱរ៉ាល់។

បើទោះជាពេលនោះ ពួក​ខ្មែរ​ក្រហម​នៅ​មិន​ទាន់​ឡើង​កាន់​អំណាច​ក៏​ដោយ តែ​គុក​ដែល ឌុច កាន់កាប់​ស្ថិត​នៅ​ក្នុង​តំបន់​រំដោះ ដូច​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​ខ្មែរ​ក្រហម​ពេញ​ទី។ មាន​អ្នក​ទោស​រាប់​ម៉ឺន​នាក់​បាន​ជាប់​នៅ​គុក​ទាំង​ពីរ​ខាង​លើ​នេះ។ គឺ​ចាប់​ពេល​នោះ​ហើយ​ដែល ឌុច បាន​ចាប់​ផ្តើម​ដក​ពិសោធន៍​របៀប​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​អ្នក​ទោស។

ក្នុងពេលនៅតស៊ូ​ក្នុង​ព្រៃ ឌុច បាន​រៀបការ​ជាមួយ​នឹង ឈឹម សុផល ហៅ រ៉ុម ដែល​រស់​នៅ​ក្នុង​ភូមិ​​មួយ ក្បែរ​កន្លែង ឌុច ធ្វើការ។

នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ

ក្រោយពេលដែលខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ឌុច ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​មន្ទីរ​សន្តិសុខ ស២១ ហៅ គុក​ទួល​ស្លែង នៅ​ក្រុង​ភ្នំពេញ។

យោងតាមឯកសារ​នៅ​គុក​ទួល​ស្លែង ដែល​បច្ចុប្បន្ន​រក្សា​ទុក​ដោយ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថ្នាក់​លើ​របស់ ឌុច គឺ សុន សេន ហៅ ខៀវ អតីត​គ្រូ​បង្រៀន​របស់ ឌុច ពេល​នៅ​វិទ្យាស្ថាន​គរុកោសល្យ និង នួន ជា ហៅ បងនួន អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា។ នៅ​ក្នុង​ឯកសារ​ទាំង​នេះ គេ​ឃើញ​មាន​ហត្ថលេខា​របស់ ឌុច លើ​កំណត់​ហេតុ​បញ្ជូន​ទៅ​ថ្នាក់​លើ និង​ចំណារ​របស់ ឌុច បញ្ជា​ឲ្យ​អ្នក​នៅ​ក្រោម​បង្គាប់ ធ្វើ​ទារុណកម្ម និង​សម្លាប់​អ្នក​ទោស​ជា​ដើម។

នៅចន្លោះឆ្នាំ១៩៧៨ ដល់​ដើម​ឆ្នាំ​១៩៧៩ គឺ​ជា​រយៈពេល​ដែល​ខ្មែរ​ក្រហម​បង្កើន​ប្រតិបត្តិការ​បោស​សំអាត​ផ្ទៃ​ក្នុង​បក្ស​ខ្លាំង​ក្លា​ជាង​គេ។ ក្នុង​ពេល​នោះ​ មន្រ្តី​កម្មាភិបាល​ខ្មែរ​ក្រហម​យ៉ាង​ច្រើន​​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឲ្យ ឌុច ធ្វើ​ទារុណកម្ម​សួរចម្លើយ​នៅ​គុក​ទួលស្លែង។ ឌុច បាន​​រៀប​ចំ​​ចង​ក្រង​ឯកសារ​ជា​ច្រើន​ស្តីពី​ប្រវត្តិរូប និង​ចម្លើយ​សារភាព​របស់​អ្នក​ទោស។ គឺ​ឯកសារ​ទាំង​នេះ​ហើយ ដែល​បាន​ក្លាយ​ទៅ​ជា​ភស្តុតាង​យ៉ាង​សំខាន់ ក្នុង​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ ខ្មែរ​ក្រហម។

ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរ​ក្រហម

នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឌុច ស្ថិត​ក្នុង​ចំណោម​មន្រ្តី​កម្មាភិបាល​ខ្មែរ​ក្រហម​ចុង​ក្រោយ​គេ​បង្អស់ ដែល​បាន​រត់​ចេញ​ពី​ភ្នំពេញ។ ឌុច បាន​ទៅ​ដល់​ប្រទេស​ថៃ​នៅ​កំឡុង​ខែ​ឧសភា ឆ្នាំ​១៩៧៩។ នៅ​ក្នុង​កំឡុង​ពេល​នោះ មិន​សូវ​មាន​ព័ត៌មាន​ច្បាស់លាស់​សរសេរ​ពី​ជីវិត​របស់ ឌុច នោះ​ទេ។ នៅ​ក្នុង​ឯកសារ​ខ្លះ ដូចជា សៀវភៅ​របស់​លោក Nic Danlop ដែល​មាន​ចំណងជើង​ថា The Lost Executioner ឬ ពេជ្ឈឃាត​បាត់​ខ្លួន បាន​សរសេរ​ថា ឌុច បាន​ទៅ​នៅ​ជួបជុំ​គ្រួសារ​របស់​គាត់​នៅ​ក្នុង​ព្រៃ ស្ថិត​ក្នុង​ស្រុក​សំឡូត។ ឌុច ត្រូវ​បាន បង​ទីពីរ នួន ជា ដក​តំណែង​ដោយ​ហេតុផល​​ថា ឌុច មិន​បាន​កម្ទេច​ឯកសារ​នៅ​គុក​ទួល​ស្លែង​ឲ្យ​អស់​មុន​នឹង​រត់​ចេញ​ពី​ភ្នំពេញ។ ក្រោយ​មក ឌុច បាន​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស និង​គណិតវិទ្យា​ នៅ​សាលា​រៀន​មួយ ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ស្ថិត​ក្នុង​ទឹក​ដី​ថៃ។

នៅឆ្នាំ១៩៨៦ ឌុច ត្រូវ​បាន​មេដឹកនាំ​ខ្មែរ​ក្រហម​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​ខ្មែរ​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ក្រុង​ប៉េកាំង ប្រទេស​ចិន។ មួយ​ឆ្នាំ​ក្រោយ​មក ឌុច បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ ហើយ​បាន​ដូរ​ឈ្មោះ​ទៅ​ជា ហង្ស ពិន វិញ។ ឌុច បាន​ទៅ​បម្រើ​ការ​នៅ​ការិយាល័យ​របស់ ប៉ុល ពត ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​៥០៥។

ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ឌុច បាន​នាំ​គ្រួសារ​ទៅ​រស់​នៅ​ភូមិ​ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ។ ឌុច បាន​វិល​ត្រឡប់​ទៅ​ប្រកប​របរ​ជា​គ្រូ​បង្រៀន​វិញ។ នៅ​ឆ្នាំ​១៩៩៥ ក្រោយ​ពី រ៉ុម ជា​ប្រពន្ធ​បាន​ស្លាប់​ដោយ​សង្រ្គាម ឌុច បាន​សុំ​ផ្លាស់​ទៅ​បង្រៀន​នៅ​អនុវិទ្យាល័យ​ស្វាយ​ចេក​វិញ។ ឌុច បាន​លក់​ផ្ទះ ហើយ​នាំ​កូន​ទៅ​នៅ​ស្វាយ​ចេក។ គឺ​នៅ​ពេល​នោះ​ហើយ ដែល ឌុច បាន​ថ្វាយ​ខ្លួន​ជឿ​ព្រះ​យេស៊ូវ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ បន្ទាប់​មក ឌុច បាន​ក្លាយ​ទៅ​ជា​គ្រូ​គង្វាល​ជំនួយ នៅ​ក្នុង​​ព្រះវិហារ​មួយ​ឈ្មោះ Golden Western Cambodian Christian Church។

នៅឆ្នាំ១៩៩៧ ក្រោយ​ពី​មាន​ការ​បែក​បាក់​នៅ​ក្នុង​ចំណោម​ជួរ​ថ្នាក់​ដឹក​នាំ​ខ្មែរ​ក្រហម ឌុច បាន​រត់​ចេញ​ពី​ស្វាយ​ចេក ទៅ​កាន់​ប្រទេស​ថៃ។ ឌុច បាន​បម្រើ​ការ​ក្នុង​អង្គការ​មនុស្សធម៌​ផ្នែក​សុខាភិបាល​មួយ នៅ​ក្នុង​ជំរំ Ban Ma Muang។ រហូត​ដល់​ឆ្នាំ​១៩៩៨ ទើប ឌុច ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ដោយ​ខ្លាច​គេ​ស្គាល់​អត្តសញ្ញាណ​របស់​ខ្លួន​ថា​ជា​មេ​គុក​ទួល​ស្លែង ឌុច មិន​បាន​ត្រឡប់​ទៅ​ស្រុក​ស្វាយ​ចេក​វិញ​ទេ។ ឌុច បាន​ទៅ​ធ្វើ​ការ​ឲ្យ​អង្គការ​គ្រីស្ទាន​មួយ ឈ្មោះ World Vision នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់​ដំបង។

ការ​ចាប់​ខ្លួន

duch_hearing03_200នៅឆ្នាំ១៩៩៩ អ្នកកាសែត​បរទេស​ពីរ​រូប គឺ Nete Thayer និង Nic Dunlop បាន​ទៅ​ជួប​សម្ភាសន៍​ជាមួយ ឌុច។ ក្រោយ​ពី​បទសម្ភាសន៍​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​​ទស្សនាវដ្តី​សេដ្ឋកិច្ច​ចុង​បូព៌ា ឬ​តាម​ភាសា​អង់គ្លេស​ថា Far Eastern Economic Review ឌុច​ ក៏​បាន​ចូល​សារភាព ប្រគល់​​ខ្លួន​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​។ ចាប់​ពី​ពេល​នោះ​មក ឌុច ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ឃុំ​ខ្លួន​នៃ​តុលាការ​យោធា ក្នុង​ក្រុង​ភ្នំពេញ។

នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧ ឌុច ត្រូវ​បាន​ផ្ទេរ​ពី​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​យោធា ទៅ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ទទួល​បន្ទុក​ជំនុំ​ជម្រះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​វិញ។ ឌុច ត្រូវ​បាន​តុលាការ​ពិសេស​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ថ្វី​ដ្បិត​តែ ឌុច មិន​មែន​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្តែ ក្នុង​ឋានៈ​ជា​ប្រធាន​គុក​ទួល​ស្លែង ដែល​ជា​កន្លែង​ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នោះ ឌុច ត្រូវ​បាន​ចាត់​បញ្ជូល​ក្នុង​ចំនោម​អ្នក​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដូច​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា១ នៃ​ច្បាប់​ស្តី​ពី​ការ​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ៕

ប្រភព៖ http://www.rfi.fr/actukm/articles/110/article_940.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: