jump to navigation

ការ​សុំ​ទោស​របស់​ថៃ​មិន​អាច​ជម្រះ​ក្តី​មន្ទិល​បាន February 22, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ.
trackback

ដោយ ប៉ែន បូណា

ប្រទេស​ថៃ​ទើប​តែ​បាន​បញ្ជូន​គណៈប្រតិភូ​យោធា​មួយ​ក្រុម​ដើម្បី​មក​សុំទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​បាញ់​គ្រាប់​កាំភ្លើង​ធំ​ជាច្រើន​គ្រាប់​ចូល​ក្នុង​ទឹកដី​ខ្មែរ​កាល​ពី​ទី​១៧​កុម្ភៈ។ គឺ​ជា​គ្រាប់​ផ្លោង​ដែល​យោធា​ថៃ​បាញ់​ចេញ​ពី​ទឹកដី​របស់​ខ្លួន​ចូល​ក្នុង​ទឹកដី​កម្ពុជា​ក្នុង​ឱកាស​ធ្វើ​សម​យុទ្ធយោធា​នៅ​តាម​ជាយ​ដែន។ ប៉ុន្តែ​ភាគី​ថៃ​បាន​អះអាង​ថា​គឺ​ជា​កំហុស​ឆ្គង​ផ្នែក​បច្ចេកទេស ហើយ​បាន​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ដល់​រដ្ឋាភិបាល​កម្ពុជា។ តើ​ការ​សុំទោស​របស់​ថៃ​អាច​ជម្រះ​ក្តី​មន្ទិល​សង្ស័យ​ពី​អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​បាន​ដែរ​ឬ​ទេ?

បី​ថ្ងៃ​បន្ទាប់​ពី​ការ​បាញ់​គ្រាប់​រ៉ូកែត​ជាច្រើន​គ្រាប់​ចូល​ក្នុង​ទឹកដី​ខ្មែរ ​ទីក្រុង​បាងកក​បាន​បញ្ជូន​គណៈប្រតិភូ​យោធា​មួយ​ក្រុម​ដើម្បី​ធ្វើការ​សុំទោស​ជា​ផ្លូវការ​ដល់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ។ គណៈប្រតិភូ​យោធា​ថៃ​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​ ចេរ៉ាដេស ​កូចារ៉ាត អគ្គមេ​បញ្ជា​ការ​រង​កងទ័ព​ថៃ​បាន​អះអាង​ថា​នេះ​ជា​បញ្ហា​បច្ចេកទេស​ដែល​មិនមែន​ជា​ចេតនា​របស់​ថៃ​ឡើយ។​

         ពាក្យ​សុំទោស​របស់​ថៃ​បាន​ទទួល​ការ​យល់​ព្រម​ពី​សំណាក់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ យ៉ាង​ណា​ក៏​ដោយ ​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ថៃ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់​អំពី​បញ្ហា​នេះ។

         ពិត​ហើយ​ថា ការ​សុំទោស​របស់​ថៃ​ដែល​ធ្វើ​ឡើង​តាម​រយៈ​សារ​លិខិត​ផង​ និង​តាម​រយៈ​ការ​បញ្ជូន​គណៈប្រតិភូ​មក​ដល់​ប្រទេស​កម្ពុជា​ដោយ​ផ្ទាល់​ផង​នោះ​អាច​ចាត់​ទុក​ថា​ជា​កាយវិការ​មួយ​ត្រឹមត្រូវ​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន។ រីឯ​ភាគី​កម្ពុជា​ដែល​តែង​តែ​បង្ហាញ​ភាព​អត់ធ្មត់​ជារៀង​រហូត​មក​នោះ ក៏​គួរ​នឹង​ទទួល​យក​ការ​សុំទោស​នេះ​ដើម្បី​បញ្ចប់​បញ្ហា​ដែរ។​

         ប៉ុន្តែ​សំណួរ​ដែល​ត្រូវ​ចោទ​សួរ​នោះ​គឺ​តើ​វា​ជា​បញ្ហា​បច្ចេកទេស​មែន ឬ​ក៏​ជា​ចេតនា​ដើម្បី​គោល​ដៅ​អ្វី​ផ្សេង? អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​គ្រាប់​ផ្លោង​ប្រមាណ​ជា​៨​គ្រាប់​ដែល​ភាគី​ថៃ​អះអាង​ថា​ជា​កំហុស​បច្ចេកទេស​នោះ​គឺ​សុទ្ធ​តែ​ធ្លាក់​មក​លើ​ទឹក​ដី​កម្ពុជា​ទាំង​អស់ ដោយ​គេ​មិន​បាន​លឺ​សេចក្តី​រាយការណ៍​ណា​ថា​មាន​គ្រាប់​បាញ់​ខុស​បច្ចេកទេស​បាន​ធ្លាក់​ខុស​គោល​ដៅ​នៅ​ក្នុង​ទឹកដី​របស់​ថៃ​នោះ​ឡើយ។

         ម្យ៉ាង​ទៀត សមយុទ្ធ​យោធា​របស់​ថៃ​នៅ​តាម​ជាយ​ដែន​បាន​បើក​ធ្វើ​ខណៈ​ដែល​ប្រទេស​នេះ​កំពុង​តែ​ប្រឈម​មុខ​យ៉ាង​ខ្លាំង​ជាមួយ​កម្ពុជា​អំពី​បញ្ហា​ប្រាសាទ​ព្រះវិហារ។ តើ​សមយុទ្ធ​យោធា​នេះ​មិនមែន​ជា​ការ​បង្ហាញ​សាច់​ដុំ ដើម្បី​កំញើញ​ប្រទេស​កម្ពុជា​ទេ​ឬ?

         នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល ​បង្ហាញ​ពី​អាកប្បកិរិយា​ប្រកប​ដោយ​ការ​ប្រមាថ​របស់​ថៃ​មក​លើ​កម្ពុជា។ ការ​ពង្រាយ​ទ័ព​ចូល​ក្នុង​ទឹកដី​ខ្មែរ​ដោយ​គ្មាន​កោត​ញើត ការ​បាញ់​សម្លាប់ ឬ​ចាប់​ចង​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន ឬ​ដែល​គ្រាន់​តែ​ប្រកប​របរ​ក្នុង​ព្រៃ​តាម​ជាយ​ដែន​។ល។ ​និង​។ល។ ​សុទ្ធ​តែ​ជា​ព័ត៌មាន​ដែល​គេ​តែង​លឺ​ជា​ញឹក​ញាប់។ ​តើ​ទង្វើ​ទាំង​អស់​នេះ មិនមែន​ជា​លទ្ធផល​នៃ​អាកប្បកិរិយា​ប្រកប​ដោយ​ការ​ប្រមាថ​ទេ​ឬ?

         សំណួរ​ទាំងអស់​នេះ​ហើយ​ដែល​ពូត​ផ្តុំ​គ្នា​បង្កើត​ជា​ក្តី​មន្ទិល​សង្ស័យ​អំពី​មូលហេតុ​ពិត​ដែល​ថៃ​បាន​បាញ់​គ្រាប់​ផ្លោង​ចូល​ទឹកដី​ខ្មែរ​ទាំង​បំពាន​កាល​ពី​ថ្ងៃ​១៧​កុម្ភៈ។ គេ​អាច​ស្រម៉ៃ​ថា​ប្រសិន​បើ​ពេល​នោះ​ភាគី​កម្ពុជា​តប​ត​វិញ តើ​ស្ថានការណ៍​នឹង​ទៅ​ជា​យ៉ាង​ណា? ​ឬ​មួយ​ក៏​ថៃ​ចង់​សាកល្បង​ពី​ភាព​អត់​ធ្មត់​របស់​កម្ពុជា​ទេ​ដឹង?​ កម្ពុជា​អត់ធ្មត់ ឬ​មួយ​ក៏​កម្ពុជា​មិន​ហ៊ាន​តប​ត​ជាមួយ​ថៃ? តាម​រយៈ​សំណួរ​នេះ​គេ​ជឿ​ជាក់​ថា​ថៃ​អាច​នឹង​ទាញ​បាន​នូវ​សេចក្តី​សន្និដ្ឋាន​មួយ ដើម្បី​វាស់​ស្ទង់​អំពី​ប្រតិកម្ម​របស់​កម្ពុជា។

         ពិត​ហើយ​ថា​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ​សែន បាន​ប្រកាស​ថា​ព្រឹត្តិការណ៍​ចុង​ក្រោយ​នេះ​គឺ​ជា​ការ​សាក​ល្បង​ដ៏​សំខាន់​សម្រាប់​ទំនាក់ទំនង​កម្ពុជា​ថៃ។ ប៉ុន្តែ​ការ​រក្សា​បាន​ភាព​ប្រក្រតី​រវាង​ប្រទេស​ទាំងពីរ​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ហាក់​ដូចជា​កើត​ឡើង​ដោយ​សារ​ការ​អត់ធ្មត់​របស់​កម្ពុជា​ច្រើន​ជាង​សុឆន្ទៈ​របស់​ថៃ។ ឧបមា​ថា​កម្ពុជា​បាញ់​គ្រាប់​កាំភ្លើង​ធំ​ជាច្រើន​គ្រាប់​ចូល​ក្នុង​ទឹកដី​ថៃ​វិញ គេ​ពិបាក​នឹង​ជឿ​ណាស់​ថា​ថៃ​អាច​អត់ធ្មត់​បាន​ដូច​កម្ពុជា។

         សរុប​មក​វិញ ​ការ​អត់ធ្មត់​គឺ​ជា​ធម៌​ដ៏​ប្រសើរ​ក្នុង​ការ​ឈាន​ទៅ​សម្រេច​ជោគជ័យ។ ជោគជ័យ​ដែល​ប្រកប​ដោយ​បញ្ញា។ ប៉ុន្តែ​ការ​អត់ធ្មត់​ហួស​ហេតុ​ក៏​ជា​ប្រភព​នៃ​ការ​ប្រមាថ​របស់​បច្ចាមិត្ត​ដែរ។ ទស្សនវិជ្ជា​នេះ​មាន​ន័យ​គ្រប់គ្រាន់​សម្រាប់​ភាគី​កម្ពុជា​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ពិចារណារ៕

ប្រភព៖ http://www.rfi.fr/actukm/articles/110/article_1117.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: