jump to navigation

ជប៉ុន​ជា​ចន្ទល់​អាមេរិកាំង​នៅ​អាស៊ី​និង​ប៉ាស៊ីហ្វីក February 26, 2009

Posted by chandrapong007 in អត្ថបទដកស្រង់​ពី RFI ​ខ្មែរ, Politics.
Tags:
trackback

លោក​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន​ Taro Aso ជា​អ្នក​ដឹក​នាំ​បរទេស​មុន​គេ​បង្អស់​ ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី​អាមេរិកាំង​Barack Obama ទទួល​ឲ្យ​ជួបសន្ទនា​ នៅសេត​វិមាន​ កាល​ពី​ថ្ងៃ​អង្គារ​ ម្សិល​មិញ​។ តាម​រយៈ​ព្រឹត្តិការណ៍​នេះ​ លោក​Obama​ ចង់​បង្ហាញ​ថា​ ទំនាក់​ទំនង​រវាង​ជប៉ុន​និង​អាមេរិក​ នៅ​តែ​ជា​មូលដ្ឋាន​គ្រឹះ​សំខាន់​ជាង​គេ​ នៃ​នយោបាយ​ការ​បរទេស​ របស់​សហរដ្ឋ​អា​មេរិក​។ ក៏​ប៉ុន្តែ​ អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ អាមេរិក​បាន​ចាប់​ផ្តើម​បែក​ចិត្ត​បន្តិច​ម្តងៗ​ ពី​មិត្ត​អាស៊ី​មួយ​នេះ​ ដើម្បី​គិតគូរ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ដោយ​ឲ្យ​តម្លៃ​កាន់​តែ​ខ្លាំង​ ដល់​ទំនាក់​ទំនង​ជា​ឧបតោ​ភាគី​ជា​មួយ​ចិន​ និង​ដោយ​មិន​សូវ​រវល់​ប៉ុន្មាន​ឡើយ​ ពី​មតិ​យោបល់​របស់​ជប៉ុន​ នៅ​ក្នុង​ដំណោះ​ស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​។

នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទី​ក្រុង​Tokyo​ អាក់​អន់​ចិត្ត​ មិន​តិច​ឡើយ​នឹង​ រដ្ឋបាល​អាមេរិកាំង​របស់​លោក​Bush​។ មូល​ហេតុ​ គឺ​បណ្តាល​មក​ពី​ លោក​Bush​ បាន​ដោះ​ស្រាយ​ បញ្ហា​នុយ​ក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​ ដោយ​មិន​គិតគូរ​ទាល់​តែ​សោះ​ដល់​ ប្រយោជន៍​របស់​ជប៉ុន​។ ជាក់​ស្តែង​ ជប៉ុន​បាន​ទាមទារ​ឲ្យ​កូរ៉េ​ខាង​ជើង​និយាយ​បំភ្លឺ​ជុំ​វិញ​ ជោគ​វាសនា​របស់​ជន​ជាតិ​ជប៉ុន​ជា​ច្រើន​នាក់​ ដែល​ត្រូវ​បាន​គិញ​កូរ៉េ​ខាង​ជើង​ ចាប់​យក​ទៅ​បាត់​ នៅ​ក្នុង​ទសវត្សរ៍​ទី​៧០​ និង​៨០​។ ក៏​ប៉ុន្តែ​ អាមេរិក​មិន​ព្រម​គាំ​ទ្រ​ជប៉ុន​ទេ​ នៅ​ត្រង់​ចំណុច​នេះ​។ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទី​ក្រុង​Washington​ក៏​មិន​ពេញ​ចិត្ត​នឹង​ជប៉ុន​ដែរ​ ពី​ព្រោះ​ ថ្នាក់​ដឹក​នាំ​ជប៉ុន​ក្រោយ​សករាជ​គ្រប់​គ្រង​រដ្ឋ​របស់​លោក​Koizumi​ បាន​ងាក​ចេញ​ បន្តិច​ពី​អាមេរិក​ ដើម្បី​សម្រួល​ទំនាក់​ទំនង​ឲ្យ​បាន​ល្អ​ឡើង​វិញ​ជា​មួយ​ចិន​។ ថ្នាក់​ដឹក​នាំ​ជប៉ុន​ ផ្តើម​យល់​ច្បាស់​ថា​ ការ​ខិត​ចូល​កៀក​គ្នា​ខ្លាំង​ពេក​ជា​មួយ​អាមេរិក​ ដូច​ដែល​លោក​ Koizumi​បាន​ធ្វើ​ បណ្តាល​ឲ្យ​ប្រទេស​ខ្លួន​មើល​មុខ​គ្នា​កាន់​តែ​មិន​ចំ​ ជា​មួយ​ចិន​ និង​អាច​ បណ្តាល​ឲ្យ​អស្ថិរភាព​កើត​ឡើង នៅ​អាស៊ី​បូព៌ា​ទៀត​ផង​។

នៅ​ក្នុង​បរិបទ​បែប​នេះ​ ការ​ដែល​លោក​ប្រធានាធិបតី​អាមេរិកាំង​ថ្មី​ Barack Obama បាន​អនុញ្ញាត​ ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​Taro Aso ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​បរទេស​ទី​មួយ​ ចូល​ជួប​លោក​មុន​គេ​នៅ​សេត​វិមាន​ កាល​ពី​ម្សិល​មិញ​  គឺ​ពិត​ជា​ព្រឹត្តិ​ការណ៍​មួយ​មិន​ធម្មតា​ និង​ប្រកប​ទៅ​ដោយ​អត្ថន័យ​នយោបាយ​។ តាម​រយៈ​កាយ​វិការ​បែប​នេះ​ អាមេរិក​របស់​លោក​Obama ចង់​សម្តែង​ប្រាប់​ទី​ក្រុង​Tokyo ឲ្យ​យល់​ថា ជប៉ុន​ នៅ​តែ​ជា​ប្រទេស​មិត្ត​ ធំ​ជាង​គេ​បង្អស់​មួយ​ របស់​ខ្លួន​ និង​ថា​ជប៉ុន​នៅ​តែ​អាច​បន្ត​ពឹង​ពាក់​អាមេរិក​បាន​ត​ទៅ​ទៀត​ ជា​អាទិ៍​នៅ​ចំពោះ​មុខ​ឥទ្ធិពល​ខ្លាំង​ឡើង​ជា​លំដាប់​នៃ​ប្រទេស​ចិន​។ សូម​ជំរាប​ថា​ រហូត​មក​ដល់​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ ទី​ក្រុង​Tokyo​នៅ​មិន​កក់​ក្តៅ​ចិត្ត​ ខ្លាច​អាមេរិក​របស់​លោក​Obama ឲ្យ​អាទិភាព​ ទៅ​លើ​ទំនាក់​ទំនង​ជា​មួយ​ចិន​ ដោយ​បំភ្លេច​ចោល​បណ្តើរៗ ​មិត្តភាព​ជា​មួយ​ជប៉ុន។

ជប៉ុន​និង​អាមេរិក​ជា​មិត្ត​ចិត្ត​មួយ​ថ្លើម​មួយ​

តាំង​ពី​ចប់​សង្គ្រាម​លោក​លើក​ទី​២​មក​ម៉្លេះ​ ជប៉ុន​និង​អាមេរិក​ជា​មិត្ត​ជិត​ស្និទ្ធ​ចាក់​ទឹក​មិន​លិច។ នេះ​មិន​មែន​ជា​ការ​មួយ​ចៃដន្យ​ទេ។ នៅ​ឆ្នាំ​១៩៤៥​ អាមេរិក​ដែល​បាន​វាយ​កំទេច​ ជប៉ុន​ តាម​រយៈ​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​ ទៅ​លើ​Hiroshima និង Nagasaki បែរ​ជា​បាន​ សម្រេច​ចិត្ត​ ជួយ​កសាង​និង​ជួយ​ការពារ​ប្រទេស​នេះ​ទៅ​វិញ​។ នៅ​ក្នុង​ស្មារតី​ថ្នាក់​ដឹក​នាំ​ អាមេរិកាំង​ ជំនាន់​នោះ​ ជប៉ុន​ត្រូវ​តែ​ក្លាយ​ជា​ចន្ទល់​មួយ​ដ៏​មាំ​របស់​អាមេរិក​ នៅ​អាស៊ី ​និង​ប៉ា​ស៊ី​ហ្វិក​។ ពី​ព្រោះ​ គ្រាន់​តែ​ចប់​សង្គ្រាម​លោក​ទី​២​ភ្លាម​ សង្គ្រាម​ត្រជាក់​រវាង​អាមេរិក​និង​សហភាព​សូវៀត​បាន​ផ្តើម​ឡើង​ភ្លែត​ និង ពី​ព្រោះ​ លទ្ធិ​កុម្មុយនិស្ត​ ក៏​បាន​ផ្តើម​លាត​សន្ធឹង​ ទៅ​ដល់​អាស៊ី​ តាម​រយៈ​ការ​បង្កើត​របប​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ នៅ​ឆ្នាំ​១៩៤៩​ ដោយ​Mao Tsé-Toung​។

ក្រោយ​មក​ទៀត​ ជប៉ុន​និង​អាមេរិក​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច ​ចាប់​ពី​ឆ្នាំ​១៩៥០​ទៅ​ ដោយ​សារ​តែ​សង្គ្រាម​កូរ៉េ​។ ម៉្យាង​ ពី​ព្រោះ​សង្គ្រាម​កូរ៉េ​ធ្វើ​ឲ្យ​អាមេរិក​ ត្រូវ​ការ​កាន់​តែ​ខ្លាំង​ ប្រទេស​ជប៉ុន​។ សូម​កុំ​ភ្លេច​ថា​ កាល​សម័យ​នោះ​ អាមេរិក​បាន​ដឹក​មុខ​កង​កម្លាំង​អន្តរ​ជាតិ​មួយ​ ទៅ​ជួយ​រំដោះ​កូរ៉េ​ខាង​ត្បូង​ឲ្យ​រួច​ផុត​ពី​ការ​ឈ្លាន​ពាន​របស់​កូរ៉េ​ខាង​ជើង​ដែល​គាំ​ទ្រ​ ដោយ​សូវៀត​និង​ចិន​។ ម៉្យាង​ទៀត​ ពី​ព្រោះ​សង្គ្រាម​កូរ៉េ​ ក៏​ធ្វើ​ឲ្យ​ជប៉ុន​ យល់​ច្បាស់​ដែរ​ថា​ អាមេរិក​ដែល​បាន​ដាក់​បញ្ឈរ​ជើង​​ទាហាន​៨​ម៉ឺន​នាក់​ នៅ​ជប៉ុន​ និង​ នៅ​កូរ៉េ​ខាង​ត្បូង​ អាច​ជួយ​ការពារ​ប្រទេស​គេ​ ឲ្យ​រួច​ផុត​ពី​ការ​គំរាម​កំហែង​ជា​យ​ថា​ហេតុ​ ពី​សំណាក់​ចិន​និង​សូវៀត​បាន​។

អា​មេរិក​គាំ​ទ្រ​ជប៉ុន​ នៅ​ចំពោះ​មុខ​កូរ៉េ​ខាង​ជើង​

អ្វី​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ ចង់​បាន​ពី​រដ្ឋ​បាល​អាមេរិកាំង​របស់​លោក​Obama គឺ​ការ​ព្រមាន​មួយ​យ៉ាង​ចាស់​ដៃ​ ដល់​របប​កុម្មុយនិស្ត​កូរ៉េ​ខាង​ជើង​។ ត្រង់​នេះ​ កាល​ពី​ ម្សិល​មិញ​ លោក​Obama​ បាន​រំលឹក​ប្រាប់​លោក​Aso​ ជា​ថ្មី​ថា​ ជប៉ុន​ជា​សសរ​ទ្រូង​នៃ​ នយោបាយ​ការ​បរទេស​របស់​អា​មេរិក​ នៅ​អាស៊ី​និង​នៅ​ប៉ាស៊ីហ្វិក​ និង​ថា​ អាមេរិក​ត្រូវ​ការ​ ជប៉ុន​ជា​ចាំ​បាច់​ ដើម្បី​កាត់​បន្ថយ​សកម្មភាព​នុយ​ក្លេអ៊ែរ​ និង​កាំ​ជ្រួច​បាញ់​បាន​ឆ្ងាយ​របស់​ កូរ៉េ​ខាង​ជើង​។ យ៉ាង​ណា​ក៏​ដោយ​ កាល​ពី​សប្តាហ៏​មុន​ លោក​ស្រី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិកាំង​Hillary​ Clinton​ បាន​ដំឡើង​សំឡេង​សម្លុត​របប​កុម្មុយនីស្ត​Pyongyang​ រួច​ហើយ​ថា​ រាល់​ការ​បាញ់​សាក​ល្បង​កាំ​ជ្រួច​Missiles​ ពី​សំណាក់​កូរ៉េ​ខាង​ជើង​ នឹង​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង​ ជា​មួយ​អាមេរិក​។

ចង់​ឬ​មិន​ចង់​ ត​ទៅ​អនាគត​ ជប៉ុន​ប្រហែល​ជា​នឹង​ត្រូវ​តុបតែង​ឡើង​ នូវ​ចក្ខុ​និមិត្តិ​យុទ្ធសាស្ត្រ​មួយ​របស់​ខ្លួន​ ដាច់​ដោយ​ឡែក​ពី​សហរដ្ឋអាមេរិក​។ ជប៉ុន​នឹង​មិន​អាច​ចេះ​តែ​ដើរ​តាម​ អាមេរិក​ អ៊ីចឹង​ត​ទៅ​ទៀត​បាន​ទេ​ ពីព្រោះ​អាមេរិក​ ដែល​ការពារ​មែន​ពិត​ សន្តិ​សុខ​របស់​ជប៉ុន​ មិន​អាច​ឬ​ក៏​មិន​ចង់​ចេញ​មុខ​ការពារ​ផល​ប្រយោជន៍​អ្វី​ផ្សេង​របស់​ជប៉ុន​ ជំនួស​ជប៉ុន​ទេ៕

ប្រភព៖ http://www.rfi.fr/actukm/articles/110/article_1159.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: