jump to navigation

កម្ពុជា​ស្គាល់​ចំណុច​ខ្សោយ​របស់​ថៃ October 23, 2009

Posted by chandrapong007 in Cambodia, Politics.
trackback

ដោយ ប៉ែន បូណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 03/10/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  03/10/2009 12:40 ម៉ោងសកល

ក្រោយ ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ដំឡើង​សំឡេង ​និង​ប្រកាស​ត្រៀម​ត​ទល់​​ជាមួយ​ថៃ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ​កាលពី​ដើម​សប្តាហ៍​មក ​នាយក​រដ្ឋមន្ត្រី​ថៃ​ អាប់ភីស៊ីត​​ វេចាជីវ៉ា​ បាន​ខិតខំ​ទប់​សភាពការណ៍ ​ដោយ​ទទូច​ចង់​ឲ្យ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​​ពីរ​ត្រូវ​ដោះ​ស្រាយ​ជា ​លក្ខណៈ​ទ្វេភាគី។ ​ចំណុច​ត្រង់នេះ​ គេ​អាច​មើល​ឃើញ​កាន់តែ​​ច្បាស់​ថា ​ថៃ​ពិតជា​ខ្លាច​ការ​លើក​បញ្ហា​ព្រំដែន​ទៅ​ដោះ​ស្រាយ​ជា​លក្ខណៈ​អន្តរជាតិ។ តើនេះ​មិន​មែន​ជា​ចំណុច​ខ្សោយ​របស់​ថៃ ​ដែល​កម្ពុជា​ត្រូវ​វាយ​លុក​ទេឬ?

preah-vihear-cambodge-thailande_432

មិនថា​ក្នុង​សឹក​សង្រ្គាម ឬ​ក៏​ក្នុង​នយោបាយ​ការទូត​នោះឡើយ​ ជ័យជំនះ​នឹង​ត្រូវ​ដណ្តើម​​បាន​យ៉ាង​ងាយ ​ប្រសិន​ណាបើ​គេ​ស្គាល់​ចំណុច​ខ្សោយ​របស់​គូសត្រូវរបស់ខ្លួន។ យ៉ាងណា​មិញ​ នៅ​ក្នុង​ទំនាស់​ព្រំដែន​ជាមួយ​ថៃ ​ស្តីពី​បញ្ហា​ព្រះវិហារ​ កម្ពុជា​ពិត​ជា​​យក​ឈ្នះ​ថៃ​បាន​យ៉ាង​ស្រួល​ ពី​ព្រោះ​តែ​កម្ពុជា​បាន​ស្គាល់​ចំណុច​ខ្សោយ​របស់​ថៃ​យ៉ាង​​ច្បាស់​លាស់។

ចំណុច ​ខ្សោយ​របស់​ថៃ​ គឺ​ថៃ​ខ្លាច​បំផុត​ការ​ប្រើ​ប្រាស់​យន្តការ​អន្តរជាតិ​ ដើម្បី​ដោះ​​ស្រាយ​បញ្ហា​ព្រះវិហារ។ ​ខ្លាច​ ដោយ​ហេតុថា​ ប្រទេស​នេះ​នឹង​ត្រូវ​រឹង​ថ្គាម​និយាយ​លែង​​ចេញ​ ប្រៀប​ដូច​មនុស្ស​ត្រូវ​ថ្នាំ​ពុល​ជា​មិន​ខាន ​នៅ​ពេលណា​ ដែល​គេ​លើក​យក​ច្បាប់​​អន្តរជាតិ​មក​និយាយ។​ ជាក់ស្តែង​គ្រាន់​តែ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន ​ប្រកាស ​កាល​​ពី​ដើម​សប្តាហ៍​នេះ​ ថា​ ​ត្រៀម​ខ្លួន​តទល់​ជាមួយ​ថៃ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ​នាយក​រដ្ឋមន្ត្រី​​ថៃ​ស្រៀវ​ឆ្អឹង​ខ្នង​យ៉ាង​ខ្លាំង​ ពីព្រោះ​តែ​កម្ពុជា​បាន​ចុច​ចំ​ចំណុច​ខ្សោយ​របស់​ខ្លួន។

តាមពិត​នរណាៗ ​ក៏​បាន​ស្គាល់​ចំណុច​ជីពច​របស់​ថៃ ​តាំងពី​ដើម​ទី​មក​ម្ល៉េះ​ ប៉ុន្តែ ​​កម្ពុជា​ទំនង​ជា​គ្រាន់​តែ​ចង់​ទុក​ពេល​ឲ្យ​ថៃ​កែ​ខ្លួន​ដោយ​ខ្លួន​ឯង​ ដើម្បី​ទុក​មុខ​មាត់​រាប់​​អាន​គ្នា​ ក្នុង​នាម​អ្នក​ភូមិផង​របង​ជាមួយ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ ​វា​មិនមែន​ងាយ​ស្រួល​ ដូច​​ការ​រំពឹង​ទុក​ឡើយ ​សម្រាប់​មនុស្ស​ ដែល​មាន​ភ្នែក​មិន​ព្រម​មើល​ និង​មាន​ត្រចៀក​មិន​​ព្រម​ស្តាប់ ​ដូច​ជា​ប្រទេស​ថៃ​នេះ។​ ការ​ចុច​ឲ្យ​ចំ​ចំណុច​ខ្សោយ​របស់​ថៃ ​គឺ​ជា​ពេល​វេលា ​​ដែល​មិន​អាច​អូស​បន្លាយ​ទៀត​បាន​ឡើយ។

លោក​ហ៊ុន សែន​នាយក​រដ្ឋមន្រ្តី​ប្រទេស​កម្ពុជា(រូបថត៖ សុវណ្ណារ៉ា)លោក​ហ៊ុន សែន​នាយក​រដ្ឋមន្រ្តី​ប្រទេស​កម្ពុជា
(រូបថត៖ សុវណ្ណារ៉ា)

ងាក ​មក​មើល​សារ​នយោបាយ​ដ៏​គ្រោត​គ្រាត​បំផុត ​ដែល​មេដឹកនាំ​ខ្មែរ​បាន​ផ្ញើ​ទៅ​​កាន់​ទីក្រុង​បាងកក​ កាល​ពីដើម​សប្តាហ៍​នេះ ​មាន​ខ្លឹមសារ​បីយ៉ាង​ គួរ​ឲ្យ​កត់សម្គាល់។ ទី១​ ពីអំណឹះ​តទៅ ​កម្ពុជា​ត្រៀម​ចុង​កាណុង ​សម្រាប់​ទប់​ទល់​ជាមួយ​អ្នក​ឈ្លាន​ពាន។ ទី២ ​ការ​ចរចា​​ទ្វេ​ភាគី​នឹង​មិន​អាច​ទៅរួច​ទៀត​ឡើយ ​ប្រសិន​បើ​ថៃ​នៅ​តែ​យក​ផែនទី​ឯកតោ​ភាគី​របស់​​ខ្លួន​មក​ប្រើ​នៅ​លើ​តុចរចា​ ។ ​ទី៣ ​ពេល​វេលា​ ដែល​កម្ពុជា​ត្រូវ​ប្រើ​ដំណោះ​ស្រាយ​ជា​លក្ខណៈ​អន្តរជាតិ​បាន​មក​ដល់​ហើយ។

សារ ​នយោបាយ​ទាំងបី​នេះ​ ត្រូវ​បាន​កម្ពុជា​បញ្ជូន​ទៅ​ឲ្យ​សមភាគី​របស់​ខ្លួន ​​ពីព្រោះ​ថា ​កម្ពុជា​បាន​ដឹង​ខ្លួន​យ៉ាង​ច្បាស់​ថា ​ខ្លួន​កំពុង​តែ​ក្លាយ​ជា​ចំណាប់​ខ្មាំង​នៃ​នយោ​បាយ​ផ្ទៃ​ក្នុង​របស់​ថៃ។​ កម្ពុជា​ក៏បាន​ដឹង​យ៉ាង​ច្បាស់​ថា ​ការ​ចរចា​ជាមួយ​មនុស្ស​មាន​​ត្រចៀក​មិន​ព្រម​ស្តាប់ ​មាន​ភ្នែក​មិន​ព្រម​មើល​ គឺជា​រឿង​ខាត​ពេល​ឥត​ប្រយោជន៍។

ដូច្នេះ​ តើ​កម្ពុជា​គួរ​បណ្តោយ​ខ្លួន​ ម្តង​ហើយ​ ម្តង​ទៀត ​ដើម្បី​ធ្វើជា​ចំណាប់​ខ្មាំង​របស់​ថៃ ​ឬ​យ៉ាងណា?​សំណួរ​នេះ​អាច​មាន​ន័យ​គ្រប់គ្រាន់​ហើយ​ សម្រាប់​មេដឹកនាំ​ខ្មែរ ​ក្នុង​ការ​​សម្រេច​ចិត្ត​ឈប់​ធ្វើជា​អ្នក​កំដរ​ល្បែង​នយោបាយ​ផ្ទៃ​ក្នុង​ របស់​ថៃ​តទៅ​ទៀត។​ បើ​មិន​​ដូច្នោះ​ទេ ​ដំបៅ​មហារីក​ ស្តីពី​បញ្ហា​ព្រះវិហារ​​ នឹង​កាន់តែ​រាលដាល​ធំឡើង​ នាំ​ឲ្យ​ពិបាក​​ព្យាបាល​ជា​មិនខាន។

រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​ទៅនេះ ​ ថៃ​មិន​ដែល​បាន​ផ្តល់​តម្លៃ​ដល់​នយោបាយ​​អត់ធ្មត់​ និង​សន្តិភាព​និយម​របស់​កម្ពុជា​ម្តង​ណា​ឡើយ។ ​ផ្ទុយ​ទៅវិញ ​ពួកគេ​បាន​ផ្គើន​​ដាក់​កម្ពុជា​វិញ​យ៉ាង​សម្បើម​ដៃ​ទៀតផង។​ ការដុត​យុវជន​ខ្មែរ​ម្នាក់​អាយុ​១៦​ឆ្នាំ​ទាំង​រស់​​ និង​ការ​ផ្តន្ទាទោស​ពលរដ្ឋ​ខ្មែរ​១៦​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ជិត​១០​ឆ្នាំ ​ក្នុង​បទ​ចោទ​ប្រកាន់​​ថា ​បាន​ចូល​ទឹកដី​របស់គេ​ ដើម្បី​កាប់​ឈើ​ដោយ​ខុស​ច្បាប់​ កាលពី​ពេលថ្មី​ៗ​បំផុត​នេះ ​​គឺជា​ឧទាហរណ៍​ដ៏​ជាក់ស្តែង​បំផុត។

ទឡ្ហីករណ៍​ទាំងនេះ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ថា ​ថៃ​នៅតែ​បន្ត​ចង់​បាន​ទឹក​​ដី​ខ្មែរ ​ព្រម​ទាំង​បន្ត​ធ្វើ​បាប​ជន​ជាតិ​ខ្មែរ​មិន​បោះ​បង់​ឡើយ។​ ក្នុង​បរិបទ​នេះ​ កម្ពុជា​ពិត​ជា​​មាន​ហេតុ​ផល​គ្រប់​គ្រាន់ ​ក្នុង​ការ​បញ្ចេញ​ប្រតិកម្ម​ ដោយ​ប្រើ​ភាសា​ធ្ងន់ៗ​ ជំនួស​ភាសា​​ការ​ទូត ​ដែល​ថៃ​មិន​ដែល​ចេះ​ស្តាប់​ឡើយ។

យ៉ាង​ណា​ក៏​ដោយ​ ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​តែរង់​ចាំ​មើល​ថា ​តើ​មេដឹកនាំ​របស់​​ខ្លួន​ពិតជា​អនុវត្ត​ម៉ឺងម៉ាត់​ដូច​ភាសា​និយាយ​ជា​មួយ​ ថៃ​មែន ​ឬក៏​យ៉ាងណា?​ ​វាពិត​ជា​​ដល់​ពេល ​ដែល​កម្ពុជា​ត្រូវ​វាយ​លុក​ចំ​ចំណុច​ខ្សោយ​របស់​ថៃ​ហើយ៕

Source: http://www.rfi.fr/actukm/articles/118/article_3203.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: