jump to navigation

រដ្ឋាភិបាល ដំឡើង​ពន្ធ​ផ្លូវ និង យក​ពន្ធ​លើ​ដី ផ្ទះ នៅ​ឆ្នាំ​២០១០ November 27, 2009

Posted by chandrapong007 in Cambodia, Social.
trackback

ដោយ លី ម៉េងហួរ

អត្ថបទចុះផ្សាយកាលពីថ្ងៃទី 26/11/2009 កែប្រែលើកចុងក្រោយកាលពីថ្ងៃទី  26/11/2009 12:06 ម៉ោងសកល

រដ្ឋាភិបាល ​កម្ពុជា បាន​កំណត់​ថា នឹង​ដំឡើង​​ការ​យក​ពន្ធ​ផ្លូវ លើ​យាន​យន្ត​យ៉ាង​ខ្ពស់ គួរ​ឲ្យ​ភ្ញាក់ផ្អើល នៅ​ឆ្នាំ​២០១០។ ពោល​គឺ​ឡើង​ពី ២៥ ដុល្លារ ក្នុង​រថយន្ត​មួយ​គ្រឿង ទៅ ៣០០ ដុល្លារ។ ជាមួយ​គ្នា​នោះ រដ្ឋាភិបាល​ក៏​បាន​កំណត់​យក​ពន្ធ​ដី ផ្ទះ អគារ និង សំណង់​នានា​ផង​ដែរ នៅ​ឆ្នាំ​ក្រោយ​នេះ។

ការ​កំណត់​យ៉ាង​ដូច្នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា គូស​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ក្នុង​ច្បាប់​ថវិកា​​ជាតិ​ឆ្នាំ​២០១០។ នោះ​គឺ​ការ​កំណត់​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង យាន​ជំនិះ គ្រប់​ប្រភេទ នៅ​ឆ្នាំ​២០១០ បាន​ចែង​យ៉ាង​ច្បាស់​អំពី​តម្លៃ​ពន្ធ​ផ្លូវ ដោយ​ចែក​ពី​កម្លាំង​ម៉ាស៊ីន។ ពោលគឺ រថយន្ត​មួយ​គ្រឿង​ធ្លាប់​តែ​បង់​ពន្ធ​ផ្លូវ​តែ ២៥ ដុល្លារ នៅ​ឆ្នាំ​នេះ នឹង​ត្រូវ​បង់​ពន្ធ​ផ្លូវ​រហូត​ដល់ ៣០០ ដុល្លារ​នៅ​ឆ្នាំ​២០១០។ ចំណែក​រថយន្ត​ទំនើបៗ ដូចជា Landcruiser ធ្លាប់​តែ​បង់​ពន្ធ ២៥០ ដុល្លារ នៅ​ឆ្នាំ​ក្រោយ​នឹង​ត្រូវ​បង់​ពន្ធ​ផ្លូវ​ទ្វេ​ដង គឺ ៥០០ ដុល្លារ។

នៅក្នុង ​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១០ ក៏​បាន​កំណត់​ពី​ការ​យក​ពន្ធ ០.១ % លើ​អចលន​ទ្រព្យ រួម​មាន៖ ដី​ធ្លី ផ្ទះ អគារ និង សំណង់​ផ្សេងៗ ដែល​មាន​តម្លៃ​លើស​ពី ១០០ លាន​រៀល ស្មើ​ប្រមាណ ២៤០០០ ដុល្លារ​ឡើង​ទៅ។ ក៏​ប៉ុន្តែ ការ​យក​ពន្ធ​លើ​ដី ផ្ទះ អគារ និង​សំណង់​នៅ​ឆ្នាំ​២០១០ ត្រូវ​បាន​លើក​លែង​ចំពោះ​ដី​កសិកម្ម ដី​អគារ​របស់​រដ្ឋាភិបាល អគារ​បម្រើ​សាសនា ឬ សប្បុរសធម៌ និង​ផ្ទះ​ស្នាក់​នៅ​របស់​ប្រជាជន​សាមញ្ញ និង​ផ្ទះ​អ្នក​ការ​ទូត។

ការតម្លើងពន្ធផ្លូវ និង​ការ​កំណត់​យក​ពន្ធ​លើ​ដី​ធ្លី ផ្ទះ​សម្បែង​នេះ មិន​ទាន់​មាន​អត្ថាធិប្បាយ​ពន្យល់​ពី​រដ្ឋាភិបាល​ទេ ដោយ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​គណៈកម្មការ​ជំនាញ​រដ្ឋសភា ដែល​កាន់​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០១០ មិន​អាច​ទាក់​ទង​បាន​ទេ នៅ​មុន​នេះ។

ក៏​ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​ក្នុង​លិខិត​ផ្ញើ​ជូន​រដ្ឋសភា​ថា ការ​តាក់​តែង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ ២០១០ ដែល​មាន​ការ​បង្កើន​ពន្ធ​ផ្លូវ និង ការ​យក​ពន្ធ​លើ​ដី​ផ្ទះ​នេះ រៀបចំ​ឡើង​ក្នុង​បរិការណ៍ នៃ​វិបត្តិ​សេដ្ឋកិច្ច ហើយ​កម្ពុជា ក៏​ជួប​នឹង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ​ដែរ។ ដូច្នេះ​ច្បាប់​ថវិកា​ជាតិ​នេះ ជា​ឧបករណ៍​គោល​នយោបាយ​ដ៏​សំខាន់ សម្រាប់​បន្ត​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ជាតិ។

ចំណែក​លោក​តំណាង​ រាស្ត្រ សុន ឆៃ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​បង្កើន​ចំណាយ​របស់​រដ្ឋាភិបាល តាម​រយៈ​ការ​បន្ថែម​យក​ពន្ធ​លើ​អចលនៈវត្ថុ ដីធ្លី ផ្ទះ និង ពន្ធ​ផ្លូវ នៅ​ឆ្នាំ​ក្រោយ ក្នុង​ពេល​ដែល​ដី​ធ្លី​នៅ​កម្ពុជា ធ្លាក់​តម្លៃ និង​ជីវភាព​ប្រជាជន​ជួប​ការ​លំបាក។

ទោះជាយ៉ាងណា ច្បាប់​ថវិកា​ឆ្នាំ​២០១០ ដែល​មាន​ចំនួន​សរុប​ជាង ២ ពាន់ លាន​ដុល្លារ នឹង​ត្រូវ​រដ្ឋសភា បើក​កិច្ចប្រជុំ អនុម័ត​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៣០ វិច្ឆិកា ឆ្នាំ​២០០៩។ រដ្ឋាភិបាល​បាន​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ និង សន្តិសុខ រហូត​ដល់ ២៧៤ លាន​ដុល្លារ ខណៈ​ដែល​ការ​ចំណាយ​សរុប​លើ​វិស័យ​សង្គមកិច្ច រួមមាន វិស័យ​អប់រំ សុខាភិបាល និង អភិវឌ្ឍន៍​ជនបទ ជាដើម មាន​ចំនួន​ប្រមាណ ៤៤៦ លាន​ដុល្លារ៕

Source: http://www.rfi.fr/actukm/articles/119/article_3760.asp

Comments»

No comments yet — be the first.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: