jump to navigation

កាសែត​ថៃ​ផ្តោត​លើ​ជម្លោះ​ពាក្យសម្តី​រវាង​នាយក​រដ្ឋមន្រ្តី​ខ្មែរ និង​ថៃ October 26, 2009

Posted by chandrapong007 in Cambodia, Politics.
trackback

ដោយ សេង  ឌីណា

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 24/10/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  24/10/2009 14:06 ម៉ោងសកល

សមាគម ​នៃ​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន បាន​​ចាប់​បើក​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ នៅ​ហួរហ៊ីន ប្រទេស​ថៃ។ ក៏ប៉ុន្តែ ជំនួប​កំពូល​អាស៊ាន​នេះ​បាន​ក្លាយ​ទៅ​ជា​សមរភូមិ​ពាក្យ​សម្តី​រវាង​ នាយករដ្ឋមន្រ្តី​ខ្មែរ និង​ថៃ ទៅវិញ។ ការបោះពាក្យ​សម្តី​ដាក់​គ្នា​រវាង​​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ ត្រូវ​បាន​កាសែត​ថៃ​យក​មក​ចុះ​ផ្សាយ​ព្រោងព្រាត តាំងពី​ម្សិលមិញ រហូត​មក​ទល់​ថ្ងៃ​សៅរ៍នេះ។

“សង្រ្គាម​នៅ​ជំនួបកំពូល” នេះ​គឺ​ជា​ចំណងជើង​ នៅ​លើ​ទំព័រមុខ​នៃ​វែបសៃត៍​របស់​កាសែត​ជា​ភាសា​អង់គ្លេស Bangkok Post។ សង្រ្គាម​ពាក្យ​សម្តី​រវាង​នាយក​រដ្ឋមន្រ្តី​​ខ្មែរ និង​នាយក​រដ្ឋមន្រ្តីថៃ បាន​ផ្ទុះ​ឡើង នៅ​ពេល​ដែល​​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​អាស៊ាន​ទើប​តែ​ចាប់​បើក​ កាល​ពី​ថ្ងៃ​សុក្រ ម្សិលមិញ។ សង្រ្គាម​ពាក្យ​សម្តី​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ គឺ​ផ្តោត​ទៅ​លើ​​អតីត​នាយករដ្ឋមន្រ្តី​ថៃ គឺ​លោក ថាក់ស៊ីន ដែល​ត្រូវ​កងទ័ព​ថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង កាល​ពី​ឆ្នា​២០០៦។

កាសែត Bangkok Post បាន​សរសេរ​រំឭក​ឡើង​វិញ អំពី​ចំណុច​ចាប់​ផ្តើម​នៃ​សង្រ្គាម​ពាក្យ​សម្តី​នេះ គឺ​ចាប់​តាំង​ពី​ទស្សនកិច្ច​របស់​អតីត​នាយករដ្ឋមន្រ្តីថៃ Chawalit Yongchhaiyuth ទៅ​កម្ពុជា ​ដែល​នាយករដ្ឋមន្រ្តី​ខ្មែរ​ប្រកាស​ស្វាគមន៍​ថាក់ស៊ីន​ឲ្យ​មក​ស្នាក់​នៅ​ កម្ពុជា​គ្រប់ពេល។ រដ្ឋាភិបាល​ថៃ​បាន​ព្រមាន​ថា​ ប្រសិន​បើ​ថាក់ស៊ីន​មក​កម្ពុជា ថៃ​នឹង​ទាមទារ​ឲ្យ​កម្ពុជា​​បញ្ជូន​ថាក់ស៊ីន​មកថៃ​វិញ តាម​កិច្ចព្រមព្រៀង​ស្តីពី​បត្យាប័ន​រវាង​ប្រទេស​ទាំងពីរ។ រដ្ឋាភិបាល​កម្ពុជា​បាន​តបមកវិញ​ថា កម្ពុជា​នឹង​មិន​បញ្ជូន​ថាក់ស៊ីន​ទៅថៃ​ទេ ព្រោះ​រឿង​ថាក់ស៊ីន​ គឺ​ជា​រឿង​នយោបាយ។

កាសែត​ជា​ភាសា​អង់គ្លេស​មួយ​ទៀត ឈ្មោះ The Nation បាន​​ផ្តោត​ទៅ​លើ​សេចក្តី​ថ្លែងការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ របស់​នាយករដ្ឋមន្រ្តី​ខ្មែរ កាល​ពី​ម្សិលមិញ នៅ​ពេល​ដែល​លោក​ឈានជើង​ជាន់​ដីថៃ​ភ្លាម គឺ​លោក​បាន​ប្រកាស​ថា​នឹង​តែងតាំង​ថាក់ស៊ីន​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ សេដ្ឋកិច្ច ហើយ​បាន​ចាត់ទុក​ថាក់ស៊ីន​ថា​ ជា​ជនរងគ្រោះ​ផ្នែក​នយោបាយ ដោយ​បាន​ប្រដូច​ថាក់ស៊ីន ទៅ​នឹង​លោកស្រី​អ៊ុង សាន ស៊ូជី នៅ​ភូមា។

កាសែត The Nation ​ក៏​បាន​ចុះផ្សាយ​អំពី​ប្រតិកម្ម​របស់​នាយករដ្ឋមន្រ្តីថៃ​វិញ​ដែរ នៅ​ក្នុង​អត្ថបទ​មួយ​ផ្សេងទៀត ដោយ​ដាក់​ចំណង​ជើង​ថា “នាយក​រដ្ឋមន្រ្តី​ថៃ​ប្រាប់​ទៅ​លោក​ហ៊ុន សែន​ថា កុំ​ឲ្យ​គេ​យក​ធ្វើ​ជា​កូន​អុក”។ ​កាសែត The Nation ​បាន​ដក​ស្រង់​ប្រសាសន៍​របស់​លោក​អាភិស៊ីត​ ដែល​បាន​ថ្លែង​ថា លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន មក​ប្រជុំ​អាស៊ាន គួរ​តែ​ផ្តោត​លើ​​ការ​ប្រជុំ​នេះ ​ជួយ​ឲ្យ​កិច្ចប្រជុំ​អាស៊ាន​បាន​សម្រេច​តាម​គោលដៅ​របស់​ខ្លួន ហើយ​លោក​គួរ​តែ​ចេះ​​ថ្លឹងថ្លែង​រវាង​ផលប្រយោជន៍​ជាតិ​ និង​ផលប្រយោជន៍​បុគ្គល​តែ​មួយ​រូប។

យោង​តាម​កាសែត The Nation លោក​អាភិស៊ីត​ ​ក៏​បាន​រិះគន់​នឹង​ការ​ដែល​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ប្រៀបប្រដូច​លោក​ថាក់ស៊ីន ទៅនឹង​លោកស្រី អ៊ុង សាន ស៊ូជី ផង​ដែរ។

“នៅ ​លើ​ពិភពលោក​នេះ មាន​មនុស្ស​តិចតួច​បំផុត ដែល​យល់​ថា​ ករណី​ថាក់ស៊ីន ដូច​ករណី​អ៊ុង សាន ស៊ូជី។ ខ្ញុំ​មិនដឹង​ថា តើ​លោក​ហ៊ុន សែន បាន​ព័ត៌មាន​មក​ពីណា​ទេ ទើប​យក​ករណី​ទាំងពីរនេះ​មក​ប្រៀប​ប្រដូច​គ្នា” នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក​អាភិស៊ីត ដក​ស្រង់​ដោយ​កាសែត​ Bangkok Post ។

កាសែត ​នេះ ក៏​បាន​ចុះផ្សាយ​ផងដែរ​នូវ​ប្រតិកម្ម​តប​នឹង​ប្រសាសន៍​របស់​លោក​អាភិស៊ីត​​​ នេះ។ ក៏ប៉ុន្តែ ប្រតិកម្ម​នេះ​មិនមែន​មក​ពី​នាយករដ្ឋមន្រ្តី​ខ្មែរ​ទេ គឺ​មក​ពី​​លោក​ថាក់ស៊ីន។ នៅ​ក្នុង​អត្ថបទ​មួយ កាសែត Bangkok Post ដាក់​ចំណង​ជើង​ថា “ថាក់ស៊ីន​ប្រាប់​ឲ្យ​នាយករដ្ឋមន្រ្តី​​ចេះ​គួរ​សម”។ នៅ​លើ​វែបសៃត៍​របស់​លោក លោក​ថាក់ស៊ីន បាន​​បញ្ចេញ​ប្រតិកម្ម​តប​នឹង​លោក​អាភិស៊ីត ដែល​បាន​ព្រមាន​នាយករដ្ឋមន្រ្តី​ខ្មែរ​ថា ប្រសិន​បើ​លោក​​ហ៊ាន​តែងតាំង​ថាក់ស៊ីន​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច លោក​ត្រូវ​តែ​បកស្រាយ​ឲ្យ​បាន​ច្បាស់​លាស់ បើ​មិនដូច្នោះ​ទេ​ទំនាក់ទំនង​រវាង​កម្ពុជា​ និង​ថៃ​ អាច​នឹង​មាន​បញ្ហា។

លោក ​ថាក់ស៊ីន បាន​​ផ្តល់​មេរៀន​មួយ​ដល់​លោក​អាភិស៊ីត​ថា កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ​ទៀត គឺ​​អាច​ទទួល​បាន​តាម​មធ្យោបាយ​ការទូត មិនមែន​តាម​រយៈ​ការ​គំរាម​កំហែង​គេ​នោះទេ៕

Source: http://www.rfi.fr/actukm/articles/118/article_3416.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: